(ភ្នំពេញ)៖ អង្គសន្និបាតគណបក្សប្រជាជនកម្ពុជា បានជំរុញឱ្យអនុវត្តយ៉ាងសកម្មនូវទិសដៅគោលនយោបាយការបរទេសសំខាន់ៗចំនួន៤ ក្នុងនោះការអនុវត្តគោលនយោបាយការបរទេសរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ មិនផ្លាស់ប្ដូរផ្សេងពីរាជរដ្ឋាភិបាល នីតិកាលទី៦ ឡើយ ហើយក៏មិនអនុញ្ញាតឱ្យមានការចូលជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជាដាច់ខាត។
ចំណុចលើកឡើងពាក់ព័ន្ធនឹងគោលនយោបាយការបរទេសនេះ ត្រូវបានបញ្ជាក់ក្នុងសេចក្ដីប្រកាសព័ត៌មាន និងសន្និសីទព័ត៌មានស្តីពីលទ្ធផលនៃសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤៥ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា បន្ទាប់ពីប្រព្រឹត្តទៅនៅថ្ងៃទី២៥ និងថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥ នៅវិមាន៧មករា។
សេចក្ដីប្រកាសព័ត៌មានបានឱ្យដឹងថា អង្គមហាសន្និបាតបានជំរុញការអនុវត្តយ៉ាងសកម្មនូវទិសដៅគោលនយោបាយការបរទេសសំខាន់ៗ រួមមាន៖
១៖ ប្រកាន់ខ្ជាប់នូវនយោបាយការបរទេសឯករាជ្យផ្អែកលើច្បាប់អន្តរជាតិ និងផ្អែកលើផលប្រយោជន៍ជាតិ ជាពិសេសគោរពយ៉ាងម៉ឺងម៉ាត់នូវធម្មនុញ្ញអង្គការសហប្រជាតិ និងរដ្ឋធម្មនុញ្ញរបស់ព្រះរាជាណាចក្រកម្ពុជា។
២៖ មិនអនុញ្ញាតឱ្យមានការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជាជាដាច់ខាត និងមិនដោះដូរអធិបតេយ្យរបស់ជាតិជាមួយជំនួយ ឬភាពអនុគ្រោះណាឡើយ។
៣៖ គាំទ្រការសន្ទនា និងការទូតក្នុងការដោះស្រាយជម្លោះដោយសន្តិវិធី ព្រមទាំងប្រកាន់ខ្ជាប់គោលការណ៍ទាំង៣ ក្នុងការចូលរួមក្នុងយុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិកនានា ពោលគឺទី១-ជាយុទ្ធសាស្ត្រដែលគាំទ្រដល់សន្តិភាព និងការអភិវឌ្ឍ, ទី២-មិនប្រើប្រាស់យុទ្ធសាស្ត្រនោះ ដើម្បីប្រឆាំងប្រទេសដទៃ និងទី៣-គាំទ្រដល់មជ្ឈភាពអាស៊ាន និងទស្សនវិស័យឥណ្ឌូប៉ាស៊ីហ្វិក។
៤៖ បន្តគាំទ្រប្រព័ន្ធពហុភាគីដែលបើកចំហ សេរី បរិយាបន្ន យុត្តិធម៌ មានតម្លាភាព និងផ្អែកលើច្បាប់ តាមរយៈការប្រើប្រាស់ឱ្យអស់ពីសក្តានុពលនូវភាពជាសមាជិករបស់កម្ពុជានៅក្នុងអាស៊ាន ក៏ដូចជាក្នុងអង្គការតំបន់ និងអន្តរជាតិដទៃទៀត រួមចំណែកយ៉ាងសកម្មក្នុងបុព្វហេតុសន្តិភាព និងមនុស្សធម៌។
បើតាមការបញ្ជាក់បន្ថែមរបស់ លោក សួស យ៉ារ៉ា អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ក្នុងសន្និសីទសារព័ត៌មាន «ការអនុវត្តគោលនយោបាយ គឺផ្អែកលើច្បាប់ជាធំ ដើម្បីរក្សានូវសង្គតិភាពនៃរាជរដ្ឋាភិបាលអាណត្តិទី៦ និងរាជរដ្ឋាភិបាលអាណត្តិទី៧ គឺគោលនយោបាយការបរទេសរបស់កម្ពុជាមិនផ្លាស់ប្ដូរទេ ហើយក៏មិនអនុញ្ញាតឱ្យមានការចូលជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជាឡើយ»។
សូមជម្រាបថា មហាសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤៥ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា បានប្រព្រឹត្តទៅនៅថ្ងៃទី២៥ និងថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥ ក្រោមអធិបតីភាពសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្ស សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្ស សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្ស សម្តេចពិជ័យសេនា ទៀ បាញ់ អនុប្រធានគណបក្ស សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្ស សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល ព្រមទាំងមានការចូលរួមពីសមាជិក សមាជិកានៃគណៈកម្មាធិការកណ្តាល មន្ត្រីគណបក្សជាសមាជិក សមាជិកានៃរដ្ឋសភា ព្រឹទ្ធសភា រាជរដ្ឋាភិបាល មន្ត្រីជាន់ខ្ពស់ និងតំណាងនៃគណៈកម្មាធិការគណបក្ស ក្រសួង ស្ថាប័ន រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ព្រមទាំងអង្គការយុវជន បណ្តាអង្គការមហាជនរបស់គណបក្ស ដែលមានចំនួនសរុប៣,៥៥៥រូប៕