(សៀមរាប)៖ ឧបនាយករដ្ឋមន្ត្រី នេត សាវឿន តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់ថា នៅឆ្នាំ២០២៤ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិសរុបបានកើនឡើងដល់ប្រមាណ ៦.៧ លាននាក់ ដែលនេះគឺជាចំនួនលើសពីកម្រិតមុនវិបត្តិជំងឺកូវីដ-១៩ ដែលបង្ហាញពីផ្លែផ្កានៃវិធានការដែលរាជរដ្ឋាភិបាលបានដាក់ចេញ ដើម្បីជួយដល់វិស័យនេះ។

ថ្លែងក្នុងពិធីប្រកាសជាផ្លូវការដាក់ឱ្យអនុវត្តការ កែទម្រង់ប្រព័ន្ធលក់សំបុត្រ និងការត្រួតពិនិត្យសំបុត្រចូលទស្សនារមណីដ្ឋានអង្គរ នាថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥នេះ ឧបនាយករដ្ឋមន្ត្រី នេត សាវឿន មានប្រសាសន៍ថា ការកើនឡើងនៃចំនួនភ្ញៀវទេសចរអន្តរជាតិនៅឆ្នាំ២០២៤ បន្ទាប់ពីរាជរដ្ឋាភិបាលបានដាក់ចេញ នូវវិធានការគោលនយោបាយជាច្រើន បូករួមទាំងការដាក់ឱ្យប្រើប្រាស់ អាកាសយានដ្ឋាន អន្តរជាតិសៀមរាប-អង្គរ និងផលិតផលទេសចរណ៍ថ្មីៗមួយចំនួន។

លោកឧបនាយករដ្ឋមន្រ្តីមានប្រសាសន៍បន្ថែមថា «ជាក់ស្តែង ចំនួនភ្ញៀវទេសចរអន្តរជាតិសរុបក្នុងឆ្នាំ២០២៤ បានកើនឡើងដល់ប្រមាណ ៦,៧ លាននាក់ ដែលជាចំនួនលើសពីកម្រិតមុនវិបត្តិជំងឺកូវីដ-១៩ ទៅទៀត។ នេះបានសេចក្តីថា វិធានការដែល រាជរដ្ឋាភិបាលបានដាក់ចេញ បានចាប់ផ្តើមហុចផលបណ្តើរៗ ប៉ុន្តែយើងក៏មិនអាចនៅស្ងៀម ទ្រឹងបានដែរ ព្រោះថា បរិមាណភ្ញៀវទេសចរបរទេស ជារួម នៅមានកម្រិតទាប បើប្រៀបធៀប ជាមួយនឹងសន្ទុះងើបឡើងវិញ និងកំណើននៃវិស័យទេសចរណ៍ របស់បណ្តាប្រទេសនានានៅ ក្នុងតំបន់ ដែលកំពុងតែមានការប្រកួតប្រជែងយ៉ាងខ្លាំងក្លា ទាំងលើទិដ្ឋភាពតម្លៃ ការសម្រួលនិតិវិធី និងគុណភាពនៃបដិសណ្ឋារកិច្ច»

ឧបនាយករដ្ឋមន្ត្រី នេត សាវឿន លើកឡើងផងដែរថា វិស័យទេសចរណ៍ គឺជាវិស័យនៃចន្ទល់កំណើនសេដ្ឋកិច្ចដ៏សំខាន់មួយ ដែលរាជរដ្ឋាភិបាលតែងតែផ្តល់ការយកចិត្តទុកដាក់ខ្ពស់បំផុត។ ក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយ វិស័យទេសចរណ៍មានការរីកចម្រើនយ៉ាងខ្លាំង ដោយមានអត្រាកំណើនប្រចាំឆ្នាំខ្ពស់ក្នុងមួយឆ្នាំៗ ហើយនៅឆ្នាំ២០១៩ ដែលជាឆ្នាំកំពូលនៃវិស័យទេសចរណ៍ កម្ពុជាទទួលបានទេសចរអន្តរជាតិ ចំនួន ៦.៦ លាននាក់ និងបានបង្កើតប្រាក់ចំណូលប្រមាណ ៦ពាន់លានដុល្លារ។

យ៉ាងនេះក្តី ចាប់តាំងពីដើមឆ្នាំ២០២០ រហូតដល់ឆ្នាំ២០២២ វិស័យទេសចរណ៍កម្ពុជា ក៏ដូចជាពិភពលោក ទាំងមូលបានទទួលរងផលប៉ះពាល់យ៉ាងខ្លាំងពីវិបត្តិជំងឺកូវីដ-១៩។ ក្នុងឆ្នាំ២០២១ កន្លងទៅ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួនជាង ២០ ម៉ឺននាក់ ដែលបានបង្កើតចំណូល ប្រមាណ ១៨៤ លានដុល្លារ ប៉ុណ្ណោះ៕