(មណ្ឌលគិរី)៖ នាយកដ្ឋានសេដ្ឋកិច្ចបៃតង នៃអគ្គគោលនយោបាយ និងយុទ្ធសាស្ត្រ ក្រសួងបរិស្ថាន បានសហការជាមួយអង្គការ WWF នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ ធ្វើយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» នៅសួនច្បារដំរីដែក ខេត្តមណ្ឌលគីរី។

ពិធីនេះធ្វើឡើងក្រោមអធិបតីភាព លោក មាស សុផល អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងលោក ថង សាវុន អភិបាលខេត្តមណ្ឌលគីរី និងមានការចូលរួមពីតំណាងបណ្តារដ្ឋបាលស្រុក នៃខេត្តមណ្ឌលគីរី សហភាពសហព័ន្ធយុវជន យុវជនកាកបាទក្រហមកម្ពុជា និងយុវជនកាយឬទ្ធិខេត្ត និងតំណាងអង្គការ WWF ប្រមាណ២០០នាក់។

ក្នុងឱកាសនោះ លោក ថង សាវុន បានបង្ហាញការតាំងចិត្តខ្ពស់ក្នុងការគ្រប់គ្រងសំរាម ឬសំណល់ឱ្យបានកាន់តែមានប្រសិទ្ធភាព និងគ្រប់អង្គភាពនៅក្នុងខេត្តត្រូវយកចិត្តទុកដាក់ចំពោះបរិស្ថាន ជាពិសេសសំណល់ប្លាស្ទិក ព្រមទាំងជំរុញឱ្យប្រជាពលរដ្ឋត្រូវចូលរួមចំពោះការទុកដាក់សំណល់ដោយមិនត្រូវបោះចោលពាសវាលពាសកាលនោះទេ។

ជាមួយគ្នានេះ លោក មាស សុផល បានជំរុញគ្រប់អ្នកពាក់ព័ន្ធក្នុងខេត្តមណ្ឌលគីរី បន្តគាំទ្រយុទ្ធសាស្ត្រចក្រាបរិស្ថាន និងយុទ្ធនាការនានារបស់ក្រសួងជាពិសេស «កម្ពុជាស្អាត ខ្មែរធ្វើបាន» ព្រមទាំងបន្តជំរុញវិធានការ៣កុំ ចំពោះសំណល់«កុំបោះ កុំដុត និងកុំ កប់»សំណល់ប្លាស្ទិក។

គួរបញ្ជាក់ថា យុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» នៅខេត្តមណ្ឌលគីរី ធ្វើឡើងក្នុងគោលបំណង៖

ទី១- ពង្រឹងកិច្ចសហប្រតិបត្តការរវាងថ្នាក់ក្រោមជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក

ទី២- ណែនាំអំពីផលប៉ះពាល់នៃសំណល់ប្លាស្ទិកមកលើបរិស្ថាន និងសុខភាពទៅដល់យុវជន និងភាគីពាក់ព័ន្ធ ដើម្បីសាលារៀនស្អាត និងភូមិស្អាត

ទី៣- ពង្រឹងការអនុវត្តយុទ្ធនាការ សាលារៀនគ្មានសំណល់ប្លាស្ទិក ដោយមានការចូលរួមពីសិក្សានុសិស្សនៅក្នុងសាលា និងបន្តឥរិយាបថល្អរបស់សិស្សទៅដល់អ្នកភូមិ ឬសហគមន៍

និង៤-កែសម្អសកម្មភាពរបស់សាលាក្នុងការញែក និងកែច្នៃសំណល់៕