(ភ្នំពេញ)៖ គណបក្សប្រជាជនកម្ពុជា ក្នុងសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤៥ អាណត្តិទី៥ ដែលធ្វើឡើងរយៈពេល២ថ្ងៃ នៅវិមាន៧មករា បានដាក់ចេញទិសដៅចំនួន៥ នៅក្នុងឆ្នាំ២០២៥នេះ ដើម្បីការពាររាល់សមិទ្ធផលសង្គមជាតិ និងសម្រេចនូវសមិទ្ធផលធំៗថ្មីៗទៀត។

អង្គសន្និបាតបានពិនិត្យ និងពិភាក្សាយ៉ាងស៊ីជម្រៅអំពីបញ្ហាប្រឈមនានាទាំងកត្តាខាងក្នុងទាំងកត្តាខាងក្រៅ ក្នុងដំណើរការកសាង និងការពារមាតុភូមិ ជាពិសេស អង្គសន្និបាតបានពិនិត្យឃើញថា សភាពការណ៍ជាតិនៅតែបន្តជួបការលំបាកជាច្រើន ដែលបណ្តាលមកពីទំនាក់ទំនងរវាងតម្រូវការនៃការលើកកម្ពស់ជីវភាពប្រជាជន និងលទ្ធភាពនៃការផ្គត់ផ្គង់របស់សេដ្ឋកិច្ចជាតិនៅមានកម្រិត, ការលំបាកដែលបណ្តាលមកពីសកម្មភាពប្រទូសរ៉ាយឥតឈប់ឈររបស់ពួកប្រឆាំងជ្រុលនិយម ដែលមានមជ្ឈដ្ឋានអគតិខាងក្រៅមួយចំនួននៅពីក្រោយប៉ុនប៉ងផ្តួលរំលំគណបក្សប្រជាជនកម្ពុជា ដែលកំពុងដឹកនាំរាជរដ្ឋាភិបាលដោយស្របច្បាប់ ហើយព្រមជាមួយនេះ សភាពការណ៍អន្តរជាតិក៏កាន់តែស្មុគស្មាញឡើងៗ។

សេចក្តីប្រកាសលទ្ធផល សន្និបាតគណៈកម្មាធិការកណ្តាល បានឱ្យដឹងថា កត្តាទាំងនេះ បាននិងកំពុងជះឥទ្ធិពលមកលើដំណើរការអនុវត្តគោលនយោបាយរបស់គណបក្សលើគ្រប់ទិដ្ឋភាព ដូចជា៖ បញ្ហាសន្តិភាព និងស្ថិរភាពនយោបាយ, បញ្ហាអធិបតេយ្យជាតិ, បញ្ហាព្រំដែន និងបូរណភាពទឹកដី, បញ្ហាដោះស្រាយជីវភាពប្រជាជន ជាដើម។

ដើម្បីការពាររាល់សមិទ្ធផលសង្គមជាតិ និងសម្រេចនូវសមិទ្ធផលធំៗថ្មីៗទៀត សន្និបាតបានដាក់ចេញទិសដៅសំខាន់ៗនៅក្នុងឆ្នាំ២០២៥គឺ៖

* ពង្រឹងធ្លុងមហាសាមគ្គីជាតិក្រោមដំបូលរដ្ឋធម្មនុញ្ញ និងបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ ការពារ យ៉ាងរឹងមាំនូវឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា។

* ការពារដាច់ខាតនូវសន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខជាតិ មិនឱ្យកម្លាំងអមិត្តណា ឬក្រុមជ្រុល និយមណាមកបង្កកលិយុគបំផ្លាញការអភិវឌ្ឍ និងសេចក្តីសុខរបស់ប្រជាជនកម្ពុជាបានឡើយ។ ក្នុងស្មារតីនេះ បន្តលើកកម្ពស់ការអនុវត្តពាក្យស្លោក “អរគុណសន្តិភាព! អរគុណនយោបាយឈ្នះ ឈ្នះ! ដឹងគុណស្ថាបនិក មគ្គុ ទ្ទេសក៍ឯក និងប្រតិបត្តិករនយោបាយឈ្នះ ឈ្នះ ដែលបាននាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ!»។ បំផុសស្មារតីប្រជាជនទាំងមូលឱ្យយល់ច្បាស់អំពី «គុណតម្លៃនៃសុខសន្តិភាព» ហើយចូលរួមថែរក្សា និងការពារ ឱ្យបានដាច់ខាតនូវ «សុខសន្តិភាព» ដែលជាអាយុជីវិតរបស់ជាតិ និងជាគ្រឹះដ៏មានតម្លៃបំផុតសម្រាប់ការអភិវឌ្ឍ ជាតិ និងភាពសុខសាន្តរបស់ប្រជាជនកម្ពុជា។

* គាំទ្រពេញទំហឹងដល់ការប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដើម្បីធានាការអនុវត្តដោយជោគជ័យនូវកម្មវិធី នយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់ទី១ ដើម្បី កំណើន ការងារ សមធម៌ មានការកែទម្រង់ និងការពង្រឹងអភិបាលកិច្ចជាស្នូល និងមានអាទិភាពគន្លឹះ៥ គឺប្រសិទ្ធភាព និងចីរភាព មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេក សំដៅជំរុញសន្ទុះកំណើនសេដ្ឋកិច្ច ធ្វើឱ្យប្រទេសកម្ពុជាប្រែក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ និងកសាងមូលដ្ឋានឈានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ ២០៥០ ប្រែក្លាយជាប្រទេសមានចំណូលខ្ពស់។ ព្រម ជាមួយនោះ សន្និបាតគាំទ្រយ៉ាងមុតមាំចំពោះវិធានការនានារបស់រាជរដ្ឋាភិបាលក្នុងការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម សំដៅធានាដំណើរការអភិវឌ្ឍន៍ និងការពារកិត្តិយសរបស់កម្ពុជាលើឆាកអន្តរជាតិ។

* បន្តពង្រឹងលទ្ធិប្រជាធិបតេយ្យ លើកស្ទួយសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋតាមគន្លងនីតិរដ្ឋ បង្កើនការ អប់រំ និងការអនុវត្តច្បាប់ ពង្រីកកិច្ចសហប្រតិបត្តិការជាមួយបណ្តាគណបក្សនយោបាយ អង្គការសង្គមស៊ីវិល និង មជ្ឈដ្ឋានចម្រើនជឿនលឿនទាំងអស់ ដើម្បីការពារ សន្តិភាព ជំរុញការអភិវឌ្ឍជាតិ និងពង្រឹងសុខដុមនីយកម្មសង្គម។

* រក្សាស្ថិរភាពក្នុងការរស់នៅ និងសុខុមាលភាពរបស់ប្រជាជនគ្រប់រូបតាមរយៈការថែទាំសុខភាព ការបង្កើន ការងារធ្វើ ការពង្រីកមុខរបរចិញ្ចឹមជីវិត ការបណ្តុះបណ្តាលមុខជំនាញ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការដោះស្រាយ ថ្លៃកសិផល ការពង្រឹងសុវត្ថិភាពភូមិ ឃុំ សង្កាត់ និងជាពិសេសការពង្រឹងប្រព័ន្ធជំនួយសង្គម និងប្រព័ន្ធសន្តិសុខ សង្គម ឱ្យកាន់តែមានវិសាលភាព ប្រសិទ្ធភាព និងធានាចីរភាពខាងហិរញ្ញវត្ថុ ដោយត្រូវយកចិត្តទុកដាក់ជំរុញការ អនុវត្តកម្មវិធីគោលនយោបាយជាអាទិភាពទាំង៦ និងវិធានការគន្លឹះទាំង៥ ព្រមទាំងយុទ្ធសាស្ត្រជាតិអភិវឌ្ឍសេដ្ឋកិច្ច ក្រៅប្រព័ន្ធឆ្នាំ ២០២៣-២០២៨ របស់រាជរដ្ឋាភិបាល៕