(ភ្នំពេញ)៖ អំពើបោកប្រាស់ក្លែងបន្លំតាមប្រព័ន្ធអ៉ិនថឺណិត ឬ Online Scam បាននិងកំពុងរីករាលដាល ខ្លាំងនៅលើពិភពលោក។ កម្ពុជា ប្រទេសដ៏តូចមួយក្នុងតំបន់អាស៊ីអាគ្នេយ៍ ក៏មានករណី Online Scam នេះផងដែរ ខណៈកម្ពុជាក៏ដូចជាពិភពលោក កំពុងធ្វើសមាហរណកម្មរួមជាមួយគ្នាក្នុងយុគសម័យឌីជីថលនេះ។ Fresh Exclusive មានអត្ថបទរាយការណ៍ស៊ីជម្រៅមួយជុំវិញបញ្ហានេះ…
នៅក្នុងយុគសម័យ ដែលមានបច្ចេកវិទ្យាតភ្ជាប់ពិភពលោក និងដែលមិនធ្លាប់មានសោះកាលពីពេលមុនមកនោះភាពខ្មៅស្រអាប់មួយនៃការតភ្ជាប់នេះស្រាប់តែលេចឡើងផងដែរ។ នោះគឺអំពើបោកប្រាស់ក្លែងបន្លំតាមប្រព័ន្ធអ៊ីនថឺណិត ដែលគេបានដាក់ឈ្មោះថា Online Scam។
Online Scam បាននិងកំពុងបង្កគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរដល់បុគ្គល ដល់សហគមន៍ អង្គការ និងប្រទេសនានាជុំវិញពិភពលោក ក្នុងនោះក៏មានកម្ពុជាផងដែរ ដែលមិនទាន់មានភាពស៊ាំនឹងបញ្ហានេះនៅឡើយទេ។ ទោះជាយ៉ាងណាក៏ដោយ រាជរដ្ឋាភិបាលកម្ពុជាបានប្តេជ្ញាចិត្តយ៉ាងមុតមាំថា នឹងធ្វើការលុបបំបាត់ការបោកប្រាស់តាមប្រព័ន្ធអ៉ិនធឺណិតទាំងនេះ ដើម្បីការពារប្រជាពលរដ្ឋខ្មែរ និងការពារកេរ្តិ៍ឈ្មោះលើឆាកអន្តរជាតិ។
នាវេលាចុងក្រោយនេះប្រទេសកម្ពុជា ហាក់បីដូចជាបានប្រឈមមុខនឹងការចោទប្រកាន់ពីមជ្ឈដ្ឋានផ្សេងៗ ដែលនិយាយថាកម្ពុជា ជាទីសុវត្ថិភាពរបស់ក្រុម Online Scam នោះជាដើម។ ខណៈពេលដែលរាជរដ្ឋាភិបាលទទួលស្គាល់ថា ការបោកប្រាស់តាមប្រព័ន្ធអ៊ីនថឺណែត គឺជាបញ្ហាមួយក៏ពិតមែន ប៉ុន្តែមិនមែនមានតែចំពោះកម្ពុជាតែមួយប៉ុណ្ណោះទេ ប៉ន្តែបញ្ហា Online Scam គឺភាពគំរាមកំហែងដល់បណ្តាប្រទេសនានាលើសកលលោកលោក។
រាជរដ្ឋាភិបាលកម្ពុជា សូមច្រានចោលចំពោះទស្សនៈដែលចោទថា កម្ពុជាបិទភ្នែកចំពោះបញ្ហា Online Scam ទាំងនេះ។ រាជរដ្ឋាភិបាលអាណ្ណត្តិទី៧ បានចាត់វិធានការយ៉ាងម៉ឺងម៉ាត់ និងអំពាវនាវដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេស រួមគ្នាប្រយុទ្ធប្រឆាំងនឹងសកម្មភាព Online Scam ដើម្បីការស្ដារជំនឿជឿទុកចិត្តក្នុងប្រទេស និងក្រៅប្រទេស។
• អ្វីជា Online Scam?
Online Scam គឺជាការក្លែងបន្លំតាមសេវាអ៊ីនធឺណិត ដែលប្រើប្រាស់ល្បិចបោកបញ្ឆោត ចង់បន្លំលួចយកប្រាក់ លួចយកព័ត៌មានផ្ទាល់ខ្លួន ឬធនធានសំខាន់ផ្សេងៗ របស់យើងទាំងឡាយ។ Online Scam មានច្រើនប្រភេទគួរឱ្យកត់សម្គាល់ដូចជា៖
១៖ ការបន្លំផ្ញើសារបោកប្រាស់ ដែលជាភាសាអង់គ្លេសហៅថា Phishing៖ តាមវិធីនេះក្រុមបោកប្រាស់តាមប្រព័ន្ធអ៊ិនថឺណិត ត្រូវគេឃើញបានផ្ញើ Email ឬសារ Message ដោយការលួចយកឈ្មោះក្រុមហ៊ុនល្បីល្បាញឬអង្គភាពល្បីល្បាញណាមួយ ដើម្បីធ្វើឱ្យរូបយើងជឿទុកចិត្តក្នុងការល្បួងឱ្យយើងផ្តល់ព័ត៌មានសំងាត់ ឬព័ត៌មានសំខាន់ណាមួយដូចជាលេខកាតឥណទាន ឬព័ត៌មានធនាគារជាដើម។
២៖ វិធីទី២ គឺវិធី Fake Online Stores ហាងលក់ទំនិញអនឡាញ ប៉ុន្តែក្លែងបន្លំទេ៖ តាមរយៈនេះ ក្រុមបោកប្រាស់បានបង្កើតគេហទំព័រ ដែលធ្វើឱ្យគេមើលទៅដូចជាហាងលក់ទំនិញពិតៗ ប៉ុន្តែគឺជាវិធីបន្លំយកលុយរបស់យើង ដោយមិនផ្តល់ទំនិញឬសេវាកម្មឱ្យយើងឡើយ។
៣៖ ការបន្លំការវិនិយោគ ឬ Investment Scams៖ តាមរយៈអំពើបោកប្រាស់នេះ ក្រុមរកស៊ីទុច្ចរិត បានផ្សព្វផ្សាយអំពីឱកាសវិនិយោគក្លែងក្លាយ ដូចជាផែនការ Cryptocurrency ឬការវិនិយោគផ្សេងៗដែលសន្យាផ្តល់ប្រាក់ចំណេញខ្ពស់ដោយគ្មានហានិភ័យ។
៤៖ ការបន្លំផ្នែកស្នេហា ឬ Romance Scams៖ តាមរយៈវិធីនេះក្រុមបោកប្រាស់បានប្រើបោកអារម្មណ៍របស់យើងបង្កើតវេទិកាស្នេហា ឬនៅតាមបណ្តាញសង្គមដើម្បីឱ្យយើងជឿទុកចិត្ត ហើយបន្ទាប់មកស្នើសុំរកប្រាក់ដែលជារឿយៗបង្កើតលេសថាដោយសារជួប្រទះ នឹងរឿងអាសន្នណាមួយជាដើម។
៥៖ ការបន្លំក្លែងរង្វាន់ Lottery Scams៖ តាមរយៈវិធីនេះ គេបានប្រាប់យើងថា យើងឈ្នះរង្វាន់ ឬឈ្នះឆ្នោតដែលសូម្បីតែយើងមិនបានចូលរួមក៏ដោយ និងក្រោយមកគេបានស្នើឱ្យយើងបង់ប្រាក់ និងផ្តល់ព័ត៌មានផ្ទាល់ខ្លួនដើម្បីការទទួលយករង្វាន់នោះ។
៦៖ ការបន្លំការងារ (Job Scams)៖ តាមរយៈវិធីនេះ គេធ្វើដូចជាផ្តល់ការងារមកឱ្យយើង ដោយស្នើឲ្យយើងបង់ប្រាក់សម្រាប់ការបណ្តុះបណ្តាល ឬទិញវិញ្ញាបនបត្រ ឬឧបករណ៍ណាមួយជាដើម។
៧៖ ការបន្លំជំនួយបច្ចេកទេស ដែលជាភាសាអង់គ្លេសហៅថា Tech Support Scams៖ ពួកគេធ្វើខ្លួនឯងដូចជាក្រុមអ្នកបច្ចេកទេសនៃក្រុមហ៊ុន ដែលយើងបានទិញឧបករណ៍របស់គេមកប្រើប្រាស់ ដោយធ្វើជានិយាយប្រាប់យើងថា ឧបករណ៍នៅក្នុងផ្ទះរបស់យើងនឹងត្រូវខូច ដែលតម្រូវឱ្យគេត្រូវចូលឆែកឆេរក្នុងម៉ាស៊ីន Computer ឬថាសេវាអគ្គីសនី នឹងត្រូវរអាក់រអួល ដោយតម្រូវឱ្យយើតត្រូវទិញឧបករណ៍នេះ ឬឧបករណ៍នោះដោយការបង់លុយតាមរយៈអនឡាញជាមុន ដែលអ្វីទាំងនោះគឺសុទ្ធតែជាវិធីបោកប្រាក់រកលុយតែប៉ុណ្ណោះ។
៨៖ ការបន្លំឧបត្ថម្ភសប្បុរសធម៌ (Charity Scams)៖ តាមរយៈនេះគេបានប្រើឈ្មោះអង្គការសប្បុរសធម៌ដើម្បីបញ្ចុះឲ្យយើងត្រូវបរិច្ចាគប្រាក់ ជាពិសេសបន្ទាប់ពីមានឧបទ្ទវហេតុ ឬវិបត្តិធំៗណាមួយបានកើតឡើងនោះ។
៩៖ ការបន្លំក្លែងដូចជានរណាម្នាក់ (Impersonation Scams)៖ តាមរិធីនេះគេប្រើអត្តសញ្ញាណរបស់មនុស្សណាម្នាក់ដែលយើងស្រឡាញ់ ឬជាមន្ត្រីមានអំណាចដើម្បីបោកបញ្ឆោតយើងឱ្យផ្តល់លុយ ឬផ្តល់ព័ត៌មានអ្វីណាមួយ។
• តើនៅកម្ពុជានេះ ការបោកប្រាស់នៃទង្វើ Online Scam មានអ្វីខ្លះហើយ?
បណ្ឌិត គី សេរីវឌ្ឍន៍ បានរៀបរាប់ត្រួសៗប្រាប់ Fresh Exclusive យ៉ាងដូច្នេះថា៖ «ពាក់ព័ន្ធជាមួយនឹងការបោកប្រាស Online នេះ យើងហៅថា Scam Online គឺកើតមានឡើងស្ទើតែគ្រប់ប្រទេសទាំងអស់នៅលើពិភពលោក គ្មានប្រទេសណាគេចផុតទេ ក៏ប៉ុន្តែរូបភាពនៃការបោកប្រាសនេះ វាមានទម្រង់ផ្សេងៗគ្នា។
នៅក្នុងរូបភាពទី១ គឺជាការបោកប្រាស់តាមរយៈការ Hack ចូលនូវបណ្តាញសង្គមរបស់យើងហើយ និងយកសាររបស់យើងទៅ គណនីបណ្តាញសង្គមយកទៅខ្ចីលុយពីមិត្តភក្តិបងប្អូនអ្នកដែលធ្លាប់ស្គាល់រាប់អានហ្នឹងដោយប្រាប់ថាខ្លួនមានបញ្ហាជួបគ្រោះថ្នាក់ដែលត្រូវការលុយបន្ទាន់។
ហើយលុយដែលបោកនេះ គឺមិនមានទំហំអ្វីច្រើនទេតិចតួច ក៏ប៉ុន្តែវាបានកើតឡើងជាញឹកញាប់ចំពោះប្រជាជនកម្ពុជាយើង ហើយការខ្ចីប្រាក់បន្តិចបន្តួចនេះ គឺហើយក្នុងនាមជាមិត្តភក្តិផង ក្នុងនាមជាអ្នកស្គាល់គ្នាផង ឬរាប់អានផង គឺយើងតែងតែផ្តល់ជូនឧទាហណ៍ថាផ្តល់ប្រាក់ក្នុងវង្វង់ក្រោមប្រាក់៥០០ដុល្លារ ក្រោម២០០ដុល្លារ ឬក្រោម១០០ដុល្លារជាដើម។
រូបភាពនៃការបោកប្រាស់នេះគឺកើតមានឡើងតាមរយៈការផ្ញើ Link។ ទី១គឺការផ្ញើ Link , Link នោះយើងឃើញថា Link រូបភាពអាសអាភាសដែលធ្វើឱ្យបុរសៗមួយចំនួន ដែលគាត់ចូលចិត្តនោះគាត់ចង់ដឹងគាត់ចុចមើលលើ Link ហ្នឹង។ នៅពេលដែលចុចលើ Link ហ្នឹងធ្វើឱ្យ Hacker បាន Hack Account ហ្នឹងចូលទៅ។ ទី២ គេផ្ញើមកជារូបភាពជា Admin របស់បណ្តាញសង្គម។ ឧទាហណ៍ Admin របស់ Telegram ឬ Admin របស់ Facebook តាមពិតវាមិនមែនជា Admin ទេ គឺគេបន្លំធ្វើជា Admin ហើយគេក៏បានយក Link ដាក់ដើម្បីធ្វើការបញ្ជាក់ថាពិតជា Account របស់ខ្លួនមែន ប៉ុន្តែវាមិនមែនអញ្ចឹង។
Verify នេះតាមពិតទៅវាមិនមែនជា Account របស់ Admin ដែលត្រូវ Verify អីទេគឺជាការ Hack ដែល Hacker គាត់ផ្ញើ Account ហ្នឹងមកអញ្ចឹងនៅតាមដែលគាត់ផ្ញើ Link ហ្នឹងមកឱ្យយើង Verify យើងគ្រាន់តែចុច Verify លើហ្នឹងទៅគឺធ្វើឱ្យ Hacker បានចូល Account របស់យើងហើយគាត់ដូរ Password របស់យើងបាត់។ ហើយពេលនោះគឺគាត់ប្រើ Account របស់យើង យកទៅខ្ចីលុយអ្នកដទៃដែរ។ មានរូបភាពបោកប្រាស់មួយទៀតគឺ Hacker បានផ្ញើ File មួយជាPhotos គេដាក់ជា Photos តែម្តងឈ្មោះ File ហ្នឹងជា Photos ហើយកុំភ្លេចថាខាងចុងនៃ File Photos ហ្នឹងមានកន្ទុយ E X E ។ E X E ហ្នឹងគេហៅថា ជា Execute ។
អញ្ចឹង Photos ដែលមាន Extension ជា E & E នេះ មានន័យថា Photos អ្វីទៅចុចៗមកខាងក្រោមចុច E X E នៅពេលដែលយើងចុចលើហ្នឹង E X E គឺជា File ដែល Run។ ចុចទៅវា Run ដំណើរការ គឺវាបានធ្វើឱ្យ Hacker បាន Copy យកទិន្នន័យយើងទាំងអស់ពីក្នុង Telegram ហើយពួកគេបានយក Account យើងទៅប្រើប្រាស់ នេះគឺរូបភាពថ្មី។
ចំពោះ Hacker ខ្លះទៀត គាត់ធ្វើការបោកប្រាស់ដែរ ប៉ុន្តែមានលុយរាងច្រើនជាងហ្នឹងបន្តិច។ គឺជាការបោកប្រាស់តាមរូបភាពវិនិយោគ។ អញ្ចឹងគេបានយករូបភាពបុរីណាមួយធ្វើជាការវិនិយោគផ្នែកទ្រព្យសម្បត្តិ វិនិយោគផ្នែកហិរញ្ញវត្ថុជាដើម។
អញ្ចឹងកាលណាយើងដាក់លុយវិនិយោគជាមួយគេ តាមដែលខ្ញុំធ្លាប់ដឹងដាក់លុយ ៤០០ដុល្លារជាងអញ្ចឹងទៅបានលុយមកវិញ៥០០០ដុល្លារ ក្នុងរយ:ពេលមួយខែអីជាដើម។ អញ្ចឹងរូបភាពបែបនេះគឺគេបានធ្វើ Photoshop កែរូបផ្ទេរលុយតាមWing, ផ្ទេរលុយតាម ABA បោះនៅក្នុង Group ឃើញថាខ្ញុំបានទទួលលុយពិតប្រាកដហើយ ប៉ុន្តែក្នុង Group ហ្នឹងគឺសុទ្ធតែក្រុមការងាររបស់គេហ្នឹងទេ ដូច្នេះអ្នកដែល Hack គឺបានបោកប្រាស់ដើម្បីឲ្យអ្នកចាប់អារម្មណ៍ឃើញប្រាក់ចំណេញច្រើនហ្នឹងដាក់វិនិយោគ ៤ ទៅ ៥០០ដុល្លារទៅដើម្បីបានប្រាក់៤ ទៅ ៥០០០ដុល្លារត្រលប់មកវិញ។
ក៏ប៉ុន្តែលទ្ធផលចុងក្រោយ គឺមិនបានទេ គឺមិនទទួលបានអ្វីសោះដាក់ទៅក៏បានឈឹងតែម្តង ហើយរកមុខមិនឃើញទេ ចំពោះការបោកប្រាស់រូបភាពមួយផ្សេងទៀតនោះ គឺជាការបោកប្រាស់តាមប្រព័ន្ធ Email ឬក៏តាមប្រព័ន្ធផ្ញើសារពីក្រៅប្រទេសមក ឬក៏ទូរស័ព្ទពីក្រៅប្រទេសមកឲ្យបង្ហាញថាគាត់មានលុយច្រើនណាស់ ជាលុយរបស់សេដ្ឋីដែលមិនអាចផ្ទេរបានទេលុយនេះ នៅពេលដែលឪពុកគាត់ស្លាប់ទៅ ឪពុកគាត់បានដាក់ឱ្យចូលទៅ Charity ទៅប្រទេសក្រីក្រ។
អញ្ចឹងហើយគេទាក់ទងមកយើងដើម្បីឱ្យយើងនឹងដាក់គម្រោងស្នើទៅដកលុយហ្នឹងដើម្បីយកមកជួយជនក្រីក្រនៅពេលដែលយើងទៅជួយ ហើយលុយនោះមានទំហំណាស់ដែលគេអាចឱ្យដល់យើង១០០លាន ២០០លានដុល្លារក៏ប៉ុន្តែយើងត្រូវ Transfer លុយឱ្យគេទៅវិញក្នុងរវង្វង់២ ទៅ ៣ម៉ឺនដុល្លារ ឬ១ម៉ឺនដុល្លារដើម្បី ឬក៏៥០០០ដុល្លារជាដើម ដើម្បីឱ្យគេធ្វើការរត់ការឯកសារនានានៅទីនោះ និងផ្ញើត្រលប់មកយើងវិញ, ហើយក្នុងនោះក៏បានប្រកាសបង្កើតវ៉េបសាយរបស់ធនាគាមួយ ដែលយើងមិនស្គាល់ ហើយយើងក៏ទៅតាមទុកចិត្តជាធនាគារនោះមែន ហើយប្រតិបត្តិការគណនីរបស់យើង របស់គេនៅទីនោះពិតប្រាកដអញ្ចឹងមែន មានBank statement ប៉ុន្តែឯកសារទាំងអស់នោះជាឯកសារក្លែងក្លាយដែលគេបង្កើតឡើង ដើម្បីធ្វើការបោកប្រាស់ដល់អ្នកដែលទទួលការបោកប្រាស់នេះ»។
• ប្រមុខរាជរដ្ឋាភិបាលប្តេជ្ញាបង្ក្រាបក្រុម Online Scam
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ក្នុងសប្តាហ៍នេះបញ្ជាក់នូវការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលអាណ្ណត្តិទី៧ លើគោលនយោបាយដែលគ្មានការអត់ឱនដល់ក្រុមបោកប្រាស់តាមប្រព័ន្ធ Online ឡើយ។ សម្តេចមហាបវរធិបតី ថែមទាំងបានអំពាវនាវដល់វិស័យឯកជន និងប្រជាពលរដ្ឋទាំងអស់ សូមរួមគ្នាលុបបំបាត់រាល់អំពើគំរាមកំហែង Online Scam ដែលកើតមាននៅក្នុងប្រទេសកម្ពុជានេះ។
ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ អាជ្ញាធរបានបង្កើនកិច្ចខិតខំប្រឹងប្រែងបង្ក្រាបក្រុមឆបោកតាមប្រព័ន្ធអនឡាញជាច្រើននៃបណ្តាញរបស់ក្រុមទុច្ចរិត ដែលខ្លះប្រតិបត្តិការពីខាងក្នុងចេញទៅខាងក្រៅ និងខ្លះក៏មានប្រតិបត្តិការពីខាងក្រៅចូលមកខាងក្នុងប្រទេសផងដែរ។
សេចក្តីរាយការណ៍តាមកាសែតក្នុងស្រុកបានបង្ហាញថា នៅក្នុងឆមាសទីមួយឆ្នាំ២០២៤កន្លង មក សកម្មភាពឆ្មក់បង្ក្រាបរបស់កងកម្លាំងមានសមត្ថកិច្ចរបស់កម្ពុជាលើករណី Online Scam រួមមាននៅក្នុងក្រុងព្រះសីហនុ ដោយមានការឃាត់ខ្លួនមនុស្សរាប់រយនាក់រួមទាំងជនបរទេសផងដែរ ពាក់ព័ន្ធនឹងការលេងល្បែងអនឡាញខុសច្បាប់ និងបង្ក្រាបទីតាំងធ្វើសកម្មភាពក្លែងបន្លំ និងដោយឡែកកាលពីថ្ងៃទី២៤ តុលា ឆ្នាំ២០២៤ សមត្ថកិច្ចបានបង្ក្រាបជនបរទេសចម្រុះ ជាតិសាសន៍ជាង ១,០០០នាក់រួមមានជាតិចិន និងកូរ៉េខាងត្បូង នៅក្នុងភូមិសាស្ត្រស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្រោយការតាមដានរកឃើញមានអំពើនេះកើតឡើងនៅក្នុងខេត្តនៃប្រទេសកម្ពុជានេះ។
តាមពិតកម្ពុជាបានធ្វើយុទ្ធការបង្ក្រាប Online Scam ចាប់តាំងពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២នោះមកម្ល៉េះ បន្ទាប់ពីមានសេចក្តីរាយការណ៍ថា មានក្រុមទុច្ចរិតដែលមានប្រភពមកពីក្រៅប្រទេស បានសហការជាមួយនឹងបក្ខពួកក្នុងប្រទេសកម្ពុជា បង្កនូវអំពើចាប់បង្ខាំងមនុស្សក្រោមរូបភាពល្បួងមកធ្វើការក្នុងប្រទេសកម្ពុជា ដោយសន្យាឱ្យកម្រៃពលកម្មច្រើន។
• តើគេអាចចៀសវាងអំពើបោកប្រាស់តាមអ៊ិនថឺណិត ឬ Online Scam ដោយរបៀបណា?
កម្ពុជាបើទោះបីច្បាប់សន្តិសុខតាមអ៊ិនថឺណិត នៅមិនទាន់បានអនុម័តក្នុងពេលនេះក៏ដោយ ចំណាត់ការបង្ក្រាបសកម្មភាព Online Scam ត្រូវគេឃើញបានធ្វើយ៉ាងខ្លាំងក្លាផងដែរតាមរយៈច្បាប់ដែលមានស្រាប់ដូចជាច្បាប់ព្រហ្មទណ្ឌ ច្បាប់ស្តីពីពាណិជ្ជកម្មអេឡិចត្រូនិក និងអនុក្រិត្យមួយចំនួនថែមទៀត ដើម្បីគ្រប់គ្រងទិដ្ឋភាពនៃសន្តិសុខអ៊ិនថឺណិតឱ្យមានសណ្តាប់ធ្នាប់រៀបរយ។ ប៉ុន្តែក៏មានវិធីសាស្ត្រមួយចំនួន ដែលប្រជាពលរដ្ឋយើងអាចចៀសវាងបានដោយស្រួលនូវអំពើបោកប្រាស់តាមអ៊ិនថឺណិតនេះបានដែរ។
ដូច្នេះនៅមុនការផ្តល់ព័ត៌មានរបស់យើង ឬការសម្រេចថានឹងត្រូវផ្តល់អ្វីណាមួយតាមរយៈទំនាក់ទំនងប្រព័ន្ធអនឡាញ គឺយើងត្រូវផ្ទៀងផ្ទាត់ឱ្យច្បាស់លាស់នូវគេហទំព័រ ឬអ៊ីមែលមនុស្ស ដែលធ្វើទំនាក់ទំនងជាមួយយើង សូមកុំចុចលើតំណភ្ជាប់ ឬទាញយកឯកសារពីប្រភពដែលមិនស្គាល់ប្រើពាក្យសម្ងាត់ដែលមានសុវត្ថិភាពនិងប្លែកៗ ហើយប្រើប្រាស់របៀប 2FA (Two-Factor Authentication) ដែលជាវិធីសាស្ត្រមួយក្នុងការគ្រប់គ្រងសន្តិសុខ ដែលតម្រូវឱ្យមានទម្រង់អត្តសញ្ញាណពីរ ដើម្បីចូលប្រើប្រាស់ធនធាន និងទិន្នន័យជាដើម។
បណ្ឌិត គី សេរីវឌ្ឍន៍ បានមានប្រសាសន៍ដាស់តឿនដល់ប្រជាពលរដ្ឋខ្មែរនូវវិធីសាស្ត្រមួយចំនួន ដែលពលរដ្ឋខ្មែរត្រូវឈ្វេងយល់ដឹងដូចតទៅ៖
«ឯកសារទាំងអស់នេះគឺជាឯកសារក្លែងក្លាយដែលគេបង្កើតឡើងដើម្បីធ្វើការបោកប្រាស់ដល់អ្នកដែលទទួលការបោកប្រាស់នេះ។ ដើម្បីទប់ស្កាត់ការបោកប្រាស់តាមប្រព័ន្ធ Online នេះ ទី១ ប្រជាពលរដ្ឋយើងត្រូវពិចារណាទៅលើ File Verified អីផ្សេងៗ គេហៅថាចំនេះដឹងផ្នែកបច្ចេកវិជ្ជា យើងត្រូវមានការយល់ដឹង។ នៅក្នុងនោះដែរ បញ្ហាដូចដែរខ្ញុំបានលើកឡើងហ្នឹងត្រូវតែមានការយល់ដឹងដោយមានការបញ្រ្ជាបនានា អីចឹងគួរចែករំលែកតគ្នាអំពីវិធីសាស្ត្រនៃការបោកប្រាស់នេះ។
ហើយការបោកប្រាស់មួយរូបភាពទៀតគឺ តាមរយៈការទូរសព្ទមកហើយប្រាប់ថាត្រូវរង្វាន់អីជាដើម នេះជារូបភាពខ្មែរបោកប្រាស់ខ្មែរគ្នាឯង មិនមែនបរទេសទេ បើបរទេសបោកប្រាស់ភាគច្រើនគឺ គេប្រើរូបភាពជា Verified Account ហើយភាគច្រើនគឺគេប្រើភាសារខ្មែរ ដែលបកប្រែតាម Google Translate ដែលភាសារខ្មែរយើងគ្រាន់តែមើល យើងដឹងថាមិនមែនជាភាសារដែលខ្មែរយើងសរសេរទេ គឺជាភាសារបកប្រែ ដូច្នេះដើម្បីទប់ស្កាត់បញ្ហាការបោកប្រាស់ពីបរទេស យើងស្រួលមើលដែរ ទី១ មើលឯកសាររបស់គេ ដែលសរសេរជាអង់គ្លេស យើងត្រូវតែប្រយ័ត្ន។ ទី២ គេផ្ញើរូបភាពមកយើងមានកន្ទុយ E X E ហ្នឹង រូបភាពអ្នកផ្ញើមកហ្នឹងក៏យើងត្រូវប្រយ័ត្នដែរ ជួនកាលវាជា Account មិត្តភ័ក្តយើងដែលគេបាន Hack ហើយគេផ្ញើមកយើងជា File រូបភាព។ ទី៣ យើងត្រូវប្រយ័ត្នចំពោះ ការខ្ចីលុយវិនិយោគផ្សេងៗ ព្រោះថាវាមិនអាចដាក់លុយវិនិយោគណាដែលក្នុងរយៈពេល១ខែ ឬ២ខែ មានប្រាក់ចំណេញរហូតដល់១០ដងឯណោះទេបាទ។ អីចឹងបើវិនិយោគទៅចំណេញបែបនេះ គឺអ្នកវិនិយោគទាំងនោះគឺគាត់ប្រាកដជា នឹងខ្ចីលុយធនាគារមកវិនិយោគហើយ គឺគាត់មិនហៅយើងទៅវិនិយោគជាមួយកាត់ទេ។
ចំពោះការបោកប្រាស់ខ្មែរគ្នាឯងនៅក្នុងស្រុកក៏មានច្រើនដែរ តាមរូបភាពបុគ្គលិកធនាគារ បុគ្គលិកក្រុមហ៊ុនណាមួយដែលទូរស័ព្ទមកថាយើងត្រូវរង្វាន់ អីចឹងដើម្បីបានរង្វាន់ហ្នឹងត្រូវផ្ទេលុយជាដើម។ ទី២ ទូរស័ព្ទមកបន្លំធ្វើជាមិត្តភ័ក្តរបស់យើងហើយប្រាប់យើងថា កំពុងតែគ្រោះថ្នាក់ចរាចរណ៍ត្រូវការខ្ជីលុយអីជាដើម។ អីចឹងដើម្បីបញ្ជាក់ឱ្យបានច្បាស់នូវត្រង់ចំណុចនេះដើម្បីកុំឱ្យចាញ់បោកគេនោះ យើងត្រូវសូមមើលមុខគេឱ្យច្បាស់ គ្រោះថ្នាក់នៅឯណា ទីតាំងនៅខាងណាឱ្យគេចុច Location មកច្បាស់លាស់ នេះក៏ជាកត្តាមួយទប់ទល់នឹងការបោកប្រាស់នេះផងដែរ។
មានការបោកប្រាស់មួយប្រភេទទៀត គេបានប្រើ AI ដើម្បីយកមកបោកប្រាស់ ដូច្នេះយើងចូលប្រុងប្រយ័ត្នលើចំណុចនេះ អ្នកខ្លះគាត់បានទូរស័ព្ទ ឬបានតាម Messenger អីជាដើមមកយើងដោយបញ្ជាក់ថា ជាមិត្តភ័ក្តហើយប្រើសំឡេង ហើយសំឡេងនោះគឺក្លូនតាម Ai ដោយយកសំឡេងមិត្តភ័ក្តរបស់យើងមកក្លូន បន្ទាប់មកគេប្រើឱ្យ AI និយាយទៅជាសំឡេងមិត្តភ័ក្តយើង។
អីចឹងពេលយើងស្ដាប់សំឡេងជាសំឡេងមិត្តភ័ក្តរបស់យើង គណនី ជាគណនីពិតរបស់មិត្តភ័ក្តយើង ប៉ុន្តែវាមិនមែនជាមិត្តភ័ក្តយើងទេ ហើយគេបានទូរស័ព្ទមក Message តាម Messenger មកខ្ចីលុយរបស់យើង ឧទាហរណ៍ខ្ចី ៤ ទៅ៥០០០ដុល្លារបន្ទាន់ ដោយបញ្ជាក់ថាគេក៏កំពុងតែនៅតំបន់ដែអត់មានសេវា គេមិនអាចផ្ទេលុយបាន គេត្រូវការលុយយើង អីចឹងក្នុងករណីនេះ យើងក៏ត្រូវពិចារណាដែរថា បើគេអត់មានសេវាហេតុអីគេឱ្យយើងបាញ់លុយទៅឱ្យគេ គេត្រូវតែយកលុយសុទ្ធហើយទី១, ទី២ បើអត់មានសេវា ហេតុអីបានជា Messenger ហ្នឹងទូរស័ព្ទមកយើងកើត? អីចឹងករណីនេះយើងក៏ត្រូវពីចារណាក្នុងការផ្ដល់លុយឱ្យដែរ នេះគឺជាកត្តាដែលគេអាចបោកប្រាស់យើងបាន។
ចំពោះរដ្ឋាភិបាលដើម្បីទប់ស្កាត់នូវបញ្ហានេះ គឺថាដោយសារប្រព័ន្ធបណ្ដាញអ៊ីនថឺណិតរបស់យើង នៅមានកម្រិតនៅមានច្រើនបណ្ដាញដែលយើងតចូល ដែលមិនអាចចូលក្នុងច្រកតែមួយបាន អីចឹងចំពោះអាជ្ញាធរ គឺពិបាកនៅក្នុងការស្វែងរកនូវអ្នកបោកប្រាស់នេះ។ ទី២ គឺលេខទូរស័ព្ទ ដោយសារលេខទូរស័ព្ទយើងអាចមានលេខទូរស័ព្ទទិញប្រើក្នុងមួយសប្ដាហ៍ ឬក្នុងមួយខែសម្រាប់ភ្ញៀវទេសចរ ទិញហើយបោះចោលៗហ្នឹង ក៏វាងាយសម្រួលបង្កលក្ខណៈងាយស្រួលដល់អ្នកបោកប្រាស់ហ្នឹងគាត់ទិញលេខហ្នឹងប្រើដោយមិនប្រើអត្តសញ្ញាណប័ណ្ណ ហើយយកមកប្រើក្នុងមួយសប្ដាហ៍បោះចោល ២សប្ដាហ៍បោះចោលតែម្ដង សម្រាប់ធ្វើការបោកប្រាស់នេះ។
ដូច្នេះអាជ្ញាធរគួរតែមានវិធានការណ៍ទប់ស្កាត់ការលក់ស៊ីមបែបនេះ ត្រូវតែមានបើសិនជាភ្ញៀវបរទេសទិញស៊ីមកាតក៏ត្រូវមានដាក់នូវប៉ាស្ព័រដែរ ដើម្បីងាយស្រួលទទួលបានព័ត៌មានថានរណាជានរណា ដែលប្រើលេខហ្នឹង ហើយ Transfer ទៅគណនីណា យើងនឹងអាចរកឃើញនូវម្ចាស់គណនី ដែលបោកប្រាស់លុយនេះ»។
ភាពប្ដេជ្ញាចិត្តរបស់កម្ពុជា ក្នុងការលុបបំបាត់ការបោកប្រាស់តាមប្រព័ន្ធអ៊ីនធឺណេត គឺជាសារយ៉ាងច្បាស់ទៅកាន់សហគមន៍អន្តរជាតិវិញថា នៅក្នុងយុគសម័យនៃការរីកចម្រើនផ្នែកបច្ចេកវិទ្យានេះ ភាពខ្មៅស្រអាប់នៃអំពើបោកប្រាស់ក្លែងបន្លំតាមប្រព័ន្ធអ៊ីនថឺណិត គង់នឹងត្រូវបានរលាយអស់ទៅវិញជាមិនខាននៅពេលដែលភាពប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលជាមួយនឹងកិច្ចសហការពីប្រជាពលរដ្ឋទូទាំងប្រទេស នឹងបំបាត់ចោលទាំងស្រុងនូវភាពអសកម្មទាំងនោះ។ សរុបមកវិញការបោកប្រាស់តាមអ៊ីនធឺណិត មិនមែនជាបញ្ហាតែមួយរបស់កម្ពុជានោះទេ។
វាគឺជាបញ្ហាសកល ដែលទាមទារឱ្យមានការខិតខំប្រឹងប្រែងរួមគ្នាប្រឆាំងនូវភាពខ្មៅងងិតនេះ។ វិធីសាស្រ្តសកម្មរបស់កម្ពុជាបង្ហាញថា រាជរដ្ឋាភិបាលអាណ្ណត្តិទី៧ក្រោមការដឹកនាំសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បាននិងកំពុងចាត់វិធានការដ៏ជាក់លាក់ដើម្បីលុបបំបាត់ការគំរាមកំហែងនេះចេញពីប្រទេសរបស់ខ្លួន។ ការតាំងចិត្ត និងគំនិតផ្តួចផ្តើមសហការរបស់រដ្ឋាភិបាលផ្តល់ក្តីសង្ឃឹមថាការប្រយុទ្ធប្រឆាំងនឹងការបោកប្រាស់តាមអ៊ីនធឺណិតអាចត្រូវបានឈ្នះ ដើម្បីរួមចំណែកជាមួយពិភពលោកធ្វើឱ្យពិភពឌីជីថលលើផែនដីនេះ មានសុវត្ថិភាពសម្រាប់មនុស្សគ្រប់ៗគ្នា៕