(ព្រះវិហារ)៖ នៅព្រឹកថ្ងៃអង្គារ ទី២៨ ខែមករា ឆ្នាំ២០២៥នេះ ឧបនាយក​រដ្ឋ​មន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ​តំណាង​​​ដ៏ខ្ពង់ខ្ពស់របស់​សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតី​សម្ពោធដាក់ឱ្យប្រើប្រាស់​រោងចក្រ​កែច្នៃកៅស៊ូធម្មជាតិ និងបើកមុខចៀរជ័រកៅ​ស៊ូ​ថ្មី របស់​ក្រុម​ហ៊ុនចម្ការកៅស៊ូរបស់លោកអ្នកឧកញ៉ា ទ្រី ភាព ស្ថិតនៅ​ក្នុង​ឃុំ​រមណីយ ស្រុករវៀង ខេត្តព្រះវិហារ។

ក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពីលោកអ្នកឧកញ៉ា ទ្រី ភាព ទីប្រឹក្សា​សម្តេច​​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអគ្គនា​យក​ក្រុមហ៊ុន​ទ្រីភាព ​អីុមផត អិចផត, អ្នកឧកញ៉ា គៀន ស្រីនាង, លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទ, លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ និងអភិបាលមក​បណ្តា​ខេត្ត​មួយចំនួនទៀត ព្រម​ទាំងមន្ត្រី​រាជការ កងកម្លាំងប្រដាប់អាវុធខេត្ត បុគ្គលិក កម្មករ​ក្រុមហ៊ុន​ទ្រីភាព​គ្រុប ក៏ដូចជាប្រជាពលរដ្ឋក្នុងស្រុងរវៀង ខេត្ត​ព្រះវិហារ សរុប​ជាង៣ពាន់នាក់។

លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានសម្តែងការអបអរសាទរជាមួយក្រុមហ៊ុនរបស់លោកអ្នកឧកញ៉ា ទ្រី ភាព ក៏ដូចជាថ្នាក់ដឹកនាំ និងបុគ្គលិកក្រុមហ៊ុនតាំងអស់ ចំពោះវឌ្ឍនភាពនៃការដាំដំណាំកៅស៊ូ ក៏ដូចជាការបង្កើតបានរោងចក្រសម្រាប់កែច្នៃកៅស៊ូ។

លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានគូសរំលេចថា ការបង្កើតរោងចក្រកែច្នៃជ័រកៅស៊ូធម្មជាតិ ផ្តល់អត្ថប្រយោជន៍ជំរុញ​កំណើនឧស្សាហកម្ម និងបង្កើនស្ថិរភាពសេដ្ឋ។ បន្ថែមពីលើនោះ រោងចក្រនេះ ក៏អនុញ្ញាតឱ្យផលិតនូវផលិតផលដែលមានតម្រូវការខ្ពស់ កាត់បន្ថយការពឹងទីផ្សារតែមួយ និងគាំទ្រការបង្កើតថ្មី ខណៈដែលការលើកកម្ពស់ការអនុវត្តប្រកបដោយនិរន្តរភាព និងរួមចំណែកដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ។

លោកឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន ក្រៅពីការអភិវឌ្ឍដំណាំកៅស៊ូ ក៏បានចូលរួមអភិវឌ្ឍន៍សហគមន៍ការបង្កើតផ្សារ ការសាងសង់សាលារៀន វត្តអារាម និងមណ្ឌលសុខភាព ដើម្បីលើកកម្ពស់វិស័យអប់រំ និងសុខាភិបាល។ ការអភិវឌ្ឍដំណាំកៅស៊ូលើដីសម្បទានសេដ្ឋកិច្ច មានគោលដៅពង្រីកគម្របព្រៃឈើ ដែលបានបាត់បង់នៅដីសម្បទាន ជំនួសដោយព្រៃកៅស៊ូ សំដៅបង្កើតបរិមាណគម្របព្រៃ សម្រាប់ការពារលំនឹងបរិស្ថានធម្មជាតិ ព្រមទាំងបង្កើតផលិតភាពកៅស៊ូ និងជំរុញការកែច្នៃផលិតផលកៅស៊ូ សម្រាប់ផ្គត់ផ្គង់តម្រូវការក្នុងស្រុក និងការនាំចេញទៅក្រៅប្រទេស ជាពិសេសការចូលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចជនបទ និងបង្កើនប្រាក់ចំណូលដល់ប្រជាកសិករ ដែលរស់នៅក្បែរដីសម្បទានសេដ្ឋកិច្ច ក្នុងទិសដៅកាត់បន្ថយភាពក្រីក្រ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។

សម្រាប់លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ការបន្តអភិវឌ្ឍន៍ដំណាំកៅស៊ូ និងការបង្កើតរោងចក្រកែច្នៃកៅស៊ូធម្មជាតិរបស់ក្រុមហ៊ុននាពេលនេះ នឹងបន្តបង្កើតឱកាសការងារដល់ប្រជាពលរដ្ឋបន្ថែមទៀត ដោយក្រុមហ៊ុននឹងត្រូវការកម្លាំងពលកម្មបន្ថែម ដើម្បីឆ្លើយតបតម្រូវការការងារ និងផលិតផលក្នុងទីផ្សារ។

សូមបញ្ជាក់ថា ឃុំរមណីយ ស្រុករវៀង ខេត្តព្រះវិហារ ជាតំបន់ស្ងប់ស្ងាត់ និងមិន​មាន​សកម្ម​ភាពសេដ្ឋកិច្ចនោះឡើយ។ ឆ្នាំ២០១១ រាជរដ្ឋាភិបាល​កម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បាន​ផ្តល់​ដីសម្បទានសេដ្ឋកិច្ចទំហំប្រមាណជិត ៥ពាន់ហិកតា ក្នុងភូមិ​សាស្ត្រ​ជូនក្រុមហ៊ុនរបស់លោកអ្នកឧកញ៉ា ទ្រី ភាព អភិវឌ្ឍលើការ​ដាំ​ដំណាំ​កៅ​ស៊ូ។ ក្រៅពីផ្ទៃដីផ្តល់ដោយរាជរដ្ឋាភិបាលជិត៥ពាន់​ហិក​តា​ហើយនោះ ក្រុមហ៊ុនក៏មានផ្ទៃដីជាកម្មសិទ្ធិរបស់ខ្លួនជាង ១ពាន់ហិកតាទៀត ដើម្បីអភិវឌ្ឍដំណាំកៅស៊ូនេះ។

ក្នុងរយៈពេលប្រមាណ១៤ឆ្នាំកន្លងមកនេះ ក្រុមហ៊ុនបានដាក់ទុន​វិនិ​យោគ និងប្រឹងប្រែងដាំដុះកៅស៊ូលើផ្ទៃដីសរុបជិត៦ពាន់ហិកតា​នេះ ដោយដាំកៅស៊ូ បានសរុប ៥,៦៨៦ហិកតា ស្មើនឹងប្រមាណ ៩៧.៤ភាគរយ នៃផ្ទៃដីសរុប។ ដំណាកៅស៊ូ បានចាប់ផ្តើមចៀរជ័រ​ដំបូង​នៅ​ឆ្នាំ២០១៨ ជាមួយទិន្នផល ២,៩៨៥តោន។ ទិន្នផល មាន​កំណើនជាបន្តបន្ទាប់ពីមួយឆ្នាំទៅមួយឆ្នាំ។ រហូតដល់ឆ្នាំ​២០២៤ ទិន្នផលជ័រកៅស៊ូទទួលបាន គឺជ័រទឹកជាង ១៣,៥២៦តោន និងជ័រ​ចាន​មានចំនួន ៦,៥៩២តោន។

នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥នេះ ដើមកៅស៊ូថ្មីលើទំហំដីជាង​១០០​​ហិកតា ស្មើននឹងជាង៦ម៉ឺនដើមទៀត ត្រូវបានបើកមុខ​ចៀរ​ជ័រ ដែលនឹងបង្កើនទិន្នផលជ័រកៅស៊ូកាន់តែច្រើនថែមទៀត។

ក្រៅតែពីវិនិយោគការដាំកៅស៊ូហើយនោះ នៅឆ្នាំ២០១៩ លោកអ្នក​ឧកញ៉ា ទ្រី ភាព បានសម្រេចបន្ថែមទុនវិនិយោគបង្កើតរោងចក្រ​កែ​ច្នៃជ័រកៅស៊ូ។

រោងចក្រនេះត្រូវបានសាងសង់លើផ្ទៃដីទំហំ១០ហិកតា ជារោងចក្រស្វ័យប្រវត្តិមួយមានកម្រិតខ្ពស់នៅកម្ពុជា មានខ្សែច្រវាក់ផលិតកម្មពីរខ្សែ គឺមួយខ្សែសម្រាប់ជ័រទឹក និងមួយខ្សែទៀតសម្រាប់ជ័រចាន ឬជ័របង្កក។ រោងចក្រនេះ មានតម្លៃវិនិយោគជាង ១១លានដុល្លារអាមេរិក។

បច្ចុប្បន្នរោងចក្រដំណើរការកិនតែមួយវេន និងមានកម្មករក្នុងស្រុកចំនួន៣២នាក់។ ក្នុងឆ្នាំ២០២៤ រោងចក្រទទួលបានជ័រទឹកជិត ១៤លានគីឡូក្រាម ដែលផលិតជ័រក្រែបសម្រេចបានជិត ៤លានតោន ស្មើនឹងទឹកប្រាក់ជិត ៤៣ម៉ឺនដុល្លារអាមេរិក។

ក្រៅពីការវិនិយោគលើការដាំដុះកៅស៊ូ ក៏ដូចជាបង្កើតរោងចក្រ​ហើយ​នោះ ក្រុមហ៊ុន ក៏បានវិនិយោគលើប្រព័ន្ធផ្លូវគមនាគមន៍ ដោយបានសាងសង់ផ្លូវ៤ប្រភេទ ស្មើនឹង៤៥ខ្សែ មានប្រវែងសរុប ២៥៥គីឡូម៉ែត្រ។

ក្រុមហ៊ុនក៏បានវិនិយោគលើការសាងសង់អគារផ្សេងៗទៀត មានដូចជាទីស្នាក់ការ អគារការិយាល័យ ផ្ទះថ្នាក់ដឹកនាំ និងផ្ទះសម្រាប់បុគ្គលិកស្នាក់នៅ ព្រមទាំងសួនច្បារ។ល។

ក្រុមហ៊ុន ក៏បានសង់ប្រព័ន្ធស្រោចស្រព ដោយបានស្ថាបនាទំនប់បង្ហៀរធំមួយកាត់បឹងទន្លេម្រេច ដើម្បីទប់ទឹកប្រើប្រាស់នៅរដូវប្រាំង។ សព្វថ្ងៃទំនប់បង្ហៀរនេះ បានក្លាយជារមណីយដ្ឋានដ៏ស្រស់ត្រកាល និងត្រជាក់ជាទីមនោរម្យសម្រាប់ការលេងកម្សាន្តសម្រាប់មនុស្សម្នាជិតឆ្ងាយជាច្រើន ជាពិសេសក្នុងពិធីបុណ្យនានា។

សម្រាប់ការវិនិយោគរបស់ក្រុមហ៊ុន បានផ្តល់អាទិភាពខ្ពស់ដល់កម្លាំងពលកម្មក្នុងស្រុក ជាពិសេសប្រជាពលរដ្ឋនៅក្នុងតំបន់ជុំវិញទីតាំងក្រុមហ៊ុន។ រហូតដល់សព្វថ្ងៃការងារដាំដុះកៅស៊ូ អ្នកបច្ចេកទេសខ្មែរអាចធ្វើបានទាំងស្រុង ដោយមិនចាំបាច់បរទេសនោះឡើយ។ ការធ្វើបែបនេះ គឺសំដៅដល់ការចូលរួមចំណែកកាត់បន្ថយភាពគ្មានការងារធ្វើរបស់បុគ្គលិក កម្មករ ជាពិសេសអ្នកបច្ចេកទេសខ្មែរ ដែលបានបណ្តុះបណ្តាលតាមគ្រឹះស្ថានអប់រំ។

ឆ្នាំ២០២៤ ខណៈដែលកៅស៊ូអាចបើកមុខចៀរជ័រលើផ្ទៃដីជិត៤ពាន់ហិកតានោះ មានបុគ្គលិក កម្មករ អ្នកបច្ចេកទេស និងអ្នកគ្រប់គ្រងសរុប ១,១៧២នាក់ បាននិងកំពុងបម្រើការងារ។ តាមការវាយតម្លៃនាពេលអនាគត ក្រុមហ៊ុននឹងត្រូវការកម្លាំងពលកម្មរហូតដល់ជិត ១,៨០០នាក់ នៅពេលកៅស៊ូអាចបើកមុខចៀរជ័របានទាំងអស់ ៥,៦៨៦ហិកតា។

អាស្រ័យតាមតួនាទី បុគ្គលិក កម្មករ និងថ្នាក់ដឹកនាំនៅចំការកៅស៊ូ នៃក្រុមហ៊ុនទ្រីភាព អីុមផត អិចផត អាចទទួលប្រាក់បៀវត្សរ៍ចាប់ពី២៥០ដុល្លារអាមេរិកក្នុងមួយខែ រហូតដល់ ២,៥០០ដុល្លារអាមេរិកក្នុងមួយខែ។

ក្នុងឆ្នាំ២០២៤ ក្រុមហ៊ុន បានចំណាយថវិកាសម្រាប់កម្លាំងពលកម្មប្រមាណ ២,០៩៤,៤៣១ដុល្លារអាមេរិក។ បន្ថែមពីលើនោះ លោកអ្នកឧកញ៉ា ទ្រី ភាព តែងតែបានគិតគូរ និងយកចិត្តទុកដាក់ចំពោះបុគ្គលិក និងកម្មករ ដោយបានបង្កើតគោលការណ៍ឧបត្ថម្ភដល់បុគ្គលិក កម្មករចំការកៅស៊ូ សម្រាប់បុគ្គលិករៀបការក្នុងក្រុមហ៊ុនឧបត្ថម្ភ៥លានរៀល, បុគ្គលិកសម្រាលកូន ឧបត្ថម្ភប្រាក់ ១លាន ២សែនរៀល។

រាប់ចាប់ពីឆ្នាំ២០១១ ដល់ឆ្នាំ២០២៤ ក្រុមហ៊ុនបានទុនវិនិយោគអស់ប្រមាណ ៧០លានដុល្លារអាមេរិក។ ក្នុងនោះ ៣៧លានដុល្លារ ចំណាយលើការរៀបចំការដាំដុះ ការពារ និងថែទាំកៅស៊ូ, ទឹកប្រាក់ ១១លានដុល្លារអាមេរិក ជាការវិនិយោគលើរោងចក្រកែច្នៃជ័រកៅស៊ូ និងទឹកប្រាក់ប្រមាណ ២២លានដុល្លារ ចំណាយលើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ។

ទាក់ទងការអភិវឌ្ឍសហគមន៍ លោកអ្នកឧកញ៉ា បណ្ឌិត អគ្គ​នា​យក បានគិតជាប់ និងចងចាំថា ការរីកចម្រើនរបស់ក្រុមហ៊ុន គឺមិន​អាចកាត់ផ្តាច់ពីការចូលរួមរបស់សហគមន៍នៅនឹងកន្លែងបាននោះឡើុយ។ ក្នុងន័យនេះ លោកអ្នកឧកញ៉ា បណ្ឌិត អគ្គនាយក បាន​ចូល​រួមចំណែកជួយអភិវឌ្ឍដល់សហគមន៍ ដូចជាការបង្កើតផ្សារ ការសាងសង់សាលារៀន វត្តអារាម មណ្ឌលថែទាំសុខភាព ទីស្នាក់​ការ​បក្សឃុំ និងស្នាក់ការដែនជម្រកសត្វព្រៃបឹងពែជាដើម ក្នុង​បំណង​លើកកម្ពស់ការអភិវឌ្ឍសហគមន៍លើគ្រប់វិស័យ​ខាងលើ​នេះ ឱ្យកាន់តែប្រសើរ ការវិនិយោគក្នុងវិស័យទាំងនេះលើកកម្ពស់​កំណើនសង្គម និងសេដ្ឋកិច្ចរយៈពេលវែង បង្កើតប្រជាជនដែល​មាន​សុខភាពល្អ និងមានការអប់រំកាន់តែច្រើន ដែលរួមចំណែកជា​វិជ្ជមានដល់ការ រីកចម្រើន និងវិបុលភាពរបស់សង្គម។

ដោយសារការប្ដេជ្ញាចិត្តរបស់ក្រុមហ៊ុនក្នុងការអភិរក្សបរិស្ថាន និង​អភិវឌ្ឍន៍សហគមន៍ថវិកាមួយ ផ្នែកធំដែលទទួលបានពីចំណូល​នានា​ពិសេសពីចំណូលជ័រកៅស៊ូ ត្រូវបានបរិច្ចាគសម្រាប់​រួម​ចំណែកដល់ការងារក្នុងសង្គមវិញ។ ទាំងនេះជាគោលបំណងចុង​ក្រោយរបស់ក្រុមហ៊ុន៕