(ភ្នំពេញ)៖ លោក ពុយ គា ប្រធានក្លឹបអ្នកកាសែតកម្ពុជា និងជាអ្នកសរសេរសៀវភៅអាថ៌កំបាំងក្រៅឆាក បានឱ្យដឹងថា តាមការអង្កេតរបស់លោក ការសម្រេចរបស់លោក អានវ៉ា អ៊ីប្រាហ៊ីម តែងតាំងសម្ដេចតេជោ ហ៊ុន សែន និងលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ជាទីប្រឹក្សាព្រោះតែមេដឹកនាំទាំង២ សុទ្ធតែជាអ្នកជំនាញដោះស្រាយបញ្ហានយោបាយ ដោះស្រាយជម្លោះ និងមានជំនាញទំនាក់ទំនងអន្តរជាតិយ៉ាងស្ទាត់ជំនាញ។ ការថ្លែងបែបនេះរបស់លោក ពុយ គា បានធ្វើឡើងនៅក្នុងកិច្ចពិភាក្សារបស់កម្មវិធី Fresh Talk ដែលបានធ្វើឡើងនាថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ។

លោក ពុយ គា បានបញ្ជាក់ថា៖ «ដោយសារតែលោក អានវ៉ា ជានាយករដ្ឋមន្រ្តីដែលកើតចេញពីបក្សប្រឆាំងដូច្នេះលោកហាក់ដូចជាចង់បង្ហាញឱ្យគេឃើញថាលោកមានសមត្ថភាពក្នុងការសម្របសម្រួលកិច្ចការងារលំបាកៗដែលមាននៅក្នុងអាស៊ាន ដោយផ្តោតលើការដោះស្រាយនូវបញ្ហាដែលអាស៊ានមានដូចជាបញ្ហាមីយ៉ាន់ម៉ា និងចិន នៅក្នុងឆ្នាំ២០២៥នេះ»។

លោកបានបន្តថា នេះគឺជាភាពឆ្លាតវៃរបស់លោកនាយករដ្ឋមន្រ្តីម៉ាឡេស៊ីរូបនេះ ដេលជ្រើសរើសអតីតងនាយករដ្ឋមន្រ្តីទាំង២រូបមកធ្វើជាទីប្រឹក្សាដោយនៅក្នុងនោះ លោល ថាក់ស៊ីន ដោយសារថៃក៏ជាប្រទេសមួយមានបំណងចង់ឱ្យវិបត្តិនៅភូមាឆាប់បានបញ្ចប់ និងមានទំនាក់ទំនងល្អជាមួយចិនស្រាប់។ ខណៈសម្ដេចតេជោ ហ៊ុន សែន គឺជាមេដឹកនាំមួយរូបដែលបានឆ្លងកាត់បញ្ហាអាស៊ានយូរជាងគេ លើកលែងតែជាមួយស្ដេច ស៊ុលតង់ ព្រុយណេមួយរូបតែប៉ុណ្ណោះ ហើយព្រមជាមួយគ្នានេះក៏ព្រោះតែសម្ដេចតេជោ មានទំនាក់ទំនងល្អជាមួយប្រប្រទេសចិនផងដែរ។

ជាបន្តដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជន ទស្សនាកិច្ចពិភាក្សាបន្តដូចតទៅ៖