(ភ្នំពេញ)៖ មជ្ឈមណ្ឌលអប់រំស្ព្រីង និងក្រុមសិស្សតំណាងមជ្ឈមណ្ឌលអប់រំស្ព្រីង (Spring Student Ambassador) បានរៀបចំកម្មវិធី Spring Career Village 2.0 ដើម្បីឲ្យសិស្ស-និស្សិត អាចស្វែងយល់ពីវិស័យការងារ និងឱកាសការងារផ្សេងៗ ពីអ្នកតំណាងក្រុមហ៊ុនផ្ទាល់តែម្តង។

កម្មវិធី Spring Career Village 2.0 រៀបចំធ្វើឡើងរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៤-២៥ ខែមករា ឆ្នាំ២០២៥។ កម្មវិធីនេះ ធ្លាប់បានរៀបចំម្ដងរួចមកហើយ​ ដែលនេះជាលើកទី២ ដែលបានរៀបចំ។

កម្មវិធីនេះ មានការធ្វើបទបង្ហាញអាជីវកម្ម (Business Presentation), កិច្ចពិភាក្សា (Panel Discussion), ការដាក់បង្ហាញស្ដង់របស់ក្រុមហ៊ុន​ (​Booth Display), សម្ភាសន៍ផ្ទាល់ (Walk-in Interview), ការចែករង្វាន់ និងការដូរ (Giveaway) និងការកម្សាន្ត (Entertainment)។

កម្មវិធីនេះ ផ្ដល់ប្រយោជន៍ដល់អ្នកចូលរួម ដូចជា៖ ទទួលបានចក្ខុវិស័យថ្មី និងព័ត៌មានដ៏មានតម្លៃ, បទពិសោធន៍នៃការសិក្សាបែបផ្លាស់ប្តូរគំនិតគ្នា, ទទួលបានឱកាសការងារ និងបណ្ដាញទំនាក់ទំនងជាច្រើន, មានការសម្ភាសនៅនឹងកន្លែងផ្ទាល់, ទទួលបានព័ត៌មានពីក្រុមហ៊ុននានា និងកាដូរជាច្រើន, ការតម្រង់ទិស និងដំបូន្មានល្អៗសម្រាប់អ្នកចូលរួមម្នាក់ៗ។

លើសពីនោះទៀត ក្នុងកម្មវិធីនេះ ក៏មានការចែករំលែកបទពិសោធន៍ ពីវាគ្មិនកិត្តិយស ទាក់ទងនឹងការជ្រើសរើសជំនាញសិក្សា ក៏ដូចជាវិថីការងារដែលត្រឹមត្រូវ ភាពសប្បាយរីករាយ ជាមួយនឹងការកម្សាន្ត។

សូមជម្រាបថា Spring Career Village 2.0 ជា Event មួយដែលរៀបចំឡើង ក្នុងគោលបំណងឲ្យអ្នកទាំងអស់គ្នា ដែលជាសិស្សានុសិស្ស ទើបនឹងបញ្ចប់ថ្នាក់ទី១២ និងអ្នកដែលរៀន នៅសាកលវិទ្យាល័យ រឺជាអ្នកកំពុងស្វែងរកការងារ អាចស្វែងរកបាននូវព័ត៌មានជាច្រើន ទាក់ទងនឹងជំនាញសម្រាប់សាកលវិទ្យាល័យ៕