(ភ្នំពេញ)៖ នៅព្រឹកថ្ងៃពុធ ទី៣០ ខែមករា ឆ្នាំ២០២៥នេះ រាជរដ្ឋាភិបាលកម្ពុជា ប្រកាសដាក់ឱ្យដំណើរការប្រព័ន្ធថ្មីនៃការលក់ និងត្រួតពិនិត្យសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ដែលជាប្រព័ន្ធបង្កភាពងាយស្រួល និងលុបបំបាត់ភាពស្មុគស្មាញសម្រាប់ភ្ញៀវទេសចរ។
ការដាក់ឱ្យអនុវត្តជាផ្លូវការនូវប្រព័ន្ធលក់សំបុត្រ និងការត្រួតពិនិត្យសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរនេះ គឺជាការដាក់ឱ្យអនុវត្តនូវថ្នាលឌីជីថល សម្រាប់ការលក់ និងការគ្រប់គ្រងការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ និងរមណីយដ្ឋានទេសចរណ៍ពាក់ព័ន្ធផ្សេងទៀត ក្រោមសមត្ថកិច្ចរបស់គ្រឹះស្ថានអង្គរ ដែលជាសមិទ្ធផលថ្មីមួយទៀតរបស់រាជរដ្ឋាភិបាល ក្នុងកិច្ចប្រឹងប្រែងធ្វើឱ្យប្រសើរឡើង នូវការផ្តល់សេវាជូនដល់ភ្ញៀវទេសចរអន្តរជាតិ, ការជំរុញការទាក់ទាញទេសចរអន្តរជាតិ និងការលើកកម្ពស់កំណើនសេដ្ឋកិច្ចជាតិ។
ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឧបនាយករដ្ឋមន្ត្រី នេត សាវឿន តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងមានការអញ្ជើញចូលរួមពីសមាជិករាជរដ្ឋាភិបាល ជាឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី និងរដ្ឋមន្ត្រី អភិបាលខេត្ត មន្ត្រីរាជការក្នុងខេត្តសៀមរាប ព្រមទាំងប្រតិបត្តិករក្នុងវិស័យទេសចរណ៍។
រាជរដ្ឋាភិបាលបានចាត់ទុកវិស័យទេសចរណ៍ជា «មាសបៃតង» និងជាសរសរស្តម្ភ មួយដ៏សំខាន់ ដែលជួយដល់ការជំរុញកំណើនសេដ្ឋកិច្ច, បង្កើតឱកាសការងារ និង លើកស្ទួយវប្បធម៌ជាតិ។ ទេសចរណ៍ត្រូវបានគេមើលឃើញថា ជាវិស័យមួយដែលមានការរីកចម្រើនយ៉ាងរហ័ស តាមរយៈការចាប់យកនូវបច្ចេកវិទ្យាថ្មី, ជាពិសេស បច្ចេកវិទ្យាឌីជីថល ដែលរួមចំណែកយ៉ាងសំខាន់ក្នុងការគ្រប់គ្រង និងការស្តារឡើងវិញនៃឧស្សាហកម្មទេសចរណ៍ក្នុងអំឡុង និងក្រោយវិបត្តិនៃជំងឺកូវីដ-១៩។
រមណីយដ្ឋានអង្គរជាតំបន់ទេសចរណ៍វប្បធម៌ និងប្រវត្តិសាស្ត្រដ៏ល្បីល្បាញលើពិភពលោក និងទាក់ទាញអ្នកទេសចរអន្តរជាតិចូលទស្សនារង្វង់ជាងពីរលាននាក់ក្នុងមួយឆ្នាំ នៅមុនពេលជួបវិបត្តិនៃការរាតត្បាតជំងឺកូវីដ១៩។
រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតគ្រឹះស្ថានអង្គរ ដែលជាគ្រឹះស្ថានសាធារណៈរដ្ឋបាលនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០១៦, ជាអង្គភាពថ្មីមួយសម្រាប់ធ្វើការគ្រប់គ្រង ការប្រមូល និងការបង់ចំណូលពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ជាអាណាព្យាបាលហិរញ្ញវត្ថុ និងក្រសួងទេសចរណ៍, ជាអាណាព្យាបាលបច្ចេកទេស។
អង្គភាពនេះ ជាស្ថាប័នប្រមូលចំណូលមិនមែនសារពើរពន្ធថ្មីមួយរបស់រាជរដ្ឋាភិបាល។ បន្ទាប់ពីការបង្កើតគ្រឹះស្ថានអង្គរភ្លាម គ្រឹះស្ថានអង្គរ បានរៀបចំអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន សម្រាប់គ្រប់គ្រងប្រតិបត្តិការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ដែលត្រូវបានដាក់ឱ្យដំណើរការលើកដំបូងនៅចុងឆ្នាំ២០១៦ សំដៅកែលម្អសេវាលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរឱ្យកាន់តែប្រសើរឡើង សម្រាប់ទេសចរអន្តរជាតិ និងគ្រប់គ្រងការប្រមូលចំណូលឱ្យកាន់តែមានភាពងាយស្រួល, មានតម្លាភាព និង មានប្រសិទ្ធភាពខ្ពស់។ តាមរយៈប្រព័ន្ធនេះ គ្រឹះស្ថានអង្គរ អាចគ្រប់គ្រងការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ បានកាន់តែរលូនល្អ ហើយបានអនុញ្ញាតឱ្យទេសចរ អាចទូទាត់ការបង់ប្រាក់តាមរយៈប្រព័ន្ធអេឡិចត្រូនិក ជាមួយបណ្ណឥណទាន (Credit Card) ឬ បណ្ណឥណពន្ធ (Debit Card) នៅឆ្នាំ២០១៧ ដែលកាលពីមុននេះ ការទូទាត់ប្រាក់ ត្រូវបានធ្វើឡើងដោយប្រើប្រាស់ក្រដាសប្រាក់ទាំងស្រុង។
ដើម្បីគ្រប់គ្រងទិន្នន័យបានច្បាស់លាស់, ធានាបានតម្លាភាព និងគណនេយ្យភាព, គ្រឹះស្ថានអង្គរ ក៏បានបន្តធ្វើទំនើបកម្មប្រព័ន្ធលក់សំបុត្ររបស់ខ្លួន ឱ្យកាន់តែទំនើប ដែលអាចផ្ដល់តួលេខលក់សំបុត្របានភ្លាមៗ (Real time) ជាសាធារណៈនៅលើគេហទំព័ររបស់ខ្លួន និងត្រូវបានដាក់ឱ្យដំណើរការចាប់ពីឆ្នាំ២០១៨មក។ ដោយមើលឃើញពីតម្រូវការបន្ថែមរបស់ភ្ញៀវទេសចរ និងដើម្បីផ្ដល់ភាពកាន់តែងាយស្រួលជូនដល់ភ្ញៀវទេសចរ ក្នុងការទិញសំបុត្របានគ្រប់ពេល និងគ្រប់ទីកន្លែង ដោយពុំចាំបាច់មកតម្រង់ជួរនៅតាមបញ្ជរលក់សំបុត្រផ្ទាល់, គ្រឹះស្ថានអង្គរក៏បានដាក់ឱ្យដំណើរការនូវការលក់សំបុត្រតាមអនឡាញជាទម្រង់ Web Portal នៅលើគេហទំព័ររបស់ខ្លួនចាប់តាំងពីឆ្នាំ២០១៩មក។
ការដាក់ឱ្យចាប់ផ្តើមប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានកាលពីឆ្នាំ២០១៦ ដល់ ឆ្នាំ២០១៩ អាចដោះស្រាយ និងសម្រួលមួយផ្នែកនៃនីតិវិធីចាស់, ក៏ប៉ុន្តែមិនបានដោះស្រាយទាំងស្រុងនូវបញ្ហាប្រឈមដទៃទៀតឡើយ។ ការណ៍នេះ ទាមទារឱ្យមានការកែទម្រង់ការលក់សំបុត្រ, ការកំណត់ឡើងវិញនូវទិន្នន័យដែលតម្រូវឱ្យទេសចរអន្តរជាតិផ្ដល់ជូន និងការកំណត់ឡើងវិញនូវរំហូរនៃការត្រួតពិនិត្យសំបុត្រផងដែរ។
នៅក្នុងបរិការណ៍នេះ គ្រឹះស្ថានអង្គរ បានសហការជិតស្និទ្ធជាមួយអគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល, ដោយមានការគាំទ្របច្ចេកទេសបន្ថែមពីធនាគារវឌ្ឍនៈអាស៊ីចំកាត់ ហៅកាត់ថា ABA ដើម្បីធ្វើការសិក្សាមួយ ស្តីពីការកែទម្រង់ ការគ្រប់គ្រងប្រតិបត្តិការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរឱ្យកាន់តែប្រសើរ និងការបន្តធ្វើទំនើបកម្មប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ជាមួយការពិនិត្យលទ្ធភាពលុបចោលទាំងស្រុងនូវព័ត៌មានផ្ទាល់ខ្លួន ដែលធ្លាប់តម្រូវឱ្យភ្ញៀវទេសចរអន្តរជាតិផ្តល់ជូន។ ការសិក្សានេះ ត្រូវបានធ្វើឡើងយ៉ាងលម្អិត តាមរយៈការចុះសម្ភាសន៍ផ្ទាល់ និងការអង្កេតលើគ្រប់តួអង្គពាក់ព័ន្ធ។
ជាមួយនឹងលទ្ធផលនៃការសិក្សានេះ ដោយមានការពិគ្រោះយោបល់ ជាមួយវិស័យឯកជនផងដែរ និងជាពិសេសដោយមានការណែនាំតម្រង់ទិសបន្ថែមដ៏ខ្ពង់ខ្ពស់ជាបន្តបន្ទាប់ពីសំណាក់សម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រី, គម្រោងកែទម្រង់ប្រព័ន្ធលក់សំបុត្ររបស់គ្រឹះស្ថានអង្គរ ត្រូវបានរៀបចំឡើងដោយជោគជ័យ និងកើតចេញជាផ្លែផ្កាដ៏ត្រចះត្រចង់នាថ្ងៃនេះ។
ឧបនាយករដ្ឋមន្ត្រី នេត សាវឿន បានបង្ហាញក្តីសោមនស្សរីករាយ និងកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រសួងទេសចរណ៍, រដ្ឋបាលខេត្តសៀមរាប និងភាគីពាក់ព័ន្ធទាំងអស់ ដែលតែងតែខិតខំធ្វើការងារយ៉ាងសស្រាក់សសាំនៅក្នុងការស្តារ និងជំរុញកំណើនវិស័យទេសចរណ៍របស់កម្ពុជា ក៏ដូចជាការខិតខំបង្កើតសមិទ្ធផលថ្មី ដែលបានឃើញនៅក្នុងថ្ងៃនេះ។
លោកឧបនាយករដ្ឋមន្ត្រី ក៏បានកោតសរសើរ ជាពិសេសចំពោះក្រុមប្រឹក្សាភិបាល ថ្នាក់ដឹកនាំ និងបុគ្គលិកនៃគ្រឹះស្ថានអង្គរ ដែលបានខិតខំអភិវឌ្ឍ និងអនុវត្តការកែទម្រង់ប្រព័ន្ធនេះរហូតសម្រេចបានជោគជ័យ។
ឧបនាយករដ្ឋមន្ត្រី នេត សាវឿត បានគូសរំលេចថា ការដាក់ឱ្យអនុវត្តប្រព័ន្ធលក់ និងត្រួតពិនិត្យសំបុត្រនៅថ្ងៃនេះ គឺជាឧទាហរណ៍គំរូនៃភាពបុរេសកម្ម និងភាពច្នៃប្រឌិត សម្រាប់វិស័យទេសចរណ៍នៅក្នុងការប្រើប្រាស់បច្ចេកវិទ្យា ដើម្បីផ្ដល់ជាដំណោះស្រាយ ដែលបង្ខិតសេវាសាធារណៈ ទៅជិតអ្នកប្រើប្រាស់ តាមរយៈការប្រើប្រាស់ម៉ាស៊ីនបម្រើសេវាកម្មខ្លួនឯងដោយស្វ័យប្រវត្តិ (Self-Service Machine), ប្រព័ន្ធលក់សំបុត្រអនឡាញ និងតាមរយៈម៉ូបាលអប (Mobile App) នៅ Google និង Apple store ដើម្បីជួយសម្រួល, កាត់បន្ថយពេល និងចំណាយពាក់ព័ន្ធផ្សេងៗ របស់ភ្ញៀវទេសចរ។ ផលិតផលថ្មីនេះ ក៏ជាមធ្យោបាយដ៏សំខាន់នៅក្នុងការពង្រឹងប្រសិទ្ធភាពនៃការប្រមូលចំណូលសម្រាប់រាជរដ្ឋាភិបាលផងដែរ។
សូមបញ្ជាក់ថា ការកែទម្រង់ប្រព័ន្ធលក់សំបុត្ររបស់គ្រឹះស្ថានអង្គរដែលដាក់ឱ្យដំណើរការជាផ្លូវការនៅថ្ងៃនេះ បានអនុញ្ញាតឱ្យគ្រឹះស្ថាន អង្គរអាចកែសម្រួលនីតិវិធីនៃការត្រួតពិនិត្យសំបុត្រ ដោយប្រើឧបករណ៍ទំនើបមកជំនួសវិញ ដែលអាចធ្វើឱ្យការត្រួតពិនិត្យបានគ្រប់ប្រាសាទទាំងអស់ ទោះបីជាសេវាអ៊ីនធឺណិតនៅមានកម្រិតក៏ដោយ និងបានលុបបំបាត់នូវទីតាំងត្រួតពិនិត្យសំបុត្រដែលជាន់គ្នា ដើម្បីសម្រួល និងកាត់បន្ថយផលរំខានដល់ភ្ញៀវទេសចរអន្តរជាតិ។ ដើម្បីសម្រួលដល់ភ្ញៀវទេសចរអន្តរជាតិ ក្នុងការទិញសំបុត្រចូលទស្សនាចូលរមណីយដ្ឋានអង្គរ, គ្រឹះស្ថានអង្គរ ក៏បានដកចេញនូវព័ត៌មានមិនចាំបាច់មួយចំនួន ពីប្រព័ន្ធលក់សំបុត្រ និងបានអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន សម្រាប់ការលក់សំបុត្រដោយប្រើម៉ាស៊ីនស្វ័យប្រវត្តិ (Self-Service Machine) ដែលត្រូវបានដាក់លើទីតាំងចំនួន៣កន្លែងរួមមាន៖
ទី១៖ នៅបញ្ជរលក់សំបុត្រគ្រឹះស្ថានអង្គរ ចំនួន ៦គ្រឿង, ទី២៖ នៅប៉ាវីអង្គរ ចំនួន ៦គ្រឿង, និងទី៣៖ នៅផ្សារទំនើបដ៏ហេរីថោកវ៉ក ចំនួន ៣គ្រឿង សរុបទាំងអស់មានចំនួន ១៥គ្រឿង។
បន្ថែមលើនេះ ដើម្បីសម្រួលដល់ភ្ញៀវទេសចរអន្តរជាតិ ក៏ដូចជាប្រតិបត្តិករទេសចរទាំងអស់បន្ថែមទៀត, គ្រឹះស្ថានអង្គរ ក៏បានបន្តធ្វើទំនើបកម្មប្រព័ន្ធលក់សំបុត្រអនឡាញ ដែលអនុញ្ញាតឱ្យភ្ញៀវទេសចរអន្តរជាតិ អាចទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ បានតាមរយៈគេហទំព័រ (www.angkorenterprise.gov.kh) និងបានបង្កើតម៉ូបាលអេប (Mobile App) នៅលើ Google និង Apple store សម្រាប់ភ្ញៀវទេសចរអន្តរជាតិ ក៏ដូចជាភ្នាក់ងារទេសចរចូលទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរស្របតាមការវិវត្តន៍នៃបច្ចេកវិទ្យាព័ត៌មាន។
ជាមួយនឹងវឌ្ឍនភាពបច្ចុប្បន្ននៃការងារកែទម្រង់របស់គ្រឹះស្ថានអង្គរ, ភ្ញៀវទេសចរអន្តរជាតិ ក៏ដូចជាភ្នាក់ងារទេសចរទាំងអស់អាចទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ បានតាមបួនរបៀបរួមមាន៖ ទី១) តាមអនឡាញ, ទី២) តាមម៉ូបាលអេប, ទី៣) តាមម៉ាស៊ីនស្វ័យប្រវត្តិ និងទី៤) តាមបញ្ជរលក់សំបុត្រ។ ការណ៍នេះបានផ្ដល់ភាពកាន់តែងាយស្រួលបន្ថែមទៀត ដល់ភ្ញៀវទេសចរអន្តរជាតិ ក៏ដូចជាគ្រប់ប្រតិបត្តិករទេសចរទាំងអស់ផងដែរ។
យោងតាមរបាយការណ៍គ្រឹះស្ថានអង្គរ បានឱ្យដឹងថា ក្នុងឆ្នាំ២០២៤ គ្រឹះស្ថានអង្គរបានលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរជូនភ្ញៀវទេសចរអន្តរជាតិ ចំនួន ១លាន ២ម៉ឺននាក់ កើនបាន ២៨,៣ភាគរយ ធៀបនឹងឆ្នាំ២០២៣ និងទទួលបានចំណូលជិត ៤៨លានដុល្លារ កើនបាន ២៨,៦ភាគរយ ធៀបនឹងឆ្នាំ២០២៣។
របាយការណ៍បានឱ្យដឹងដែរថា ការលក់សំបុត្រនៅប្រាសាទកោះកែរ បានចំណូលចំនួន ៣២៩ពាន់ដុល្លារ មានកំណើន ៤៨ភាគរយ ធៀបនឹងឆ្នាំ២០២៣ និងចំណូលពីការលក់សំបុត្រទូកទស្សនាតំបន់បឹងទន្លេសាប នៅចុងឃ្លៀស បានទទួល ចំណូលចំនួន ១,៤៣លានដុល្លារ មានកំណើន ៣៨ភាគរយ ធៀបនឹងឆ្នាំ២០២៣ ដែលក្នុងនោះ បានបង់ថ្លៃសេវាឈ្នួលទូកដល់សមាគមន៍ទូកចុងឃ្លៀសចំនួន ០,៦២លានដុល្លារ។
ជារួមសម្រាប់ឆ្នាំ២០២៤, គ្រឹះស្ថានអង្គរប្រមូលចំណូលសរុបបានចំនួនជិត ៥០ លានដុល្លារ ដែលក្នុងនោះ ចំណូលឧបត្ថម្ភមូលនិធិគន្ធបុប្ផាកម្ពុជាមានចំនួន ២,០៤ លានដុល្លារ៕