(ភ្នំពេញ)៖ យោងតាមបណ្តាញសង្គមរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានឱ្យដឹងថា នៅវេលាម៉ោង៧យប់ថ្ងៃអង្គារ ទី២៨ ខែមករា ឆ្នាំ២០២៥នេះ សម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា នឹងថ្លែងសារពិសេសស្តីពីកម្មវិធី «ផ្តល់ដី ការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍន៍ដោយចីរភាព»។

កម្មវិធី «ផ្តល់ដី ការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍន៍ដោយចីរភាព» គឺជាកម្មវិធីមួយដាក់​ចេញ​ដោយសម្តេចនាយករដ្ឋមន្ត្រី ដើម្បីផ្តល់ដីជូនដល់ប្រជាពលរដ្ឋខ្វះខាត និងគ្មានដីពិតប្រាកដ។

កាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានចេញព្រះរាជក្រឹត្យបង្កើតគណៈកម្មាធិការជាតិដឹកនាំអនុវត្តកម្មវិធីផ្តល់ដី ការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព។

ព្រះរាជក្រឹត្យ បានបញ្ជាក់ថា គណៈកម្មាធិការជាតិនេះ ជាយន្តការដឹកនាំសម្របសម្រួល និងអនុវត្តកម្មវិធីផ្តល់ដីការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព ក្នុងគោលដៅផ្តល់ដីក្រោមទម្រង់សម្បទានសង្គមកិច្ចជូនប្រជាពលរដ្ឋក្រីក្រគ្មានទីលំនៅសម្រាប់សង់លំនៅឋាន និងខ្វះដីសម្រាប់ធ្វើកសិកម្មជាលក្ខណៈគ្រួសារ និងគាំទ្រគម្រោងអភិវឌ្ឍសហគមន៍ ព្រមទាំងការពារព្រៃនៅជិតទីតាំងផ្តល់ដីប្រកបដោយចីរភាព។

គណៈកម្មាធិការជាតិនេះ មាននាយករដ្ឋមន្ត្រីជាប្រធាន, រដ្ឋមន្ត្រីតាមបណ្តាមក្រសួងនានា រួមជាមួយមេទ័ពកំពូលៗ អភិបាលរាជធានី ខេត្ត ជាអនុប្រធាន និងជាសមាជិក។

គណៈកម្មាធិការជាតិនេះ ត្រូវប្រជុំយ៉ាងតិចរៀងរាល់៦ខែម្តង ឬប្រជុំវិសាមញ្ញតាមការអញ្ជើញរបស់ប្រធាន៕