(កណ្ដាល)៖ នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤ ទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) អមដំណើរដោយថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃ គ.ស.ម.ក. បានចុះទៅសួរសុខទុក្ខ សំណេះសំណាល និងនាំយកថវិកា ព្រមទាំងគ្រឿងឧបភោគបរិភោគមួយចំនួនទៅជូនអង្គការការអភិវឌ្ឍកុមារកម្ពុជា ដែលមានទីតាំងក្នុងភូមិព្រែកត្រែង សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្ដាល។
ថវិកាយកទៅប្រគល់ជូននេះបានមកពីសប្បុរសជនដែលបានចូលរួមឧបត្ថម្ភ និងបានចូលរួមរត់ក្នុងកម្មវិធីរត់ពាក់កណ្តាលម៉ារ៉ាតុងដើម្បីសប្បុរសធម៌ និងអបអរសាទរទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ធ្នូ ខួបលើកទី៧៦ កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤ នៅខេត្តបាត់ដំបង។
សូមបញ្ជាក់ថានេះជាលើកទី១៦ហើយ ដែល គ.ស.ម.ក. បាននាំយកថវិកា និងគ្រឿងឧបភោគបរិភោគទៅប្រគល់ជូនអង្គការនេះ ដែលជាការរួមចំណែកមួយក្នុងការជួយសម្រាលបន្ទុករបស់អង្គការផង ហើយក៏ក្នុងន័យជួយធានាឱ្យកុមារដែលរស់នៅទីនោះមានឱកាសកាន់តែល្អប្រសើរឡើងក្នុងការទទួលបានប្រកបដោយសមភាព និងសមធម៌នូវសិទ្ធិសេរីភាពជាមូលដ្ឋានផ្សេងៗ ជាពិសេសសិទ្ធិសុខភាព និងសិទ្ធិទទួលបានការអប់រំ ជាដើម។
សូមបញ្ជាក់ថា ក្នុងចំណោមកុមារដែលរស់នៅក្នុងអង្គការនេះ មានកុមារមួយចំនួន ដែល គ.ស.ម.ក. បានសម្របសម្រួលយកចេញពីពន្ធនាគារដោយមានការឯកភាពពីម្ដាយរបស់ពួកគេ ដើម្បីឱ្យពួកគេមានលទ្ធភាពទទួលបានសិទ្ធិជាមូលដ្ឋានរបស់ខ្លួនដូចកុមារផ្សេងៗទៀតដែរ។ ទន្ទឹមនឹងនេះ គ.ស.ម.ក. ក៏តែងតែសម្របសម្រួលជាមួយអាជ្ញាធរមានសមត្ថកិច្ច ក្នុងការនាំយកកុមារទាំងនោះទៅជួបជុំជាមួយម្ដាយពួកគេ ដែលជាទូទៅបីខែជួបម្តង និងបានស្នាក់នៅជាមួយម្ដាយបីយប់បួនថ្ងៃក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរផងដែរ។
នៅក្នុងឱកាសនោះ ក្រៅពីការសួរសុខទុក្ខ, ទេសរដ្ឋមន្រ្តី កែវ រ៉េមី បានផ្ដាំផ្ញើឱ្យកូនៗទាំងអស់ត្រូវចេះស្ដាប់ដំបូន្មាន ចេះថែទាំសុខភាព និងខិតខំសិក្សារៀនសូត្រ ដើម្បីរៀបចំដំណើរជីវិតរបស់ខ្លួនឱ្យបានល្អប្រសើរ និងក្លាយជាពលរដ្ឋល្អក្នុងសង្គម ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលតែងតែបើក និងផ្ដល់ឱកាសឱ្យប្រជាជនទាំងអស់ ក្នុងការកសាង និងអភិវឌ្ឍន៍ខ្លួនដោយស្មើៗគ្នានិងដោយគ្មានការរើសអើង។
បន្ថែមលើនេះ ទេសរដ្ឋមន្រ្តី ក៏បានស្នើឱ្យគណៈគ្រប់គ្រង និងបុគ្គលិកនៅក្នុងអង្គការបន្ដយកចិត្តទុកដាក់ថែទាំកុមារទាំងអស់ឱ្យបានល្អ និងត្រូវជៀសវាងដាច់ខាតនូវការប្រព្រឹត្តអំពើបំពានណាមួយទៅលើសិទ្ធិរបស់ពួកគេ ដើម្បីជាការរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការកសាងមូលធនមនុស្ស ដែលជាសសរស្ដម្ភនៃការកសាង និងអភិវឌ្ឍន៍ជាតិ។
ជាចុងក្រោយ ទេសរដ្ឋមន្រ្តី កែវ រ៉េមី បានបញ្ជាក់ជាថ្មីថា នឹងបន្ដខិតខំស្វះស្វែងកៀរគរប្រមូលមូលនិធិពីសប្បុរសជននានា ដើម្បីជួយដល់អង្គការនេះបន្តទៀត លោលក៏បានអំពាវនាវដល់សប្បុរសជនទាំងអស់ឱ្យចូលរួមឧបត្ថម្ភគាំទ្រដល់អង្គការនេះ ដែលជាកាយវិការមួយបង្ហាញនូវវប្បធម៌ចែករំលែក ស្មារតី មនុស្សធម៌ និងការលើកកម្ពស់សិទ្ធិកុមារ។
ទន្ទឹមនឹងនេះ ទេសរដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណដល់ថា្នក់ដឹកនាំ និងសប្បុរសជនទាំងអស់ ហើយលោកក៏មានជំនឿយ៉ាងមុតមាំថា ថា្នក់ដឹកនាំ និងសប្បុរសជនទាំងអស់នឹងបន្ដគាំទ្រនិងគាំទ្រកាន់តែខ្លាំងឡើង ក្នុងករណី គ.ស.ម.ក. រៀបចំកម្មវិធីសប្បុរសធម៌ផ្សេងៗទៀតនាពេលខាងមុខ ដើម្បីប្រមូលថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផា អង្គការមនុស្សចាស់ និងអង្គការកុមារកំព្រាជាដើម៕