(ភ្នំពេញ)៖ ពិតជាដំណឹងដ៏ក្ដុកក្ដួល និងសោកសៅ ខណៈដែលកញ្ញា នូ មៈនេត្រអាថាណ្ណា នាយិការងព័ត៌មាន និងជាពិធីការនីព័ត៌មាន CNC បានទទួលមរណភាព នៅវេលាម៉ោង ១១យប់ ថ្ងៃអាទិត្យ ១៣រោច ខែបុស្ស ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥ នៅមន្ទីរពេទ្យនាទីក្រុងបាងកក ប្រទេសថៃ ក្នុងជន្មាយុ ៣៧ឆ្នាំ ដោយរោគាពាធ។
លោក សេត គឹមសឿន ផលិតកររបស់បណ្តាញទូរទស្សន៍ CBS (CTN, MYTV, CNC) និងជាអ្នកនាំពាក្យរបស់សមាគមសិល្បករខ្មែរ បានថ្លែងប្រាប់ Fresh News Plus ឲ្យដឹងថា ជាការពិតកញ្ញា នូ មៈនេត្រអាថាណ្ណា នាយិការងព័ត៌មាន និងជាពិធីការនីព័ត៌មាន CNC បានទទួលមរណភាពហើយ នៅវេលាម៉ោង ១១យប់ ថ្ងៃអាទិត្យ ១៣រោច ខែបុស្ស ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥ នៅមន្ទីរពេទ្យនាទីក្រុងបាងកក ប្រទេសថៃ។
លោកបន្តថាកញ្ញា នូ មៈនេត្រអាថាណ្ណា បានចូលបម្រើការងារនៅក្រុមហ៊ុន CBS នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០០៩ ក្នុងតួនាទីជាពិធីការនីនៃកម្មវិធីព័ត៌មានពេលព្រឹក។ ក្នុងនាមជាពិធីការនីមួយរូប កញ្ញា នូ មៈនេត្រអាថាណ្ណា បានបំពេញការងារយ៉ាងល្អ ទទួលបានការគោរពស្រលាញ់ និងកោតសរសើរពីបុគ្គលិកគ្រប់ផ្នែក ព្រមទាំងបានការគាំទ្រពីសំណាក់ទស្សនិកជនយ៉ាងច្រើន។
លោកចាត់ទុកថា មរណភាពរបស់កញ្ញា នូ មៈនេត្រអាថាណ្ណា គឺជាការបាត់បង់នូវធនធនមនុស្សដ៏សំខាន់សម្រាប់ក្រុមហ៊ុន CBS ហើយក៏ជាការបាត់បង់នូវបញ្ញាវន្តដ៏ឆ្នើមក្នុងវិស័យសារព័ត៌មាន។
ថ្នាក់ដឹកនាំក្រុមហ៊ុន CBS សូមចូលរួមរំលែកមរណទុក្ខ និងក្តីអាឡោះអាល័យបំផុតជាមួយក្រុមគ្រួសារកញ្ញា នូ មៈនេត្រអាថាណ្ណា និងសូមបួងសួង ដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធ ក្នុងលោក និងទេព្តាទាំងមួយម៉ឺនលោកធាតុ សូមជួយពាំនាំដួងវិញ្ញាណក្ខន្ធ កញ្ញា នូ មៈនេត្រអាថាណ្ណា ទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
សូមបញ្ជាក់ថា សពកញ្ញា នូ មៈនេត្រអាថាណ្ណា នឹងដឹកមកដល់ទីក្រុងភ្នំពេញ ប្រទេសកម្ពុជា នៅថ្ងៃអង្គារទី២៨ ខែមករា ឆ្នាំ២០២៥ស្អែកនេះ ហើយនឹងត្រូវតម្កល់ធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា នៅគេហដ្ឋានក្នុងបុរីវិមានភ្នំពេញ ផ្លូវជាសុផារ៉ា (៥៩៨) រាជធានីភ្នំពេញ៕