(កំពង់ធំ)៖ លោក ថាំង វីយុទ្ធដា ប្រធាននាយកដ្ឋានវិស្វកម្ម នៃក្រសួងធនធានទឹក និងឧតុនិយម បានចុះអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវប្រាំង ដែលប្រឈមការខ្វះខាតទឹកស្រោចស្រព ស្ថិតក្នុងឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥។

លោកបញ្ជាក់ថា ការងារអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវប្រាំង ក្នុងឃុំបន្ទាយស្ទោងមានចំនួន២កន្លែង ដោយប្រើប្រាស់ម៉ាស៊ីនបូមទឹកចំនួន ២គ្រឿង និងអេស្កាវាទ័រចំនួន ១គ្រឿង និងបានអនុវត្តចាប់តាំងពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥កន្លងមក ដោយចែកចេញជា ២ជំហាន គឺនៅជំហានទី១ ក្រុមការងារបានអន្តរាគមន៍បូមទឹកសង្គ្រោះសូ្រវប្រាំងជាបឋមសម្រេចបាន ២ភូមិ គឺភូមិស្រោមដែក និងភូមិបន្ទាយស្ទោង ស្មើនឹងផ្ទៃដី ១៣៩.៥ហិកតា។

លោកបញ្ជាក់ពីការយកចិត្តទុកដាក់គិតគូរ ដោះស្រាយនូវបញ្ហាចំពោះមុខរបស់បងប្អូនប្រជាពលរដ្ឋ ពីសំណាក់ប្រមុខរាជរដ្ឋាភិបាល គឺសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំក្រសួងធនធានទឹក និងឧតុនិយម និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ព្រមទាំងបានសំណូមពរបងប្អូនប្រជាពលរដ្ឋក្នុងភូមិត្រូវមានកិច្ចសហការគ្នាខ្ពស់ក្នុងបែងចែកពេលវេលា ឬដាក់វេនគ្នា ដើម្បីធ្វើការបូមទឹកបញ្ចូលស្រែ។

លោកបានណែនាំដល់អាជ្ញាធរភូមិ ឃុំត្រូវធ្វើការតាមដានយកចិត្តទុកដាក់ និងរាយការណ៍ជាបន្ទាន់រាល់ការខ្វះខាតទឹកស្រោចស្រពស្រែស្រូវកសិករ នៅក្នុងមូលដ្ឋានរបស់ខ្លួនដល់ក្រុមការងារ ដើម្បីបានជួយសង្គ្រោះទាន់ពេលវេលា។

លោក​បានបញ្ជាក់ថា ការបូមទឹកសង្គ្រោះស្រូវប្រាំងក្នុងឃុំបន្ទាយស្ទោងនេះមានចំនួន៣៨៥ហិកតា ដែលសរុបប្រជាពលរដ្ឋចំនួន ៥០១គ្រួសារ ក្នុងភូមិចំនួន១០៕