(ភ្នំពេញ)៖ ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ (ក.ជ.ប.ព) នៅរសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥នេះ បានបើកកិច្ចប្រជុំលើកទី៤៣ អាណត្តិទី៣ ក្រោមវត្តមានលោក តុប សំ, សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធាន-អនុប្រធាន ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយដើម្បីពិនិត្យ និងអនុម័តកំណត់ហេតុកិច្ចប្រជុំរបស់ខ្លួនលើកទី៤២ អាណត្តិទី៣ ព្រមទាំងឆ្លង និងស្តាប់របាយការណ៍របស់អង្គភាពប្រឆាំងអំពើពុករលួយ។

យោងតាមរបាយការណ៍របស់ទេសរដ្ឋមន្ត្រី ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានឱ្យដឹងថា មន្ត្រីចំនួន ២២,៥៣៤រូប បានមកប្រកាសទ្រព្យសម្បត្តិនិងបំណុល ក្នុងនោះការប្រកាសតាមរបប០២ឆ្នាំ (២០២៥) មានចំនួន ២២,២៩២រូប គិតត្រឹមថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ (រយៈពេល២៧ថ្ងៃ) ស្មើនឹង៩៧,៨៧% និងមន្ត្រីទើបទទួលបានការតែងតាំងថ្មីចំនួន ១១១រូប។ ដោយឡែកមន្ត្រី១៣១រូបទៀតបានមកប្រកាសទ្រព្យសម្បត្តិ និងបំណុល ដោយមូលហេតុ បញ្ឈប់ពីមុខតំណែងលាឈប់ និងចូលនិវត្តន៍។

ជាមួយគ្នានេះដែរ សម្រាប់ការងារពាក្យប្ដឹង ACU បានដំណើរការពិនិត្យ វិភាគ និងធ្វើការសម្រេចលើពាក្យប្ដឹងដែលមានក្នុងខែមករានេះចំនួន ២៤ពាក្យប្ដឹង និងបានបញ្ជូនសំណុំរឿងចំនួន ០២ករណី ដែលមានជនសង្ស័យ០៣រូប ទៅតុលាការ៖

ទី១៖ បញ្ជូនទៅសាលាដំបូងខេត្តកណ្តាល តាមបណ្តឹងរបស់កងរាជអាវុធហត្ថ ករណីវរសេនីយ៍ឯក ង៉ែត ចាន់ធី មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តតាកែវ និងនាយចំណង់ ស៊ិន សុវណ្ណារិទ្ធ ជំនួយការមេបញ្ជាការរង កងរាជអាវុធហត្ថខេត្តតាកែវ ទទួលសំណូកក្នុងរយៈពេលជាង២ឆ្នាំ ពីអ្នកលក់គ្រឿងញៀន (និងមាន១ករណីទៀតទទួលសំណូកពីអ្នកបើកវង់ល្បែងជល់មាន់) ដើម្បីមិនចាប់ពួកលក់ថ្នាំញៀន ពេលសមត្ថកិច្ចផ្សេងទៀត ចុះចាប់អ្នកលក់គ្រឿងញៀន ខ្លួនលួចផ្តល់ដំណឹងឱ្យអ្នកលក់គ្រឿងញៀនគេចខ្លួន និងបទល្មើស១ផ្សេងទៀត (ប្រើប្រាស់រថយន្តមិនបង់ពន្ធ ហើយពាក់ផ្លាកលេខរថយន្តក្លែងក្លាយ)។

ទី២៖ បញ្ជូនទៅសាលាដំបូងខេត្តតាកែវ ករណីវរសេនីយ៍ទោ សុខ សង្ហា នាយការិយាល័យប្រឆាំងបទ ល្មើសគ្រឿងញៀន នៃស្នងការនគរបាលខេត្តតាកែវ ដែលទទួលសំណូកពីអ្នកជួញដូរគ្រឿងញៀន ៤ឆ្នាំ ជាថ្នូរនឹងការមិនចាប់ការលក់ដូរគ្រឿងញៀន មិនចាប់អ្នកលក់គ្រឿងញៀន ដែលមានដីកាចាប់ខ្លួនពីតុលាការ កែ សំណុំរឿងជួញដូរគ្រឿងញៀនពីធ្ងន់មកស្រាល ពីអ្នកជួញដូរគ្រឿងញៀនមកជាអ្នកប្រើប្រាស់គ្រឿងញៀនពេលអនុវត្តច្បាប់តាមគោលដៅចរាចរណ៍ បើរកឃើញអ្នកមានផ្ទុកសារធាតុញៀនក្នុងទឹកនោមបែរជាទារលុ យ។ ក្រៅពីបទស៊ីសំណូក សុខ សង្ហា ក៏មានបទល្មើសរំលោភអំណាច បំបាត់ចោលវត្ថុតាង (គ្រឿងញៀន) មិនគោរពនីតិវិធីច្បាប់ គ្មានការ សុំការអនុញាត្តពីស្ថាប័នអយ្យការ ហើយប្រព្រឹត្តិបំពានក្នុងការកសាងកូនខ្លា (កម្លាំងសម្ងាត់/ភ្នាក់ងារផ្តល់ព័ត៌មាន)។

បន្ថែមពីនេះ ករណីឈ្មោះ គង់ កាន (Kong Kan TV) និងឈ្មោះ ហ៊ុយ ឧត្តម (Oudom TV) ដែលបានសម្ភាសន៍ និងចាក់ផ្សាយ ភរិយានិងកូនជនជាប់ចោទ ហេ គឿន (ប្រធានការិយាល័យ នៃការិយាល័យសេដ្ឋកិច្ចនិង អភិវឌ្ឍន៍ក្រុងស្ទឹងសែន) ដែលទាំងអ្នកនិយាយ និងអ្នកផ្សាយមានចេតនាញុះញង់ឱ្យមានការប្រឆាំងស្ថាប័ន ប្រឆាំងអំពើពុករលួយ ដែលអង្គភាពនឹងចាត់ការករណីនេះតាមផ្លូវច្បាប់៕