(ភ្នំពេញ)៖ សៀវភៅ «អាស៊ាន និងទំនួលខុសត្រូវក្នុងការការពារ (R2P)៖ ទំនាក់ទំនងដែលមានភាពស្រពិចស្រពិល» និពន្ធដោយបណ្ឌិត នេត ធីតាច័ន្ទធីម៉ា ត្រូវបានដាក់សម្ពោធជាផ្លូវការ នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ ព្រមជាមួយកម្មវិធីខួបលើកទី៦ របស់វិទ្យាស្ថានចក្ខុវិស័យអាស៉ី AVI។

កម្មវិធីនេះមានការផ្ដល់កិត្តិយសចូលរួមពី លោកសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រីនៃកម្ពុជា និងលោកស្រី ហ៊ុន គឹមឡេង, លោកបណ្ឌិតសភាចារ្យ សុក ស៉ីផាន់ណា ព្រមទាំងឥស្សរជនជាន់ខ្ពស់នៃរាជរដ្ឋាភិបាល ភ្ញៀវកិត្តិយសជាតិ និងអន្ដរជាតិជាច្រើនទៀត។

បណ្ឌិត នេត ធីតាច័ន្ទធីម៉ា បានលើកឡើងថា ស្រាវជ្រាវស្នូលរបស់សៀវភៅនេះគឺ៖ «តើអាស៊ាន និងចិនខិតទៅរក (R2P) យ៉ាងដូចម្តេច?»។ ចម្លើយនោះ គឺនិយាយអំពីបញ្ហារងសំខាន់ៗចំនួនបី៖ ១៖ គោលជំហរគំនិតរបស់អាស៊ាន និងចិន, ២៖ ការចូលរួមជាក់ស្ដែងរបស់ពួកគេជាមួយ R2P និង៣៖ សារៈសំខាន់ នៃការជាប់ទាក់ទងគ្នារវាងមុខតំណែងរៀងៗខ្លួន។

បណ្ឌិត នេត ធីតាច័ន្ទធីម៉ា បានបន្ដទៀតថា សៀវភៅនេះចាប់ផ្តើមសិក្សាដំបូងអំពីការលេចឡើងនូវទំនួលខុសត្រូវដើម្បីការពារ (R2P) នៅក្នុងសហគមន៍អន្តរជាតិ និងច្បាប់អន្តរជាតិ។ ក្នុងនោះពិនិត្យមើលអំពីការវិវត្តន៍នៃគោលគំនិតនយោបាយមួយទៅគោលគំនិតមួយ ដែលមានសារៈសំខាន់ផ្នែកច្បាប់ និងគូសបញ្ជាក់អំពី គោលគំនិតជាក់លាក់មួយ រូបទាំងការអនុវត្តជាក់ស្ដែង។

តមកទៀតសៀវភៅនេះ នឹងផ្តោតលើអាស៊ាន រៀបរាប់ពីប្រវត្តិសាស្ត្ររបស់ខ្លួនរចនាសម្ព័ន្ធស្ថាប័ន ដំណើរការធ្វើការសម្រេចចិត្ត នឹងគោលការណ៍ណែនាំស្នូល។ បន្ទាប់មកទៀត គឺនឹងធ្វើការផ្ដោតលើជាការចូលរួមគំនិតរបស់អាស៊ានជាមួយ R2P ដោយ សង្កត់ធ្ងន់លើសសរស្ដម្ភទាំងបីរបស់ R2 និងសេចក្តីថ្លែងការណ៍ដែលធ្វើឡើងដោយរដ្ឋ សមាជិកអាស៊ានក្នុងអំឡុងពេលកិច្ចសន្ទនាអន្តរកម្មក្រៅផ្លូវការរបស់មហាសន្និបាតអង្គការសហប្រជាជាតិ (២០០៩-២០១៧)៕