(ភ្នំពេញ)៖ គម្រោងសាងសង់ស្ពានអាកាសភ្លោះ«សម្តេចមហាបវរធិបតី» មានបណ្ដោយស្ពានសរុប ៦២២ម៉ែត្រ, បណ្ដោយតួស្ពាន ២៨១ម៉ែត្រ, ផ្លូវតភ្ជាប់ក្បាលស្ពានទៅមក ខាងមហាវិថីសម្តេចតេជោ ហ៊ុន សែន ប្រវែង ១៨០ម៉ែត្រ, ផ្លូវតភ្ជាប់ក្បាលស្ពានទៅមកខាងព្រលានយន្តហោះ អន្តរជាតិតេជោ ១៦១ម៉ែត្រ គិតត្រឹមថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥ វឌ្ឍនភាពនៃដំណើរការសាងសង់ស្ពានអាកាសភ្លោះនេះ សម្រេចបានប្រមាណ ៤៥%ហើយ ដោយគ្រោងនឹងបញ្ចប់ស្ពានទី១ (មហាវិថីសម្តេច ហ៊ុន សែន ទៅព្រលានតេជោ) នៅមុនខែមេសា ឆ្នាំ២០២៥ និងបញ្ចប់គម្រោងទាំងមូលនៅខែមិថុនាឆ្នាំ២០២៥។
សូមបញ្ជាក់ថា ស្ពានអាកាសភ្លោះនេះ គឺជាស្ពានអាកាសទី១ ដែលត្រូវបានបើកការដ្ឋានស្ថាបនាក្នុងអាណត្តិរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្ដេចធិបតីនាយករដ្ឋមន្ត្រី។
ស្ពានអាកាសភ្លោះនេះ សាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) ដោយគ្រោងប្រើរយៈពេលសាងសង់ចំនួន ១២ខែ និងត្រូវចំណាយថវិកាចំនួន ១៦,២០០,៥០០ដុល្លារ ជាកញ្ចប់ថវិកាបានមកពីការបង្វែរកញ្ចប់ថវិកាពីគម្រោងសាងសង់ស្ពានអាកាស គង់ សំអុល និងមូលនិធិអភិវឌ្ឍកោះនរា។ ស្ពាននេះនឹងក្លាយជាស្ពានអាកាសទី៨ ក្រោមកិច្ចសហប្រតិបត្តិការរវាងរដ្ឋបាលរាជធានីភ្នំពេញ និងវិស័យឯកជន ស្របតាមអនុសាសន៍ និងចំណាត់ការដ៏ម៉ឹងម៉ាត់ក្នងការស្ថាបនា ហេដ្ឋារចនាសម្ព័ន្ធ ដែលដាក់ចេញដោយសម្ដេចតេជោ ហ៊ុន សែន គឺ «ការយកទីក្រុងចិញ្ចឹមទីក្រុង ឬ យកស្លឹកត្នោតខ្ចប់ស្ករត្នោត»។
គម្រោងសាងសង់ស្ពានអាកាសនេះ សាងសង់ស្ពានអាកាសភ្លោះជាផ្លូវឯកទិស ដោយស្ពានទី១ មានទិសដៅតាមបណ្ដោយមហាវិថីសម្ដេចតេជោ ហ៊ុន សែន ឆ្លងកាត់ផ្លូវជាតិលេខ២ ឆ្ពោះទៅកាន់អាកាសយានដ្ឋានអន្តរជាតិតេជោ និងស្ពានទី២ មានទិសដៅពីអាកាសយានដ្ឋានអន្តរជាតិតេជោ ឆ្លងកាត់ផ្លូវជាតិលេខ២ ឆ្ពោះតាមបណ្ដោយមហាវិថី សម្តេចតេជោ ហ៊ុន សែន វិញ។
ក្នុងនោះស្ពាននីមួយៗ មានទទឹងតួស្ពានទំហំ ៩,៥ម៉ែត្រ បណ្តោយតួស្ពានប្រវែង ២៨១ម៉ែត្រ និងស្ថាបនាផ្លូវតភ្ជាប់ក្បាលស្ពានផ្នែកខាងជើងប្រវែង ១៨០ម៉ែត្រ និងផ្នែកខាងត្បូងប្រវែង ១៦១ម៉ែត្រ សរុបបណ្ដោយស្ពានមានប្រវែង ៦២២ម៉ែត្រ ហើយគន្លងផ្លូវរត់របស់តួស្ពាននីមួយៗ មានចំនួន ៣គន្លង (ទំហំ ៣,២៥ ម៉ែត្រ + ៣,២៥ ម៉ែត្រ + ២ ម៉ែត្រ) សម្រាប់ចរាចរឯកទិស។
ក្រៅពីសំណង់តួស្ពាន និងផ្លូវតភ្ជាប់ក្បាលស្ពានហើយនោះ គម្រោងស្ពានអាកាសភ្លោះនេះ ក៏នៅមានការសាងសង់ហេដ្ឋារចនាសម្ព័ន្ធមួយចំនួន ដែលត្រូវបំពាក់ភ្ជាប់ក្នុងគម្រោងរួមមានការបំពាក់បង្គោលភ្លើងបំភ្លឺផ្លូវ, ការដាក់ស្លាកសញ្ញាចរាចរ, ការលាបគំនូសចរាចរ,ការរៀបចំបណ្តាញលូអមសងខាងផ្លូវ, ការកែសម្រួលចិញ្ចើមផ្លូវក្នុងតំបន់ការដ្ឋាន ការដាំដើមឈើ-ដើមផ្កាលម្អ និង ការរៀបចំរចនាជាសួនច្បារបៃតង មានគម្លាត ៩ម៉ែត្រ រវាងប្រឡោះស្ពានទី១ និងស្ពានទី២បន្ថែមទៀត៕