(ព្រះវិហារ)៖ អាជ្ញាធរជាតិព្រះវិហារ បានរៀបចំពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារសម្រាប់ឆ្នាំ២០២៥ នៅទីស្នាក់ការអាជ្ញាធរជាតិព្រះវិហារ នាថ្ងៃទី ២៤ ខែមករា ឆ្នាំ២០២៥ ក្រោមអធីបតីភាពរបស់លោក ហាប់ ទូច រដ្ឋលេខាធិការប្រចាំការ តំណាងលោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
ក្នុងនោះក៏មានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីរបស់អាជ្ញាធរជាតិព្រះវិហារ អភិបាលរងខេត្តព្រះវិហារ លោក លោកស្រី អញ្ជើញមកពីបណ្តាអង្គភាពមន្ទីរជំនាញជុំវិញខេត្ត និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ប្រមាណ១៥០នាក់។
សន្និបាតប្រចាំឆ្នាំរបស់អាជ្ញាធរជាតិព្រះវិហារ គឺជាវេទិកាប្រចាំឆ្នាំដ៏មានសារៈសំខាន់សម្រាប់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃអាជ្ញាធរជាតិព្រះវិហារ ដើម្បីពិនិត្យមើលឡើងវិញនូវការអនុវត្ត និងលទ្ធផលការងារដែលសម្រេចបាននៅឆ្នាំមុន និងស្វែងយល់កាន់តែច្បាស់អំពីចំណុចខ្លាំង ចំណុចខ្វះខាត បញ្ហាប្រឈម និងដំណោះស្រាយនានា សំដៅលើកកម្ពស់ការចូលរួមអនុវត្តឱ្យកាន់តែប្រសើរប្រកប ដោយប្រសិទ្ធភាពខ្ពស់។
អង្គសន្និបាតបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារឆ្នាំ២០២៤ ដែលសម្រេចបានចំនួន២៣៦សកម្មភាព លើផែនការសរុបចំនួន ២៤៧ (ស្នើនឹង៩៦%) សកម្មភាពចំនួន៨ កំពុងអនវុត្តបញ្ចប់ (ស្មើនឹង៣%) និងសកម្មភាពចំនួន៣ មិនបានអនុវត្ត (ស្មើនឹង១%)។
អង្គសន្និបាតបានស្វែងយល់អំពីសមិទ្ធផលការងារសំខាន់ៗ ដែលថ្នាក់ដឹកនាំ មន្ត្រីរាជការ និងពលករគ្រប់ជាន់ថ្នាក់ បានខិតខំប្រឹងប្រែងដើម្បីគ្រប់គ្រង ការពារ អភិរក្ស និងលើកស្ទួយតម្លៃរមណីយដ្ឋានបេតិកភណ្ឌពិភពលោកប្រាសាទព្រះវិហារ និងកោះកេរ តាមរយៈការអភិរក្សនិងជួសជុលប្រាសាទ, ការស្រាវ ជ្រាវ និងចុះបញ្ជីបុរាណដ្ឋាន, ការស្តារហេដ្ឋារចនាសម្ព័ន្ធរូបវន្តបុរាណ ការចូលរួមអភិវឌ្ឍសហគមន៍នៅក្នុងមូលដ្ឋាន, ការអប់រំផ្សព្វផ្សាយតម្លៃបេតិកភណ្ឌដល់យុវជន ជំនាន់ក្រោយ, ការអភិរក្សទេសភាពធម្មជាតិក្នុងរមណីយដ្ឋាន, ការអភិវឌ្ឍទេសចរណ៍, ការសម្របសម្រួលដោះស្រាយបញ្ហាដីធ្លី សំណង់ និងការទប់ស្កាត់បទល្មើសផ្សេងៗជាដើម។
ជាមួយគ្នានេះ អង្គសន្និបាតបានវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផល ដែលបានកើតចេញពីការខិតខំប្រឹងប្រែងរួមគ្នា ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ សាមគ្គីភាព និងកិច្ចសហការ ល្អរបស់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់នៃអាជ្ញាធរជាតិព្រះវិហារ និងការចូលរួមយ៉ាងសកម្មពីដៃគូរពាក់ព័ន្ធ ទាំងអស់ រួមទាំងអាជ្ញាធរខេត្ត ស្រុក ឃុំ ភូមិ មន្ទីរជំនាញពាក់ព័ន្ធ កងកម្លាំងពាក់ព័ន្ធឈរជើងតាមបណ្តោយព្រំដែន កងកម្លាំងយោធា នគរបាលគ្រប់អង្គភាព ក៏ដូចជាដៃគូសហប្រតិបត្តិការទាំងជាតិនិងអន្តរជាតិ៕