(កំពង់ធំ)៖ លោក សួគ៌ ប៊ុនធង អភិបាលរងស្រុក និងជាអនុប្រធាន ស.ស.យ.ក ស្រុកស្ទោង និងលោក ម៉េង លីនណា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាឃុំប្រឡាយ លោក កៅ សុផុន មេឃុំប្រឡាយ ប៉ុស្តិ៍រដ្ឋបាល និងមេភូមិ បាននាំយកអំណោយមនុស្សធម៌ចែកជូនបងស្រី កៅ ស៊ាមជឺ អាយុ៦៣ឆ្នាំ នៅភូមិអង់ឃ្លាំ ឃុំប្រឡាយ ស្រុកស្ទោង នារសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥។
លោក សួគ៌ ប៊ុនធង បានលើកឡើងថា ដោយមើលឃើញពីទុក្ខលំបាករបស់គ្រួសារលោកពូ ដែលរស់នៅតែឯង ជីវភាពខ្វះខាត ដូចនេះហើយទើប រូបលោក និងក្រុមការងារ ស.ស.យ.ក ឃុំប្រឡាយ ដោយមានកិច្ចសហការពី លោកមេឃុំ លោកនាយរងប៉ុស្តិ៍ លោកមេភមិ នាំយកអំណោយមកផ្ដល់ជូននៅពេលនេះ ដែលជាការចូលរួមបានមួយចំណែក ទោះបីជាអំណោយដែលបានចែកជូននៅពេលនេះមិនគ្រប់តាមតម្រូវការ ក៏ពិតមែនក៏ប៉ុន្តែក្នុងនាមរូបលោកផ្ទាល់ក៏ដូចជាស.ស.យ.ក ស្រុក ឃុំ និងអាជ្ញាធរមូលដ្ឋាននៅតែខិតខំ និងយកចិត្តទុកដាក់ខ្ពស់ដល់គ្រួសារដែលមាន ខ្វះខាត ជានិច្ច។
លោកបានថ្លែងអំណរគុណចំពោះគណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជាឃុំប្រឡាយ ដែលបានផ្ដួចផ្ដើមគំនិតក្នុងការស្វះស្វែងរកអំណោយមនុស្សធម៌ជូនគ្រួសារដែលកំពុងមាការខ្វះខាត ព្រោះអំណោយនិងថវិកាដែលប្រមូលបានជាការរួមចំណែក និងវប្បធម៌នៃការចែករំលែក ជួយគ្នាក្នុងគ្រាក្រ ជួបការលំបាក ហើយលើកទឹកចិត្តឱ្យបងប្អូនរបស់យើងចេះមើលឃើញពីទុក្ខលំបាក។
លោកបានជំរុញដល់បងស្រីត្រូវថែទាំសុខភាពឲ្យបានល្អនិងមានអនាម័យខ្ពស់ និងគ្រួសារផ្សេងទៀតដោយអនុវត្តនៅវិធានការ ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត។
លោកបានជំរុញឲ្យអាជ្ញាធរមូលដ្ឋានពិសេស មេភូមិត្រូវតែតាមដាននៅស្ថានភាពរបស់បងស្រី ឬក៏ក្រុមគ្រួសារដែលជួបទុក្ខលំបាកផ្សេងទៀត ដើម្បីផ្ដល់ព័ត៌មានដល់អាជ្ញាធរឃុំ និងក្រុមការងារ ស ស យ ក ក្នុងការចូលរួមសហការគ្នាស្វែងរកសប្បុរសធម៌ផ្សេងៗទៀតទៅតាមលទ្ធភាពជួយដល់ពួកគាត់ឱ្យបានទាន់ពេលវេលា។
សូមបញ្ជាក់ថាអំណោយដែលបានចែកជូនរួមមានអង្ករ ១បេ ទឹកសុីអុីវ ១យួរ ទឹកត្រី១យួរ ត្រីខ ១យួរ ប្រេងសណ្ដែក ១ដប មី១កេះ ទឹកសុទ្ធ ១០យួរ ថវិកា ១០ម៉ឺនរៀល៕