(កណ្តាល)៖ លោក គួច ចំរើន អភិបាល ខេត្តកណ្តាល អំពាវនាវដល់បងប្អូនជាអ្នកកាន់កាប់ដី និងអ្នកពាក់ព័ន្ធ ទាំងឡាយ ដែលមានក្បាលដីស្ថិតនៅភូមិចំនួន៩ ក្នុងឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្ដាល សូមអញ្ជើញមកផ្ទៀងផ្ទាត់លើទិន្នន័យនៃឯកសារវិនិច្ឆ័យដែលដាក់បិទផ្សាយ ហើយក្នុងករណីមានការខុសឈ្មោះ អក្ខរាវិរុទ្ធ ទំហំដី បងប្អូនអាចធ្វើការជំទាស់តវ៉ាលើទិន្នន័យដែលមាននៅក្នុង ឯកសារវិនិច្ឆ័យ ដើម្បីធ្វើការកែសម្រួលឱ្យត្រឹមត្រូវឡើងវិញ ដែលមានរយៈពេល ១៥ ថ្ងៃគឺចាប់ពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៥ជាកំណត់ ។
លោកអភិបាលខេត្តការអំពាវនាវបែបនេះ នារសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ ក្នុងពិធីបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ ការចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធចំនួន០៩ភូមិ គឺភូមិទួលលៀប ភូមិសល់ដី ភូមិត្រើយបឹង ភូមិប្របវត្ដ ភូមិទន្លាប់ ភូមិចំការស្លែង ភូមិចំបក់ទន្សាយ ភូមិក្រាំងលាវ និងភូមិត្រពាំងរាំង ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្ដាល ដែលមានចំនួន ៦,៦៨៤ក្បាលដី។
ពិធីនេះក្រោមអធិបតីភាពលោក មាន ច័ន្ទវន្នី អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគររូបយីកម្ម និងសំណង់, លោក រស់ វណ្ណា រដ្ឋលេខាធិការក្រសួងសាធារណរដ្ឋការ និងដឹកជញ្ជូន និងជាអនុប្រធានទី១ ក្រុមការងារចុះមូលដ្ឋានស្រុកអង្គស្នួល, លោក នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាលផងដែរ។
លោកអភិបាលខេត្តកណ្ដាល បន្តថា ការបិទផ្សាយជាសាធារណៈនេះ គឺដើម្បីធានាបាននូវទិន្នន័យអោយមានលក្ខណៈត្រឹមត្រូវស្របច្បាប់ដោយទុកឱកាសឲ្យលោកតា លោកយាយ មា មីង បងប្អូនជាអ្នកកាន់កាប់ដី និងអ្នកពាក់ព័ន្ធ ទាំងឡាយធ្វើការជំទាស់តវ៉ាលើទិន្នន័យដែលមាននៅក្នុង ឯកសារវិនិច្ឆ័យ រួមមានប្លង់សុរិយោដី និងបញ្ជីឈ្មោះអ្នក កាន់កាប់ដី។ ហើយការជំទាស់តវ៉ាអាចធ្វើបានរយៈពេល ១៥ថ្ងៃចាប់ពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៥ ហើយក្នុងរយៈពេល ១៥ថ្ងៃនេះគណៈកម្មការរដ្ឋបាល និងមន្ត្រីសុរិយោដីនឹងនៅប្រចាំការរាល់ថ្ងៃទាំងថ្ងៃឈប់សម្រាក និងថ្ងៃបុណ្យផ្សេងៗ ដើម្បីរង់ចាំពន្យល់ទិន្នន័យទាំងឡាយ ទទួលពាក្យបណ្តឹង ដោះស្រាយការតវ៉ា និងវិវាទផ្សេងៗ តាមការព្រមព្រៀង។ បន្ទាប់ពីលទ្ធផលនៃការបិទផ្សាយរយៈពេល ១៥ថ្ងៃ យើង នឹងទទួលបាននូវទិន្នន័យត្រឹមត្រូវសម្រាប់ការចេញ វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនបងប្អូនប្រជាពលរដ្ឋ។
លោកអភិបាលខេត្តបន្ថែមថា រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់ពាក់ព័ន្ធនឹងវិស័យដីធ្លី និងជម្រុញការងារចុះបញ្ជីដីធ្លីអោយបានចប់សព្វគ្រប់ជូនប្រជាពលរដ្ឋ។
លោកអភិបាលខេត្តបន្ថែមទៀតថា ការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យនៅពេលនេះ គឺសំដៅបំពេញនីតិវិធីឈានដល់ការចេញ ប័ណ្ណកម្មសិទ្ធដីធ្លី ស្របច្បាប់ជូនប្រជាពលរដ្ឋ ដើម្បីលើកកម្ពស់ជីវភាព សុខុមាលភាព និងការកាត់បន្ថយភាពក្រីក្រ ព្រមទាំងរួមចំណែកដល់ការពង្រឹងយុត្តិធម៌ និង ស្ថេរភាពសង្គម គោលនយោបាយ និងយុទ្ធសាស្ត្រនានាដើម្បី អភិវឌ្ឍសមត្ថភាពរបស់ប្រជាកសិករ និងអភិវឌ្ឍវិស័យកសិកម្ម ដោយផ្តោតលើ ការផ្តល់សេវាគាំទ្រនានា ព្រមទាំង គោលនយោបាយ អភិវឌ្ឍជនបទ សំដៅបង្កើតឱកាសឲ្យកាន់តែប្រសើរជូនប្រជាពលរដ្ឋ ក្នុងការបង្កើនចំណូលប្រចាំ គ្រួសារ។ ដូច្នេះ ការបិទផ្សាយនៅពេលនេះគឺពិតជាបានរួមចំណែកជំរុញ និងលើកទឹកចិត្តឲ្យបងប្អូនប្រជាពលរដ្ឋ ខិតខំបង្កើន ផលិតភាព ក៏ដូចជាការវិនិយោគក្នុងវិស័យកសិកម្មឲ្យកាន់តែកើនឡើងថែមទៀត៕