(បន្ទាយមានជ័យ)៖ នៅយប់ថ្ងៃបុណ្យចូលឆ្នាំប្រពៃណីជនជាតិចិន-វៀតណាម ថ្ងៃទី២៨ ឈានចូលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ មានករណីអគ្គីភ័យមួយបានឆាបឆេះផ្សារត្រី នៅក្នុងភូមិបាលិលេយ្យ១ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បណ្ដាលឱ្យឆាប់ឆេះតូបលក់ដូររបស់អាជីវករអស់ជាច្រើនតូប។

ភ្លាមៗនោះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានបញ្ជូនកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត កម្លាំងវរនគរបាលការពារព្រំដែនគោកលេខ៨៩១, ៩១១ ជាង១០០នាក់ នាំយករថយន្តទឹកចំនួន០៤គ្រឿង សហការជាមួយកម្លាំងកងរាជអាវុធហត្ថ អាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋ ជួយអន្តរាគមន៍ពន្លត់កន្លែងកើតហេតុ រហូតដល់វេលាម៉ោង២៤:៥០នាទី ទើបគ្រប់គ្រងបាននិងភ្លើងរលត់ទៅវិញទាំងស្រុង។

លោកវរសេនីយ៍ឯក ព្រហ្ម ពិសិដ្ឋ អធិការ នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានបញ្ជាក់ថា ករណីអគ្គិភ័យឆាប់ឆេះផ្សារត្រីនេះ បានបណ្ដាលឲ្យ ឆេះតូបអស់ចំនួន៣តូប គឺតូបសាឡន១ តូបអីវ៉ាន់ចាបហួយ១ និងតូបលក់ខោអាវ១​ អីវ៉ាន់ឆេះទាំងស្រុង មានម្ចាស់១-ឈ្មោះ សែម គឹមស៊ុង ភេទស្រី ២-ឈ្មោះ វុទ្ធ ចាន់សោភ័ណ្ឌ ភេទស្រី ៣-ឈ្មោះ សែម គីមឡែន ភេទស្រី។ តែហេតុការណ៍នេះមិនបានបណ្ដាលឱ្យជនណាម្នាក់រងរបួស ឬស្លាប់បាត់បង់ជីវិតឡើយ៕