(កណ្តាល)៖ ឃុំដីឥដ្ឋ ស្ថិតក្នុងស្រុកកៀនស្វាយ ខេត្តកណ្តាលទទួលបានជ័យលាភីលេខ១ សម្រាប់ការប្រើទ្បើងប្រណាំងផ្ទៃក្នុង «ភូមិ ឃុំ មានសុវត្ថិភាពក្នុងវិស័យបរិស្ថាន»ខេត្តកណ្តាលឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តកណ្តាល និងភូមិស្តៅកន្លែង២ ក្នុងឃុំដីឥដ្ឋទទួលបានជ័យលាភីលេខ១ផងដែរ។

លោក យ៉ែម ប៊ុណ្ណា មេឃុំដីឥដ្ឋបានលើកទ្បើងថា កត្តាសំខាន់ដែលធ្វើឲ្យឃុំដីឥដ្ឋទទួលបានជ័យលាភីលេខ១សម្រាប់ការប្រទ្បងប្រណាំងផ្ទៃក្នុងភូមិ ឃុំ មានសុវត្ថិភាពក្នុងវិស័យបរិស្ថានខេត្តកណ្តាលឆ្នាំ២០២៣នោះគឺដោយសារតែមានការយល់ដឹង និងការចូលរួមយ៉ាងសកម្មពីប្រជាពលរដ្ឋក្នុងមូលដ្ឋាន គួបផ្សុំនឹងការប្តេជ្ញាចិត្តនិងការបំផុសចលនាយល់ដឹង និងលើកទឹកចិត្តជាប្រចាំរបស់អាជ្ញាធរភូមិឃុំ សំខាន់រូបលោកផ្ទាល់ដែលជាថ្នាក់ដឹកនាំក្នុងឃុំដីឥដ្ឋ។
   លោកមេឃុំបានឲ្យដឹងថា ពាក់ព័ន្ធនឹងយន្តការនេះ លោកក៏ធ្លាប់បានទៅចូលរួមនៅក្នុងថ្នាក់ជាតិអំពីការងារបរិស្ថានស្អាត ហើយលោកមានគំនិតថា បើសិនជាកម្មវិធីនេះត្រូវធ្លាក់ដល់ឃុំនោះ ក្នុងនាមលោកជាមេឃុំ នឹងព្យាយាមធ្វើយ៉ាងណាដណ្តើមពានរង្វាន់នេះឲ្យបានសម្រាប់ឃុំដីឥដ្ឋ។ ផ្តើមពីនោះលោកក៏មានយន្តការជាច្រើន ដើម្បីសម្រេចបាននូវការងារស្តីពីបរិស្ថានស្អាតនេះ ដូចជាចលនាបំផុសការយល់ដឹងរបស់ប្រជាពលរដ្ឋសំខាន់ការយល់ដឹងអំពីបរិស្ថាន និងសុខភាព ហើយនេះជាកត្តាចម្បងដែលយើងព្យាយាមជាប្រចាំសំដៅបំផុសនិងលើកទឹកចិត្តប្រជាពលរដ្ឋក្នុងការចូលរួមចលនាប្រទ្បងប្រណាំង។
  យ៉ាងណាក៏ដោយលោកមិនភ្លេចទេថា ការងារទាំងអស់នេះចាំបាច់ណាស់ក៏ត្រូវមានការចូលរួមផងដែរពីក្រុមប្រឹក្សាឃុំ មេភូមិ កម្លាំងនគរបាល ប្រជាការងារ លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សទាំងអស់ព្រោះថាសមាសភាពទាំងអស់នេះត្រូវមានការតាំងចិត្តខ្ពស់ និងអនុវត្តជាគំរូជាមុនសម្រាប់ចលនាប្រទ្បងប្រណាំងដ៏មានសារប្រយោជន៍នោះ។

លោក យ៉ែម ប៊ុណ្ណា ក៏បានបញ្ជាក់ដែរថា ពានរង្វាន់លេខ១ដែលឃុំដីឥដ្ឋទទួលបាននៅពេលនេះ គឺជាពានរង្វាន់សម្រាប់ឆ្នាំ២០២៣ ខណៈឆ្នាំ២០២៤ មិនមាននោះទេ ហើយអាចនឹងបើកប្រកួតប្រជែងទ្បើងវិញនៅឆ្នាំ២០២៥។ 

លោកថាសម្រាប់ពានរង្វាន់នេះ គឺមានការវាយតម្លៃលើសោភណ្ឌភាព ការទុកដាក់សំរាមតាមទីប្រជុំជន ទីសាធារណៈ បង្គន់អនាម័យទឹកស្អាត ភ្លើង រួមទាំងការអភិរក្សសត្វព្រៃក្នុងមូលដ្ឋានផងដែរ។ ប៉ុន្តែសម្រាប់លោកជាមេឃុំដីឥដ្ឋ លោកសន្យាថានឹងខិតខំអស់ពីកម្លាំងកាយចិត្តដើម្បីរក្សាតំណែងជាម្ចាស់ពានរង្វាន់នេះបន្តទៀតហើយលោកក៏បានត្រៀមយន្តការរួចរាល់ហើយដែរសម្រាប់រក្សាពានរង្វាន់នោះ។
  លោកក៏បានបញ្ជាក់អំពីយន្តការមួយចំនួនផងដែរសម្រាប់ត្រៀមប្រកួតប្រជែងបន្ត ក្នុងនោះរួមមានការតាំងចិត្តរបស់ក្រុមប្រឹក្សាឃុំ មេភូមិកងកម្លាំងនគរបាល ប្រជាការពារ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សហើយអ្វីជាសំខាន់គឺការចូលរួមពីប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ 
លោកបញ្ជាក់បន្ថែមថា អ្វីដែលលោកចាប់ផ្តើមដំបូងគេសម្រាប់ការងារបរិស្ថានស្អាតនោះគឺសាលារៀន វត្តអារាម និងទីសាធារណៈ។ ពាក់ព័ន្ធនឹងការងារនេះ តាមគម្រោងនាពេលខាងមុខឆាប់ៗនេះ នឹងមានការបង្កើតឧទ្យានសាធារណៈមួយនៅចំណុចបឹងថាស់ក្នុងឃុំដីឥដ្ឋដែលជាឧទ្យានថ្នាក់ស្រុក ហើយនោះក៏ជាសក្តានុពលមួយបន្ថែមទៀតសម្រាប់ឃុំដីឥដ្ឋដែលវានឹងបំពេញនូវគ្រប់សុចនាករដើម្បីចូលរួមក្នុងការប្រទ្បងប្រណាំងថ្នាក់ខេត្ត។
  ទន្ទឹមគ្នានេះ លោកមេឃុំ ក៏បានអំពាវនាវផងដែរដល់កម្លាំងស្នូលពាក់ព័ន្ធគ្រប់ថ្នាក់ សំខាន់ប្រជាពលរដ្ឋក្នុងមូលដ្ឋានឃុំដីឥដ្ឋបន្តលើកកម្ពស់ការចូលរួមឲ្យបានកាន់តែសកម្មថែមទៀតក្នុងវិស័យបរិស្ថានស្អាត សុខភាពល្អ រស់នៅប្រកបដោយអនាម័យ និងផាសុកភាពដើម្បីដណ្តើមពានរង្វាន់ថ្មីៗ បន្តទៀត។  

សូមជម្រាបថា កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ នៅខេត្តកណ្តាលមានរៀបចំពិធីប្រកាសជ័យលាភី និងការប្រគល់ពានរង្វាន់សម្រាប់ការប្រទ្បងប្រណាំងផ្ទៃក្នុងភូមិ ឃុំ មានសុវត្ថិភាពក្នុងវិស័យបរិស្ថានខេត្តកណ្តាល។ តាមរបាយការណ៍របស់លោក ពៅ សោមាណាក់ ប្រធានមន្ទីរបរិស្ថានខេត្តកណ្តាល បានឱ្យដឹងថា ឃុំ-សង្កាត់ឆ្នើម សម្រាប់កម្មវិធីប្រឡងប្រណាំងផ្ទៃក្នុងខេត្ត«ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ក្នុងវិស័យបរិស្ថាន ក្នុងចំនួន១៣ក្រុង-ស្រុក នៃខេត្តកណ្តាល រួមមាន៖ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ, សង្កាត់តាខ្មៅ ក្រុងតាខ្មៅ, ឃុំសំរោងលើ ស្រុកអង្គស្នួល, ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល, សង្កាត់សំពៅពូន ក្រុងសំពៅពូន។

ចំនួនភូមិឆ្នើមទាំង៥មាន៖ ភូមិកំពង់សំណាញ់ ស្ថិតក្នុងក្រុងតាខ្មៅ,  ភូមិព្រែកជ្រូក ស្ថិតក្នុងក្រុងអរិយក្សត្រ, ភូមិស្តៅកន្លែង ស្ថិតក្នុងស្រុកកៀនស្វាយ, ភូមិបឹងក្រោម ស្ថិតក្នុងស្រុកលើកដែក, និងភូមិថ្នល់ទទឹង ស្រុកអង្គស្នួល។
 
 គួរបញ្ជាក់ដែរថា ក្រសួងបរិស្ថាន បានរៀបចំចលនាការរៀបចំប្រឡងប្រណាំងផ្ទៃក្នុងខេត្ត«ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព»ក្នុងវិស័យបរិស្ថាន រៀងរាល់២ឆ្នាំម្តង ដោយក្នុងនោះសម្រាប់ខេត្តកណ្ដាលឆ្នាំ២០២៣  មានភូមិចំនួន១២៣ និងឃុំ-សង្កាត់ ចំនួន១២២ បានចូលរួមការប្រឡងប្រណាំងផ្ទៃក្នុងនេះ នៅតាមបណ្តាក្រុងស្រុកទាំង១៣ នៃខេត្តកណ្តាល៕