(ភ្នំពេញ)៖ ក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា នារសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥នេះ បានរៀបចំកិច្ចប្រជុំបូកសរុបសកម្មភាពការងាររបស់គណៈវិស្វករកម្ពុជា ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្តឆ្នាំ២០២៥ ក្រោមអធិបតីភាពលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា។

ក្នុងកិច្ចប្រជុំនេះ ដែលរៀបចំឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោករដ្ឋមន្ត្រី ហេង សួរ បានកោតសរសើរ និងវាយតម្លៃខ្ពស់ដល់គណៈវិស្វករកម្ពុជា ដែលបានខិតខំបំពេញភារកិច្ចរបស់ខ្លួនក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ ប្រកបដោយផ្លែផ្កា និងមានប្រសិទ្ធភាពក្នុងការបណ្តុះបណ្តាលការចុះបញ្ជី និងការផ្សព្វផ្សាយ តាមក្រសួងស្ថាប័ន និងរាជធានីខេត្ត។ គិតត្រឹមឆ្នាំ២០២៤ មានវិស្វករដែលបានចុះបញ្ជីនៅគណៈវិស្វករកម្ពុជាសរុបចំនួន ៨,៨៤៨នាក់ ក្នុងនោះវិស្វករជាតិ ចំនួន៨,៧៣១នាក់ និងចុះបញ្ជីវិស្វករបរទេសចំនួន១១៧នាក់។

ដើម្បីបង្កើនប្រសិទ្ធភាព និងប្រសិទ្ធផលនៃក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា លោក ហេង សួរ បានផ្ដល់នូវអនុសាសន៍សម្រាប់សមាជិក សមាជិកា ក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា ដូចជា៖ ១៖ត្រូវជួយសម្រួលនិងបង្កលក្ខណៈងាយស្រួលជូនថ្នាក់ដឹកនាំដែលមានបទពិសោធន៍ជំនាញវិស្វកម្ម ចូលរួមវាយតម្លៃសម្បទាវិជ្ជាជីវៈវិស្វកម្មដល់បេក្ខជនវិស្វករ អាជីពជាតិ វិស្វករអាស៊ាន និងវិស្វករអាជីពឆ្នើមអាស៊ាន និងជួយជំរុញឱ្យមន្ដ្រី បុគ្គលិកក្រោមឱវាទ ឬពាក់ព័ន្ធការងារវិស្វកម្មក្នុងវិស័យរបស់ខ្លួន ដែលជាវិស្វករ មកចុះបញ្ជីនៅគណៈវិស្វករកម្ពុជា។ ២៖ ជួយគាំទ្រនូវធនធានបច្ចេកទេសដល់ការងារបណ្តុះបណ្តាលបង្កើនសមត្ថភាពប្រតិបត្តិវិជ្ជាជីវៈ (Capacity Building) ដល់វិស្វករចុះបញ្ជីនៅគណៈវិស្វករកម្ពុជាឱ្យស្របទៅតាមការវិវត្តនៃបច្ចេកវិទ្យានាពេលបច្ចុប្បន្ន និងអនាគត។ ៣៖ ចូលរួមសហការក្នុងទំនាក់ទំនងអន្តរជាតិ ជាមួយនឹងស្ថាប័នវិស្វកម្មអាស៊ាន (AFEO), គណៈកម្មការសម្របសម្រួលអាជីពឆ្នើមអាស៊ាន (ACPECC) និងស្ថាប័នសហព័ន្ធវិស្វកម្មអាស៊ី និងប៉ាស៊ីហ្វិក (FEIAP) ដើម្បីសម្រួលចល័តភាពសេវាវិស្វកម្មក្នុងតំបន់។

ទន្ទឹមនេះ លោក ហេង សួរ ក៏បានផ្ដល់នូវអនុសាសន៍សម្រាប់អគ្គលេខាធិការដ្ឋានគណៈវិស្វករកម្ពុជាផងដែរដូចជា៖ ១៖ ត្រូវយកចិត្តទុកដាក់អនុវត្តតួនាទីភារៈកិច្ចរបស់ខ្លួន ដូចជាការត្រួតពិនិត្យវាយតម្លៃចុះបញ្ជី និងផ្តល់គោរមងារជាវិស្វករអាជីពជាតិ វិស្វករអាស៊ាន និងវិស្វករអាជីពឆ្នើមអាស៊ាន ប្រកបដោយគុណវុឌ្ឍិពិសេសគឺ ការនាំយកនូវជំនាញ និងបទពិសោធន៍ល្អៗ ផ្តល់ជូនដល់វិស្វករចុះបញ្ជីក្នុងការបង្កើនសមត្ថភាពប្រតិបត្តិវិជ្ជាជីវៈ ឱ្យកាន់តែប្រសើរស្របតាមតម្រូវការ នៃការអនុវត្តសង្គម។ ២៖ រៀបចំនិងវិសោធនកម្មបទដ្ឋានគតិយុត្តនានាឱ្យស្របតាមគោលការណ៍នៃកិច្ចព្រមព្រៀង ទទួលស្គាល់គ្នាទៅវិញទៅមកលើសេវាវិស្វកម្មក្នុងតំបន់អាស៊ាន (MRAs)។ ៣៖ បន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយនឹងស្ថាប័នវិស្វកម្មអាស៊ាន (AFEO), គណៈកម្មការសម្របសម្រួលអាជីពឆ្នើមអាស៊ាន (ACPECC) និងស្ថាប័នសហព័ន្ធវិស្វកម្មអាស៊ី និងប៉ាស៊ីហ្វិក (FEIAP) ដើម្បីសម្រួលចល័តភាពសេវាវិស្វកម្មក្នុងតំបន់៕