(កំពង់ធំ)៖ ព្រះគ្រូធម្មកវីវង្សាចារ្យ ឡាន់ សុមនោ ព្រះគ្រូចៅអធិការវត្តពាមមេត្រី នៅស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានសេចក្តីថ្លែងការណ៍ថ្កោលទោសយ៉ាងដាច់អហង្ការលើមេក្រុម សមាគមទេវ សក្ខី ភគវន្ត ដែលបានពន្យល់ធម៌ ប្រាសចាកខ្លឹមសារដើមនៃព្រះពុទ្ធវចនៈ និងបានព្យាយាមនិយាយ បំភាន់កិច្ចបដិបត្តិរបស់ពុទ្ធសាសនិកខ្មែរ។

នៅក្នុងសេចក្តីថ្លែងការណ៍របស់ព្រះគ្រូធម្មកវីវង្សាចារ្យ ឡាន់ សុមនោ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននាថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥នេះ បានបញ្ជាក់ទៀតថា ទង្វើនេះធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរចំពោះព្រះពុទ្ធសាសនា ដែលមានតម្លៃដ៏ផូរផង់សម្រាប់ពុទ្ធសាសនិកខ្មែរ ប្រមាណស្មើជាង៩០% ជាអ្នកកាន់ព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ។

បុគ្គលនេះមានគំនិតទុច្ចរិត បាននិយាយបកស្រាយបំភាន់ ប្រមាថយ៉ាងធ្ងន់ធ្ងរចំពោះព្រះសង្ឃ ថាជាបុគ្គលពេញកំពុង ពេញកម្លាំងហើយរស់នៅជាបន្ទុកដល់ពុទ្ធបរិស័ទ និងបានពោលត្មះតិះដៀលថា ព្រះត្រៃបិដកខ្មែរ ជាព្រះត្រៃបិដក មិនគ្រប់ទឹកជាដើម។

មនោគមវិជ្ជាដែលដឹកនាំដោយសមាគមទេវ សក្ខី ភគវន្ត កំពុងតែផ្សាយសាបព្រោះនាពេលបច្ចុប្បន្ន តាមរយៈបណ្តាញ សង្គមហ្វេសបុកផេក (Facebook Page) ឈ្មោះសមាគមទេវ សក្ខី ភគវន្ត គឺពិតជាបានធ្វើឲ្យមានការច្របូកច្របល់ដល់កិច្ចបដិបត្តិរបស់ពុទ្ធសាសនិកខ្មែរ ដែលធ្លាប់មានសុខដុមនីយកម្មរួមគ្នាជាយូរណាស់មកហើយ ក្រោមម្លប់សន្តិភាពដ៏សុខសាន្ត ក្នុងព្រះរាជាណាចក្រកម្ពុជា ដែលមានព្រះមហាក្សត្រ និងរាជរដ្ឋាភិបាលខិតខំប្រឹងប្រែងលើកស្ទួយ គោរពប្រតិបត្តិ និងយកចិត្ត ទុកដាក់យ៉ាងខ្ពង់ខ្ពស់ជាទីបំផុត។

ដើម្បីការពារតម្លៃព្រះសង្ឃ និងព្រះពុទ្ធសាសនាខ្មែរដ៏ផូរផង់របស់ជាតិ វត្តពាមមេត្រី ស្នើសុំក្រសួងធម្មការ និងសាសនា រួមនិងគណៈសង្ឃទាំងពីរគណៈ និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ សូមចាត់វិធានការតាមផ្លូវច្បាប់ចំពោះបុគ្គលនេះនិងសមា គមទេវ សក្ខី ភគវន្ត ឲ្យម៉ឺងម៉ាត់បំផុត៕