(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី នេត សាវឿន តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥នេះ បានណែនាំដល់ក្រសួងស្ថាប័នជំនាញពាក់ព័ន្ធវិស័យទេសចរណ៍ គួរតែបង្កើតនូវកម្មវិធីទូរស័ព្ទដៃ (App) បង្ហាញអំពីព័ត៌មានតំបន់ទេសចរណ៍ និងម្ហូបអាហារ ដើម្បីអ្នកទេសចរងាយស្រួលទៅលេងកម្សាន្ត។

ការផ្តល់ជាយោបល់របស់លោកឧបនាយករដ្ឋមន្ត្រី ធ្វើឡើងក្នុងឱកាសអញ្ជើញក្នុងពិធីប្រកាសជាផ្លូវការដាក់ឱ្យអនុវត្តការ កែទម្រង់ប្រព័ន្ធលក់សំបុត្រ និងការត្រួតពិនិត្យសំបុត្រចូលទស្សនារមណីដ្ឋានអង្គរ។

លោកឧបនាយករដ្ឋមន្ត្រីបានថ្លែងដូច្នេះថា «វិស័យទេសចរណ៍នេះ ខ្ញុំយល់ឃើញថាយើងត្រូវមានរបៀបសំបូរបែប ដើម្បីទាក់ទាញគ្រប់វិធីតាមសម័យថ្មី ឱ្យភ្ញៀវមើលឃើញ។ ឧទាហរណ៍ថា បង្កើត App ឱ្យដឹងថា គោលដៅទេសចរណ៍កម្ពុជា មានកន្លែងណាខ្លះ កន្លែងណាថ្មី កន្លែងណាធម្មជាតិ កន្លែងណាបូរាណ ហើយការលក់ដូរយ៉ាងម៉េចមានអ្វីដែលថ្មី ប្រៀបធៀបតំបន់ ប្រទេសដទៃ។ ខ្ញុំយល់ថា បច្ចុប្បន្ននេះលើមុខទំនិញទាំងអស់ គុណភាពរឿងម្យ៉ាង តែម្យ៉ាងទៀតសំខាន់ជាងគេនោះ គឺការផ្សព្វផ្សាយ»

លោកឧបនាយករដ្ឋមន្ត្រីបានថ្លែងទៀតថា រាជរដ្ឋាភិបាលតែងតែខិតខំជាប្រចាំនៅក្នុងការកំណត់នូវបញ្ហាគន្លឹះដែលធ្វើ ឱ្យរាំងស្ទះដល់វិស័យទេសចរណ៍, ព្យាយាមកែលម្អជាប្រចាំ និងព្យាយាមស្វែងរកដំណោះ ស្រាយថ្មីៗ ប្រកបដោយភាពច្នៃប្រឌិត ដោយខិតខំបង្កើតអ្វីដែលថ្មី, ស្វែងរកឱកាសថ្មី, បង្កើត ផ្លូវថ្មី, និងកសាងហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ថ្មីៗ។ ការសម្ពោធសមិទ្ធផល «ប្រព័ន្ធលក់សំបុត្រ និងការត្រួតពិនិត្យសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ» ថ្ងៃនេះ គឺជាឧទាហរណ៍គំរូនៃភាពបុរេសកម្ម និងភាពច្នៃប្រឌិត សម្រាប់វិស័យទេសចរណ៍ នៅក្នុងការប្រើប្រាស់បច្ចេកវិទ្យា ដើម្បីផ្តល់ជាដំណោះស្រាយ ដែលបង្ខិតសេវាសាធារណៈ ទៅជិតអ្នកប្រើប្រាស់ តាមរយៈការប្រើប្រាស់ម៉ាស៊ីនបម្រើសេវាកម្មខ្លួនឯងដោយស្វ័យប្រវត្តិ (Self-Service Machine), ប្រព័ន្ធលក់សំបុត្រអនឡាញ និងតាមរយៈម៉ូបាលអេប (Mobile App) នៅ Google និង Apple store ដើម្បីជួយសម្រួល, កាត់បន្ថយពេល និងចំណាយពាក់ព័ន្ធផ្សេងៗ របស់ភ្ញៀវទេសចរ។ ទន្ទឹមនេះ, ផលិតផលថ្មីនេះ ក៏ជាមធ្យោបាយដ៏សំខាន់នៅក្នុងការពង្រឹង ប្រសិទ្ធភាពនៃការប្រមូលចំណូលសម្រាប់រាជរដ្ឋាភិបាលផងដែរ។

លោកឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវក្តីសោមនស្សរីករាយ ជាមួយនឹងសមិទ្ធផលថ្មីរបស់រាជរដ្ឋាភិបាល នៅក្នុងការកែទម្រង់ប្រព័ន្ធលក់សំបុត្រ និងការត្រួតពិនិត្យសំបុត្រចូលទស្សនា រមណីយដ្ឋានអង្គរ និងសង្ឃឹមយ៉ាងមុតមាំថាសមិទ្ធផលនេះ នឹងផ្តល់ជាគំរូល្អសម្រាប់ ការងារនៃការកែទម្រង់ផ្សេងៗទៀត ហើយនឹងមានប្រសិទ្ធភាពខ្ពស់ នៅក្នុងការចូលរួមលើក ស្ទួយគុណភាពនៃការផ្តល់សេវាសាធារណៈ នៅក្នុងវិស័យទេសចរណ៍ ក៏ដូចជាការចូលរួមនៅ ក្នុងការជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ជារួម៕