(ភ្នំពេញ)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានស្នើដល់លោក Mohammed Al Qassim នាយកគ្រប់គ្រងប្រចាំប្រទេសកម្ពុជារបស់ក្រុមហ៊ុនអាកាសចរណ៍ Emirates បង្កើនជើងហោះហើរត្រង់បន្ថែមទៀតក្រៅពីភ្នំពេញ មានសៀមរាប និងព្រះសីហនុ និងស្នើជួយផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជាទៅតាមបណ្តាញរបស់ក្រុមហ៊ុន ដើម្បីទាក់ទាញភ្ញៀវទេសចរអន្តរជាតិឱ្យទស្សនាកម្ពុជាឱ្យកើនឡើងបន្ថែមទៀត។
ការស្នើនេះធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាងលោករដ្ឋមន្ត្រី ហួត ហាក់ ជាមួយលោក Mohammed នៅទីស្ដីការក្រសួងទេសចរណ៍ នាព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥។
ភាគីទាំងពីរបានឯកភាពលើការពិនិត្យលទ្ធភាពចុះអនុស្សរណៈយោគយល់គ្នារវាងក្រុមហ៊ុន Emirates Airline និងក្រសួងទេសចរណ៍ ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍។ លោករដ្ឋមន្ត្រីក៏ឯកភាពតែងតាំងតំណាងដែលមានសិទ្ធិធ្វើសេចក្ដីសម្រេច (Focal person) រវាងភាគីទាំងពីរ ដើម្បីពិភាក្សាលម្អិតលើសេចក្ដីព្រាងអនុស្សរណៈយោគយល់គ្នានេះ។
លោករដ្ឋមន្ត្រីថែមទាំងស្នើសុំបង្កើនជើងហោះហើរត្រង់បន្ថែមទៀតក្រៅពីភ្នំពេញ មានសៀមរាប និងព្រះសីហនុ និងបានស្នើសុំផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជានៅបណ្តាញផ្សព្វផ្សាយរបស់ក្រុមហ៊ុន Emirates Airline ជាពិសេសកិច្ចសហប្រតិបត្តិការក្នុងការលើកម្ពស់ទេសចរណ៍មូស្លីម៕