(ភ្នំពេញ)៖ ក្រុមហ៊ុន LipCo Foods ដែលជាក្រុមហ៊ុនកែច្នៃអាហារដ៏លេចធ្លោមួយមកពីប្រទេសប៉ូឡូញ និងក្រុមហ៊ុន WorldBridge Group ដែលជាក្រុមហ៊ុនឈានមុខគេក្នុងប្រទេសកម្ពុជា បានចុះហត្ថលេខាជាផ្លូវការ
លើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដើម្បីស្វែងរកការពិភាក្សា និងឱកាសសហការបន្ថែមទៀត នៅក្នុងវិស័យកែច្នៃអាហារ។

ពិធីចុះហត្ថលេខានេះ បានធ្វើឡើងក្រោមវត្តមាន លោក César Lipka នាយកប្រតិបត្តិនៃ ក្រុមហ៊ុន LipCo Foods និង អ្នកឧកញ៉ា សៀ ឫទ្ធីប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន WorldBridge Group ដែលប្រព្រឹត្តនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ ដោយមានថ្នាក់ដឹកនាំជាន់ខ្ពស់នៃភាគីទាំងពីរ ចូលរួមធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខានេះផងដែរ។

ក្រុមហ៊ុន LipCo Foods គឺជាក្រុមក្រុមហ៊ុនប៉ូឡូញឈានមុខគេដែលមានឯកទេសក្នុងការកែច្នៃម្ហូបអាហារ ដែលបង្កើតឡើងដោយការបង្រួបបង្រួមនៃម៉ាកផ្សេងៗ និងផ្នែកឯកទេសពីក្រោម SuperDrop និង CPF Poland Groups។

ក្រុមហ៊ុន LipCo Foods ផ្តល់ជូននូវផលិតផលម្ហូបអាហារដែលមានគុណភាពខ្ពស់ជាច្រើនប្រភេទ ដោយផ្តោតលើនិរន្តរភាព និងការពេញចិត្តរបស់អតិថិជននៅក្នុងទីផ្សារពិភពលោក។ បច្ចុប្បន្នពួកគេគឺជាអ្នកផលិតដ៏ធំបំផុតមួយនៅអឺរ៉ុប និងធំជាងគេនៅក្នុងប្រទេសប៉ូឡូញ។

ភាពជាដៃគូនេះមានគោលបំណងបង្កើនភាពខ្លាំងរបស់អង្គការទាំងពីរ និងដើម្បីបង្កើនសមត្ថភាពកែច្នៃម្ហូបអាហារនៅកម្ពុជារបស់ ក្រុមហ៊ុន LipCo ក្នុងការកែច្នៃម្ហូបអាហារ និង ចំណេះដឹងទីផ្សារក្នុងស្រុកយ៉ាងទូលំទូលាយ របស់ ក្រុមហ៊ុន WorldBridge នឹងនាំដឹកនាំយកផលិតផលប្រកបដោយភាពច្នៃប្រឌិត និងប្លែកពីគេមកទីផ្សារកម្ពុជា។

អ្នកឧកញ៉ា សៀ ឫទ្ធី មានប្រសាសន៍ថា «ភាពជាដៃគូនេះ គឺជាជំហានឆ្ពោះទៅមុខដ៏សំខាន់មួយ ក្នុងការលើកកម្ពស់វិស័យកែច្នៃម្ហូបអាហារនៅកម្ពុជា។ ហើយមានសេចក្តីរំភើបក្នុងការធ្វើការជាមួយក្រុមហ៊ុន LipCo Foods ដើម្បីស្វែងរកមធ្យោបាយថ្មីៗសម្រាប់ការលូតលាស់ និងការអភិវឌ្ឍន៍»

ការចុះអនុស្សរណៈនេះ ជាមូលដ្ឋានគ្រឹះសម្រាប់ការពិភាក្សា និងគំនិតផ្ដួចផ្ដើមនៅពេលអនាគត ដែលនឹងរួមចំណែកក្នុងការ អភិវឌ្ឍឧស្សាហកម្ម កែច្នៃអាហារនៅកម្ពុជា។

ក្រុមហ៊ុន WorldBridge Group គឺជាក្រុមហ៊ុនឈានមុខគេនៅកម្ពុជា ដែលមានផលប័ត្រចម្រុះលើផ្នែកដឹកជញ្ជូន អចលនទ្រព្យ សេវាកម្មហិរញ្ញវត្ថុ និងច្រើនទៀត។ ការប្តេជ្ញាចិត្តក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងការច្នៃប្រឌិត ក្រុមហ៊ុមនបានចាប់ដៃគូជាមួយអ្នកពាក់ព័ន្ធក្នុងពិភពលោក និងក្នុងតំបន់ ដើម្បីផ្តល់នូវដំណោះស្រាយប្រកបដោយប្រសិទ្ធភាពនៅទូទាំងឧស្សាហកម្ម៕