(កណ្តាល)៖ លោក ឈឹម សៅគី រដ្ឋលេខាធិការប្រចាំការ តំណាងលោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នាព្រឹកថ្ងៃព្រហស្បតិ៍ ២កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ បានអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីបើកការដ្ឋានការងារលើកកម្រិតគុណភាពផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ចំនួន ០១ខ្សែ ប្រវែង ១ ៧០០ម៉ែត្រ ចិញ្ចើមផ្លូវក្រាលដីល្បាយថ្មភ្នំសងខាង ម្ខាងៗ ១ម៉ែត្រ កម្រាស់ ០.២ម៉ែត្រ ស្ថាបនាលូមូលចំនួន ៣កន្លែង និងលូប្រអប់ចំនួន ១កន្លែង ស្ថិតនៅភូមិជ្រៃយោង ឃុំកណ្តោក ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
ពិធីបើកការដ្ឋាននេះ មានការអញ្ជើញចូលរួមផងដែរ ពីតំណាងនាយកដ្ឋានផ្លូវលំជនបទ, ក្រុមការងារ គ.ត.វ នៃក្រសួងអភិវឌ្ឍន៍ជនបទ, ក្រុមការងារនាយកដ្ឋានវិស្វកម្ម នៃក្រសួងការពារជាតិ, ក្រុមការងារមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល ព្រមទាំង ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន អាជ្ញាធរមូលដ្ឋានភូមិ-ឃុំ និងប្រជាពលរដ្ឋរស់នៅសងខាងផ្លូវនេះ។
ឆ្លៀតក្នុងឱកាសនោះលោករដ្ឋលេខាធិការប្រចាំការ ក៏បានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ដែលរស់នៅសងខាងផ្លូវ និងពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ ប្រកបដោយមនោសញ្ចេតនា សេចក្តីនឹករលឹកយ៉ាងជ្រាលជ្រៅបំផុត និងពរសព្ទសាធុការពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មគ្គុទេសក៏ឯកនយោបាយឈ្នះ ឈ្នះ, បិតាស្ថាបនិកសន្តិភាព, និងជាប្រធានព្រឹទ្ធសភា, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត និងលោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ជូនដល់អង្គពិធី។
ជាមួយគ្នានោះលោកបានជម្រាបជូនអង្គពិធីជ្រាបថា ផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ចំនួន ០១ខ្សែ ប្រវែង ១ ៧០០ម៉ែត្រ ស្ថិតនៅភូមិជ្រៃយោង ឃុំកណ្តោក ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ត្រូវបានបើកការដ្ឋានលើកកម្រិតគុណភាព ជាផ្លូវក្រាលកៅស៊ូពីរជាន់ ដើម្បីជួយសម្រួលដល់ការធ្វើដំណើរ ការដឹកជញ្ជូនកសិផល និងសេវាសាធារណៈនានា បង្កើនការតភ្ជាប់រវាងភូមិ ទៅភូមិ និងឃុំទៅឃុំ និងអាចប្រើប្រាស់បានគ្រប់រដូវកាល ដោយចំណេញបានទាំងពេលវេលា និងថវិកា ជាពិសេសដើម្បីជួយលើកម្ពស់ការផ្ដល់សេវាទេសចរណ៍ក្នុងតំបន់។
លោកបានបន្ថែមទៀតថា ពិធីបើកការដ្ឋាននាពេលនេះ អាចប្រព្រឹត្តទៅបាន គឺដោយសារគុណបំណាច់នៃ «សុខសន្តិភាព» ដែលកើតចេញពីការលះបង់ដ៏ធំធេង និងការខិតខំប្រឹងប្រែងឥតឈប់ឈរដើម្បីជាតិ និងប្រជាជន ដោយយកជីវិតធ្វើជាដើមទុនរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាបិតាសន្តិភាព ស្ថាបនិកមគ្គុទេសក៍ឯក និងប្រតិបត្តិករនយោបាយឈ្នះ ឈ្នះ ដែលនាំមកនូវសន្តិភាព និងឯកភាពជាតិពេញលេញទូទាំងប្រទេស និងក្រោមការបន្តវេនដឹកនាំប្រកបដោយភាពឈ្លាសវៃ ប្រកបដោយគតិបណ្ឌិត និងប៉ិនប្រសប់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ទន្ទឹមនេះ លោកក៏បាននាំយកអំណោយដ៏ថ្លៃថ្លា របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ចែកជូនដល់មេឃុំ, ក្រុមប្រឹក្សាឃុំ មេភូមិ និងប្រជាពលរដ្ឋរស់នៅសងខាងផ្លូវ ដែលបានចូលរួមដោយម្នាក់ៗទទួលបានក្រមាមួយ និងថវិកាមួយចំនួន និងបានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន យោគយល់ និងអធ្យាស្រ័យដល់ក្រុមការងារសាងសង់ផ្លូវ ក្នុងករណីមានការប៉ះពាល់ដោយប្រការណាមួយ ក្នុងកំឡុងពេលសាងសង់ផ្លូវក្រាលកៅស៊ូពីរជាន់មួយខ្សែនេះផងដែរ៕