(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥នេះ បានទម្លាយសារសំឡេងទាំងស្រុងដែលពន្យល់ យុវជនរហ័សនាម Mr. Seth រឿងស្នើសុំតំណែង។
សម្តេចបានយុវជនរូបនេះថាជាក្មេងពាល ដែលកែមិនឡើងដោយពោលពាក្យថា «ពាក្យចាស់តែងនិយាយថា កុំពត់ស្រឡៅកុំប្រដៅក្មេងពាលពិតជាត្រឹមត្រូវ»។
តាមរយៈបណ្តាញសង្គមសម្តេចបានរៀបរាប់ថា៖ «បើបានតែវាជ្រុលបែកធ្លាយទៅហើយទម្លាយវាតែម្តងទៅ។ ពាក្យចាស់តែងនិយាយថាកុំពត់ស្រឡៅកុំប្រដៅក្មេងពាលពិតជាត្រឹមត្រូវ»។
សម្តេចបានបន្តថា៖ «ខ្ញុំបានជួយឧបត្ថម្ភក្មេងនេះ ទៅឪពុកម្តាយដើម្បីមានដើមទុនរកសុី។កូនមួយនេះបានផ្ញើសារសុំលុយជាបន្តតែខ្ញុំមិនឆ្លើយ។ ចុងក្រោយសុំការងារធ្វើតែខ្ញុំបានពន្យល់កូនមួយនេះដូចមានសំឡេងក្នុងនេះស្រាប់។ មិនបានប៉ុន្មានស្រាប់តែកូននេះចេញវាយប្រហារច្រើនគោលដៅ»។
សម្តេចបានបញ្ជាក់បន្ថែមថា «កន្លងមកដោយមានការសម្របសម្រួលតុលាការបានពន្យារពេបណ្តោះអាសន្នលើរឿងក្តី១៨សីហា២០២៤។ ពេលនេះខ្ញុំមិនស្នើសុំពន្យារពេលសម្រាប់រឿងក្តីនេះទៀតទេ ព្រោះសាមីខ្លួនបានចាកចេញពីការសន្យារបស់ខ្លួនហើយ។
បញ្ជាក់កន្លងមកខ្ញុំស្នើសុំត្រឹមពន្យារពេលកាត់ក្តីប៉ុណ្ណោះមិនមែនលើកលែងការចោទប្រកាន់នោះឡើយ។ សូមមិត្តជប៉ុនស្តាប់សំឡេងកូនប្រុសម្នាក់នេះឲ្យច្បាស់តើគាត់សមនឹងទទួលបានការអនុគ្រោះឲ្យនៅប្រទេសជប៉ុនឬទេបន្ទាប់ពីអស់រយៈពេលស្នាក់នៅ»៕