(រតនគិរី)៖ ប្រជាពលរដ្ឋនៅឃុំស៊ើង ស្រុកបរកែវ ខេត្តរតនគិរី បានស្លាប់៣នាក់ និងកំពុងសង្គ្រោះបន្ទាន់២នាក់ សង្ស័យពុលស្រាស ហេីយលោកអភិបាលខេត្ត បានបញ្ជាឲ្យបិទទីតាំងផលិតស្រាសនៅទូទាំងខេត្ត រងចាំលទ្ធផលធ្វើសំណាកពីក្រុមគ្រូពេទ។
បើយោងតាមរបាយការណ៍ ពីក្រុមឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលខេត្តរតនគិរី ឲ្យដឹងនៅរសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ នេះបញ្ជាក់ថា នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង១២៖០៦នាទី នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានទទួលព័ត៌មាន ពីក្រុមឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលខេត្តរតនគិរី មានព្រឹត្តិការណ៍សង្ស័យពុលម្ហូបអាហារមួយ ដោយមានករណី សរុបចំនួន ០៥នាក់ ក្នុងនោះមាន ០៣នាក់ ត្រូវបានស្លាប់ និង០២នាក់ផ្សេងទៀតកំពុងសម្រាកនៅមន្ទីរពេទ្យ។
អ្នកស្លាប់ទាំងបីនាក់នោះ ទី១-ភេទប្រុស,អាយុ៧៨ឆ្នាំ,ទី២-ភេទប្រុស អាយុ ៦០ឆ្នាំ និងទី៣-ភេទស្រី អាយុ ៥៤ឆ្នាំ ដោយទីតាំងកើតហេតុស្ថិតនៅក្នុងភូមិយ៉ាសោម ឃុំស៊ើង ស្រុកបរកែវ ខេត្តរតនគិរី។ ដោយឡែកអ្នកជំងឺដែលកំពុងសម្រាកពេទ្យនោះ ម្នាក់កំពុងសម្រាកនៅមន្ទីរពេទ្យបង្អែកខេត្ត និង ១នាក់ទៀតកំពុងសម្រាកនៅមន្ទីរពេទ្យបង្អែកបរកែវ។ អ្នកជំងឺមានរោគសញ្ញាដូចជា៖ ឈឺពោះ ក្អួត ថប់ដង្ហើម និងស្រវាំងភ្នែក។
តាមការអង្កេតរកមូលហេតុរបស់ក្រុមឆ្លើយតបបន្ទាន់ នៃមន្ទីរសុខាភិបាលខេត្តរតនគិរី និងអាជ្ញាធរមូលដ្ឋានបានធ្វើការសន្និដ្ឋានដោយដាក់ការសង្ស័យថា ការឈឺរបស់អ្នកជំងឺអាចបណ្ដាលមកពីការពុលម្ហូបអាហារ(ស្រាស)។
បច្ចុប្បន្ន ក្រុមការងារខេត្តបានប្រមូលសំណាកម្ហូបអាហារ(ស្រាស) និងលាមកអ្នកជំងឺ បញ្ជូនមកមន្ទីរពិសោធន៍ដើម្បីត្រួតពិនិត្យ។ ជាមួយគ្នានេះផងដែរ ក្រុមការងារបានផ្តល់សារ អប់រំដល់អ្នកជំងឺ និងអ្នកកំដរអំពីសុវត្ថិភាពម្ហូបអាហារនិងបន្តតាមដាន អ្នកដែលបានបរិភោគហើយ តែមិនទាន់ចេញរោគសញ្ញា។
ភ្លាមៗ បន្ទាប់ពីទទួលបានព័ត៌មាននេះលោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានបញ្ជាឲ្យអាជ្ញាធរក្រុង ស្រុក ទាំង៩ ចុះធ្វើការបិទ ទីតាំងផលិត ស្រា ស បណ្តោះអាសន្នរង់ចាំលទ្ធផល ធ្វើសំណាកពីក្រុមគ្រូពេទ្យថា តើមូលហេតុអ្វីឲ្យពិតប្រាកដបណ្តាលឲ្យមានអ្នកស្លាប់ និងអ្នករងគ្រោះក្នុងករណីនេះ៕