(បន្ទាយមានជ័យ)៖ លោក អ៊ុយ អាឡិចសង់ កូនបង្កើតរបស់លោក អ៊ុយ វំាងសង់ ជាម្ចាស់ដី ស្ថិតនៅភូមិចន្ទគិរី សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានចេញមកបញ្ជាក់ថា រឿងលោក មាស សាវឿន ចែកដីឱ្យប្រជាពលរដ្ឋ គឺជារឿងបោកប្រាស់។
នៅក្នុងលិខិតបំភ្លឺជាសាធារណៈមួយ លោក អ៊ុយ អាឡិចសង់ បានរំលឹកថា កាលពីអំឡុងឆ្នាំ២០២៤ លោក មាស សាវឿន លោក តេង ចាន់ភារម្យ លោក យឿន ម៉ោះ និងបក្ខពួក បានបំពានយកដីឪពុករបស់លោកក្នុងទំហំជិត ១០ហិកតា និងបានចែកដីឱ្យប្រជាពលរដ្ឋបង្កើត ជារូបភាពចលនាមហាជន។ ការចែកដីដែលមានតម្លៃថ្លៃ (ប្រហែល ៧០ដុល្លារ/១ម៉ែត្រការ៉េ) ឱ្យប្រជាពលរដ្ឋជាង ៣០គ្រួសារ ដោយគ្មានឯកសារសំអាង មិនមែនជាហេតុផលមនុស្សធម៌ទេ។
ក្នុងលិខិតបំភ្លឺបានបន្ថែមថា បន្ទាប់ពីគ្រួសារលោក បានចុះទៅរុះរើសំណង់ខុសច្បាប់ចេញពីទីតាំងដី ឥឡូវនេះក្រុមលោក មាស សាវឿន បានកៀរគរប្រជាពលរដ្ឋជាថ្មីឡើងដល់៦២គ្រួសារ ហើយបានប្តឹងទៅ រដ្ឋបាលខេត្តបន្ទាយមានជ័យ ទាមទារយកដីគ្រួសារលោក ដោយអះអាងថាជាដីដែលលោក មាស សាវឿន ចែកឱ្យ។ កន្លងមក ពួកគេបានឱ្យប្រជាពលរដ្ឋធ្វើខ្ទមមានជញ្ចាំង និងដំបូលបាំងស័ង្កសី (ផ្ទះហោះផ្ទះហើរ) ចំនួន៣លើក ដោយលើកចុងក្រោយនេះ លួចធ្វើផ្ទះហោះផ្ទះហើរទាំងយប់ ក្នុងថ្ងៃសៅរិ៍ ទី២៥ ខែមករា ឆ្នាំ២០២៥។
លោក អ៊ុយ អាឡិចសង់ បានរៀបរាប់ក្នុងលិខិតបំភ្លឺនោះទៀតថា ក្រុមលោក មាស សាវឿន បានធ្វើសកម្មភាពរំលោភយកដីគ្រួសារលោក តាំងពីពាក់កណ្តាលឆ្នាំ២០២៤មកម្ល៉េះ ប៉ុន្តែគ្រួសារលោកមិនបានដឹងទេ ព្រោះក្រុមគ្រួសារលោកទាំងអស់គ្នារស់នៅប្រទេសបារាំង មិនមានអ្នកនៅយាមដីឱ្យទេ។ ដើមឆ្នាំ២០២៤ អាជ្ញាធរ បានធ្វើការវាស់វែងចុះបញ្ជីដីជាប្រព័ន្ធនៅភូមិចន្ទគិរី សង្កាត់ប៉ោយប៉ែត ហើយគ្រួសារលោកមិនបានដឹងទេ ព្រោះមិនធ្លាប់ទាក់ទងអាជ្ញាធរ ហើយអាជ្ញាធរក៏មិនស្គាល់អាសយដ្ឋានដែរ។
ប្រហែលជាហេតុមិនឃើញមានម្ចាស់ដីទៅផ្តល់ព័ត៌មានចុះបញ្ជីដីជាប្រព័ន្ធ ទើបលោក មាស សាវឿន សហការជាមួយលោក តេង ចាន់ភារម្យ លោក យឿន ម៉ោះ និងបក្ខពួក ឆ្លៀតឱកាសទៅយកដីជិត១០ហិកតា ហើយបង្កើតរូបភាពធ្វើជាចិត្តល្អ ចែកដីឱ្យប្រជាពលរដ្ឋ និងបានធ្វើផ្ទះហោះផ្ទះហើរលើដីជាង៣ហិកតា ក្នុងបំណងយកប្រជាពលរដ្ឋជាខែលការពារក្នុងទម្រង់មហាជន។
ខាងក្រោមនេះ ជាសេចក្តីបំភ្លឺរបស់លោក អ៊ុយ អាឡិចសង់៖