(ភ្នំពេញ)៖ លោកសាស្ត្រចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានណែនាំដល់មន្ទីរសុខាភិបាលរាជធានី ខេត្ត ត្រូវដាក់ផែនការស្រាវជ្រាវ និងយកចិត្តទុកដាក់ខ្ពស់ចំពោះប្រជាជន ដែលមានបញ្ហាសុខភាព ជាពិសេសប្រជាពលរដ្ឋ ដែលមិនមានលទ្ធភាព និងពិបាកក្នុងការស្វែងរកសេវាពិគ្រោះព្យាបាល។

ការថ្លែងយ៉ាងដូច្នេះរបស់លោកសាស្ត្រាចារ្យ ក្នុងឳកាសអញ្ជើញជាអធិបតីភាពក្នុងពិធីបើកសិក្ខាសាលា ស្តីពីការពិនិត្យលទ្ធផលនៃការអនុវត្តក្របខ័ណ្ឌជំរុញបង្កើនការងារថែទាំសុខភាពបឋមឆ្នាំ២០២៤ និងផែនការសកម្មភាព ឆ្នាំ២០២៥ នាថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥។

សិក្ខាសាលានេះ ក៏មានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំក្រសួងសុខាភិបាល ក្រសួង ស្ថាប័នពាក់ព័ន្ធ លោកស្រីតំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា លោកតំណាងអង្គការ KOFIH ប្រចាំកម្ពុជា តំណាងរដ្ឋបាលរាជធានី-ខេត្ត មន្ទីរសុខាភិបាលរាជធានី-ខេត្ត អាជ្ញាធរមូលដ្ឋានភូមិ សង្កាត់ មណ្ឌលសុខភាព អ្នកទ្រទ្រង់សុខភាពភូមិ និងអង្គការដៃគូអភិវឌ្ឍន៍ទាំងអស់ ព្រមទាំងចូលរួមតាមប្រព័ន្ធ Zoom មន្រ្តីនៃមន្ទីរសុខាភិបាល ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ និងប្រធានមណ្ឌលសុខភាព សរុបចំនួន ១ ៤៣៥នាក់។

សិក្ខាសាលារៀបចំឡើងនាពេលនេះ ក្នុងគោលបំណងពិនិត្យ និងវាយតម្លៃប្រតិបត្តិការ ដើម្បីជំរុញបង្កើនការថែទាំសុខភាពបឋម ដែលជាមូលដ្ឋានគ្រឹះសម្រាប់ឈានទៅសម្រេចបាននូវផែនទីបង្ហាញផ្លូវឆ្ពោះ ទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា ឆ្នាំ២០២៤-២០៣៥ ពោលគឺ មិនទុកឱ្យប្រជាជនណាម្នាក់ មិនបានទទួលការថែទាំសុខភាពនោះឡើយ។

ដើម្បីអនុវត្តការងារថែទាំសុខភាពបឋម លោកសាស្ត្រាចារ្យរដ្ឋមន្រ្តីបានសង្កត់ធ្ងន់ចំនួន ៥ចំនុច ដូចជា៖ ១) សេវាសារវន្ត បដិសណ្ឋាកិច្ច និងអនាម័យ ២) សហគមន៍ ផ្តោតសំខាន់នៅតាមមូលដ្ឋានសុខាភិបាលគ្រប់កម្រិត ៣) អាចទទួលប្រើ និងត្រូវពង្រឹងគុណភាពមូលដ្ឋានសាធារណៈ និងឯកជន ៤) ផ្តោតសំខាន់ទៅលើការពារសុខភាព តាមរយៈការអប់រំសុខភាព ដើម្បីកាត់បន្ថយការព្យាបាល ៥)កិច្ចសហការ គ្រប់ស្ថាប័នគ្រប់ផ្នែក ទាំងអប់រំ និងកសិកម្ម បរិស្ថានជាដើម។

ឆ្លៀតក្នុងឱកាសនេះ លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍ជូនអង្គសិក្ខាសាលា និងស្នើអង្គការដៃគូ ស្ថាប័នពាក់ព័ន្ធ សូមជួយយកចិត្តទុកដាក់ក្នុងការបន្តការពង្រីង និងពង្រឹកបន្ថែមទៀតនូវកិច្ចការជំរុញការថែទាំសុខភាពបឋម ដូចជា៖

*ការងារអប់រំលើកកម្ពស់សុខភាព ជាអាទិភាពចម្បង និងសូមបន្តធ្វើការអប់រំផ្សព្វផ្សាយនូវសារអប់រំសុខភាព ពាក់ព័ន្ធលើការការពារសុខភាព ដោយប្រើវិធីសាស្រ្តចម្រុះ និងបន្តយុទ្ធនាការផ្លាស់ប្តូរឥរិយាបទនៃការរស់នៅជាប្រចាំ មានដូចជា «តិចអំបិល តិចខ្លាញ់ តិចស្ករ» និងកាត់បន្ថយការប្រើប្រាស់គ្រឿងស្រវឹង និងថ្នាំជក់ ជាដើម។

*លើកកម្ពស់គុណភាព និងកែលម្អសេវាសុខាភិបាល ព្រមទាំងអន្តរាគមន៍សុខភាពសាធារណៈបានទាន់ពេលវេលា នៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យគ្រប់កម្រិត និងត្រូវដោះស្រាយរាល់កត្តា ឬបញ្ហាដែលរារាំងដល់ការទទួលសេវារបស់ប្រជាជនទូទៅ ជាពិសេសជនងាយរងគ្រោះ។

*បន្តអភិវឌ្ឍធនធានមនុស្ស បង្កើនសមត្ថភាពបុគ្គលិក និងមន្ត្រីសុខាភិបាល នូវជំនាញបច្ចេកទេសទៅតាមតម្រូវការ និងឆ្លើយតបបញ្ហាសុខភាពរបស់សហគមន៍ ព្រមទាំងបង្កើនសមត្ថភាពក្នុងការគ្រប់គ្រង និងដឹកនាំ ប្រកបដោយភាពបុរេសកម្ម និងនវានុវត្តន៍។

*បង្កើនសមត្ថភាពសេវាសង្រ្គោះបឋម នៅតាមមណ្ឌលសុខភាព សេវាសង្គ្រោះបន្ទាន់ និងសេវាវះកាត់នៅមន្ទីរពេទ្យបង្អែកស្រុក និងពង្រឹងប្រព័ន្ធបញ្ជូនអ្នកជំងឺ ជាពិសេសជួយសង្រ្គោះអាយុជីវិតជនរងគ្រោះ បានទាន់ពេល។

*កែលម្អជាបន្តបន្ទាប់ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងលើកកម្ពស់នវានុវត្តន៍ ប្រព័ន្ធព័ត៌មានសុខាភិបាល និងសុខាភិបាលឌីជីថល

*ពង្រឹង និងជំរុញការចូលរួមរបស់សហគមន៍ ជាពិសេសតាមរយៈការគាំទ្រ និងរៀបចំការប្រជុំជាប្រចាំរបស់ក្រុមទ្រទ្រង់សុខភាពភូមិ (VHSG) និងគណៈកម្មាធិការគ្រប់គ្រងមណ្ឌលសុខភាព (HCMC)។

*បង្កើនគណនេយ្យភាព និងភាពជាអ្នកដឹកនាំនៅមូលដ្ឋាន ក្នុងវិស័យសុខាភិបាល ដែលជាគន្លឹះក្នុងការលើកទឹកចិត្ត ឱ្យមានការចូលរួមពីសហគមន៍ អន្តរវិស័យ និងត្រូវពង្រឹងនិយ័តកម្មសេវាសុខាភិបាលឯកជនផងដែរ។

*អាជ្ញាធរមូលដ្ឋានថ្នាក់ក្រោមជាតិ ត្រូវដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រជំរុញ ដោយកៀរគរធនធាន និងបញ្ចូលផែនការសកម្មភាពជំរុញបង្កើនការថែទាំសុខភាពបឋម ទៅក្នុងកម្មវិធីវិនិយោគ ៣ឆ្នាំរំកិល របស់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់។

ជាចុងក្រោយ លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានណែនាំដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ត្រូវចូលរួមអនុវត្ត ដោយផ្តោតលើគោលការណ៍សំខាន់ៗ ៥ គឺ គុណភាព ប្រសិទ្ធភាព សមធម៌ គណនេយ្យភាព និងនិរន្តរភាព ដែលជាក្របខណ្ឌយុទ្ធសាស្ត្ររបស់ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក៕