(ព្រៃវែង)៖ ដើម្បីរក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព និងរបៀបរៀបរយសាធារណៈ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន-វៀតណាម ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ខាងមុខនេះ រដ្ឋបាលខេត្តព្រៃវែង បានធ្វើការណែនាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ មន្ទីរ-អង្គភាព ត្រូវអនុវត្តឲ្យបានម៉ឺងម៉ាត់នូវវិធានការចំនួន ៥ចំណុច។

សេចក្តីណែនាំរបស់រដ្ឋបាលខេត្តព្រៃវែង ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥នេះ បានឱ្យដឹងថា សេចក្តីណែនាំទាំង ៥ចំណុច រួមមាន៖

១៖ យកចិត្តទុកដាក់ក្តាប់ និងប្រមូលព័ត៌មានពាក់ព័ន្ធសភាពការសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ពិសេសសកម្មភាពបង្កអសន្តិសុខនានា ដើម្បីមានវិធានការបង្ការ ទប់ស្កាត់ និងបង្ក្រាបបានទាន់ពេលវេលា។

២៖ ចាត់វិធានការការពារសន្តិសុខ សណ្តាប់ធ្នាប់នៅតាមទីអារាម ព្រះវិហារចិន វៀតណាម ក៏ដូចជាទីសក្ការៈ និងរមណីយដ្ឋាននានា ដោយយកចិត្តទុកដាក់បង្ការ ទប់ស្កាត់មិនឲ្យកើតមាននូវបទល្មើសគ្រប់ប្រភេទ ពិសេសត្រូវរៀបចំសណ្តាប់ធ្នាប់ឲ្យមានរបៀបរៀបរយល្អប្រសើរ។

៣៖ ហាមឃាត់ការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ការធ្វើចរាចរណ៍ក្នុងពេលស្រវឹង ការបើកបរដោយល្បឿនលើសកំណត់ ដែលនាំឲ្យគ្រោះថ្នាក់ដល់អាយុជីវិត។

៤៖ សម្រួលចរាចរណ៍ សំដៅកាត់បន្ថយការកកស្ទះ ព្រមទាំងបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការធ្វើ ដំណើរនិងប្រកបដោយសុវត្ថិភាព ។

៥៖ ផ្សព្វផ្សាយជូនប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នចំពោះអគ្គីភ័យ ជាពិសេសភ្លើងទៀន ធូប ពេលសែនព្រេន ភ្លើងចង្ក្រាន ចរន្តអគ្គិសនី គ្រឿងឆេះផ្សេងៗ ព្រមទាំងហាមដាច់ខាតការដុតផាវ ដុតកាំជ្រួច ដែលអាចបង្កឲ្យមានអគ្គីភ័យ ឬបង្កសំឡេងផ្ទុះសំឡេងរំខានផ្សេងៗ ធ្វើឲ្យប៉ះពាល់ដល់សុវត្ថិភាព និងបង្កជាហានិភ័យ៕