(ប៉ារីស)៖ នាយករដ្ឋមន្រ្តីបារាំង លោក Francois Bayrou បានិយាយថា មហាសេដ្ឋីអាមេរិក លោក Elon Musk ដែលជាម្ចាស់កម្មវិធីប្រព័ន្ធផ្សព្វផ្សាយសង្គម X និងជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កំពុងបង្កការគំរាមកំហែងដល់លទ្ធិប្រជាធិបតេយ្យ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៨ ខែមករា ឆ្នាំ ២០២៥។
ការអត្ថាធិប្បាយរបស់លោក Bayrou អំពីលោក Musk កើតមានឡើងបន្ទាប់ពីលោកបានព្រមាន កាលពីសប្តាហ៍មុនថា បារាំង ក៏ដូចជាអឺរ៉ុបទាំងមូល ត្រូវក្រោកឡើងដើម្បីប្រឈមមុខជាមួយលោក ត្រាំ និងគោលនយោបាយរបស់លោក ឬក៏ចង់ប្រថុយប្រថាន ចំពោះភាពត្រួតត្រា ការបង្ខិតបង្ខំ និងគំរាមកំហែង។
លោក Musk ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Tesla ផងដែរ បានបង្ហាញឆន្ទៈក្នុងការថ្លឹងថ្លែងលើ បញ្ហានយោបាយបរទេស ហើយថែមទាំងប្រកាសគាំទ្រគណបក្សអាល្លឺម៉ង់មួយ ដែលមាននិន្នាការប្រឆាំងជនអន្តោប្រវេសន៍ នៅមុនការបោះឆ្នោតខែកុម្ភៈ ជាមួយនិងការអត្ថាធិប្បាយម្តងហើយម្តងទៀត អំពីនយោបាយរបស់ចក្រភពអង់គ្លេស ដោយទាមទារឱ្យនាយករដ្ឋមន្ត្រី លោក Keir Starmer ចុះចេញពីតំណែង៕