(ភ្នំពេញ)៖ លោក សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានស្នើឱ្យដាក់បញ្ចូលបញ្ហាសារធាតុអាបេស្តូស (Asbestos) នៅក្នុងក្របខ័ណ្ឌគោលនយោបាយគ្រឿងបង្គុំសំណង់ ដើម្បីជៀសវាងការបង្កហានិភ័យប៉ះពាល់ដល់សុខភាពសាធារណៈ និងរក្សាបាននូវឧត្តមប្រយោជន៍សម្រាប់ឧស្សាហកម្មសំណង់នៅកម្ពុជា។

ការថ្លែងបែបនេះបានធ្វើឡើងនាឱកាសដែលលោកឧបនាយករដ្ឋមន្រ្តី អញ្ជើញចូលរួមក្នុងសិក្ខាសាលាពិគ្រោះយោបល់ ពាក់ព័ន្ធនឹងហានិភ័យនៃការប្រើប្រាស់សារធាតុអាបេស្តូសក្នុងវិស័យសំណង់ ដែលបានធ្វើឡើងនៅទីស្ដីការក្រសួងនាព្រឹកថ្ងៃទី២៧ ខែមករាឆ្នាំ២០២៥។

ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានមានប្រសាសន៍ថា នេះគឺជាពេលវេលាដែលយើងចាប់ផ្ដើមបើកទំព័រថ្មីមួយទៀតសម្រាប់វិស័យសំណង់ ហើយជាពេលវេលាដែលយើងត្រូវសម្រេចចិត្តដោយខ្លួនឯងក្នុងការកំណត់ជោគវាសនាអនាគតរបស់ខ្លួន។

លោកឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា សារធាតុអាបេស្តូស គឺជាប្រភេទគ្រឿងបង្គុំសំណង់មួយ ដែលត្រូវបានប្រើប្រាស់នៅក្នុងប្រទេសកម្ពុជានាពេលកន្លងមក រហូតមកដល់បច្ចុប្បន្ន ដោយសារតែយើងមិនបានដឹងអំពីហានិភ័យនៃការប្រើប្រាស់សារធាតុនេះ។ លោកបានបន្តថា ដូច្នេះយើងត្រូវមានគោលនយោបាយគ្រប់គ្រាន់ ពាក់ព័ន្ធនឹងការប្រើប្រាស់សារធាតុអាបេស្តូសនេះ។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រី បានឲ្យដឹងថា កម្ពុជាបានឈានមកដល់ចំណុចមួយ អនុញ្ញាតឲ្យកម្ពុជាមានជម្រើសក្នុងការប្រើប្រាស់គ្រឿងបង្គុំសំណង់។

លោកជំរុញឱ្យយក អាសបេស្តុស (Asbestos)នេះ មកជជែកពិភាក្សា ដើម្បីបន្ថែមការយល់ដឹងកាន់ តែច្បាស់អំពីអត្ថប្រយោជន៍ និងផលប៉ះពាល់របស់សារធាតុនេះ ដែលជាធាតុផ្សំនៅក្នុងសម្ភារសំណង់សំខាន់ៗជាច្រើន ដូចជា សម្ភារដំបូល សម្ភារធ្វើពីអ៉ីសូឡង់ សម្ភារធ្វើពីកម្រាល ផលិតផលការពារភ្លើងនិងធន់នឹងកម្តៅ វាយនភ័ណ្ឌ និងសម្ភារផ្សេងៗទៀត ក្នុងចំណោមគ្រឿងបង្គុំសំណង់ជាច្រើននៅកម្ពុជា។

តាមរយៈការសិក្សា អាសបេស្តូស (Asbestos) មានប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពសាធារណៈ ពិសេសសុខភាពផ្លូវដង្ហើម សួត ជាដើម នៅពេលដែលមានការបំបែកទ្រង់ទ្រាយដូចជា ការកាត់ ពុះជ្រៀក រុះរើ ការពុកផុយ។ បណ្តាប្រទេសជាច្រើន បានចាត់វិធានការទប់ស្កាត់ ការប្រើប្រាស់សារធាតុនេះទាំងស្រុង ដូចជាប្រទេសអូស្ត្រាលី ប្រេស៊ីល កាណាដា អេហ្ស៊ីប ជប៉ុន កូរ៉េ ន័រវ៉េ សឹង្ហបុរី ជាដើម ក្នុងនោះ ក៏នៅមានបណ្តាប្រទេសមួយចំនួនកំពុងបន្តប្រើប្រាស់សារធាតុនេះ ដោយប្រើប្រាស់យន្តការបទប្បញ្ញត្តិ និងបទដ្ឋានក្នុងការគ្រប់គ្រងការប្រើប្រាស់ ដែលយើងអាចធ្វើការសិក្សាដកយកបទពិសោធន៍បាន។

បើតាមលោកឧបនាយករដ្ឋមន្ត្រី, សិក្ខាសិលានេះ គឺជាវេទិកាសម្រាប់សិក្ខាកាមទាំងអស់ រួមគ្នាសម្រេចចិត្តឱ្យបានត្រឹមត្រូវ ដែលនេះជាការទទួលខុសត្រូវចំពោះជាតិកម្ពុជាទាំងមូល និងចូលរួមផ្ដល់មតិយោបល់ថាតើយើងគួរកំណត់ការប្រើប្រាស់សារធាតុអាបេស្តូសក្នុងកម្រិតណាមួយនិងមានលក្ខខណ្ឌណាមួយដើម្បីទប់ស្កាត់ការបង្កហានិភ័យដល់សុខភាពប្រជាជនកម្ពុជា ឬត្រូវហាមប្រាមមិនឱ្យប្រើប្រាស់សារធាតុអាបេស្តូសនេះក្នុងវិស័យសំណង់នៅកម្ពុជា។

លោក បានបន្តថា ដូច្នេះ តាមរយៈសិក្ខាសាលាពិគ្រោះយោបល់ក្នុងថ្ងៃនេះ គឺយើងនឹងដកស្រង់បទពិសោធន៍ពីបណ្តាប្រទេសនានា ដើម្បីពិគ្រោះយោបល់ ពិភាក្សា វែកញែក បញ្ហាប្រឈមទាំងអស់ឲ្យបានល្អិតល្អន់ ដើម្បីផ្តល់ជម្រើសជូនប្រជាជនកម្ពុជា និងឈានដល់ការឯកភាពជារួមមួយ ថាគួរនៅបន្តប្រើអាសបេស្តុស (Asbestos) នេះតទៅទៀត ឫក៏ត្រូវកម្រិតលក្ខខណ្ឌនៃការប្រើប្រាស់បែបណា ឬក៏បង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះការបន្តប្រើប្រាស់ ស្របតាមបទដ្ឋានគ្រប់គ្រង ប្រកប ដោយភាពម្ចាស់ការ ដែលបុព្វហេតុជារួម គឺដើម្បីជាឧត្តមប្រយោជន៍ ដល់ឧស្សហកម្មគ្រឿងបង្គុំសំណង់របស់យើង ក៏ដូចជាប្រជាជនកម្ពុជាគ្រប់ៗ​រូប៕