(ភ្នំពេញ)៖ មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC-ស៉ីម៉ាក់) បានជូនដំណឹងអំពីការផ្អាកប្រតិបត្តិការបណ្តោះអាសន្ន នៅខេត្តកំពង់ចាម​ ក្រចេះ​ មណ្ឌលគីរី​ រតនគីរី​ ស្ទឹងត្រែង​ ត្បូងឃ្មុំ​ ស្វាយរៀង​ និងខេត្តព្រៃវែង​ ដោយសារតែអង្គការជាដៃគូ ដែលទទួលជំនួយពីរដ្ឋាភិបាលសហរដ្ឋអាមេរិក​ មកគាំទ្រកិច្ចសហប្រតិបត្តិការជាមួយអង្គភាពស៉ីម៉ាក់ ត្រូវបានរដ្ឋាភិបាលសហរដ្ឋអាមេរិក ផ្អាកការផ្តល់ជំនួយ​ទាំងឡាយ ក្នុងក្របខណ្ឌទូទាំងពិភពលោក​។

ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅល្ងាចថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥នេះ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៉ីម៉ាក់ បានបង្ហាញសេចក្តីសោកស្តាយ និងបានជូនដំណឹងដល់​អាជ្ញាធរ និងប្រជាពលរដ្ឋតាមមូលដ្ឋាននៃខេត្តកំពង់ចាម​ ក្រចេះ​ មណ្ឌលគីរី​ រតនគីរី​ ស្ទឹងត្រែង​ ត្បូងឃ្មុំ​ ស្វាយរៀង​ និងខេត្តព្រៃវែង​ អំពីកម្លាំងអង្គភាពស៉ីម៉ាក់ ដែលកំពុងប្រតិបតិ្តការប្រចាំទិសខេត្តទាំងអស់ខាងលើនេះ​ ត្រូវផ្អាកកិច្ចប្រតិបត្តិការបណ្តោះអាសន្នរយៈពេល ៨៥ថ្ងៃគិតពីថ្ងៃទី២៥ ខែមករា​ ឆ្នាំ២០២៥តទៅរហូតដល់មានការជូនដំណឹងជាថ្មី។

លោកបញ្ជាក់ថា ការផ្អាកប្រតិបត្តិការនេះ មូលហេតុអង្គការជាដៃគូ ដែលទទួលជំនួយពីរដ្ឋាភិបាលសហរដ្ឋអាមេរិក​ មកគាំទ្រកិច្ចសហប្រតិបត្តិការជាមួយអង្គភាពស៉ីម៉ាក់នោះ​ ត្រូវបានរដ្ឋាភិបាលសហរដ្ឋអាមេរិក ផ្អាកការផ្តល់ជំនួយ​ទាំងឡាយក្នុងក្របខណ្ឌទូទាំងពិភពលោក​ ក្នុងនោះក៏ប៉ះពាល់ដល់បណ្តាអង្គការដៃគូមួយចំនួន ដែលកំពុងធ្វើការនៅប្រទេសកម្ពុជាផងដែរ។

បើតាមលោក ហេង រតនា ថ្នាក់ដឹកនាំអង្គភាពស៉ីម៉ាក់ និងដៃគូអភិវឌ្ឍន៍ បានមមាញឹកសម្របសម្រួលជាមួយមន្ត្រីទទួលបន្ទុកគម្រោងជំនួយ នៃក្រសួងការបរទេសសហរដ្ឋអាមេរិក​ ក្នុងការបន្តគាំទ្រគម្រោងមនុស្សធម៌នេះ​ ដែលជំនួយរបស់រដ្ឋាភិបាលអាមេរិក ផ្តល់ដល់អង្គការដៃគូសហប្រតិបត្តិការជាមួយអង្គភាពស៉ីម៉ាក់​នេះ ដើម្បីគាំទ្រកិច្ចប្រតិបត្តិការ របស់កម្លាំងអង្គភាពស៉ីម៉ាក់ ក្នុងការបោសសម្អាតគ្រាប់បែកចង្កោម និងគ្រាប់បែកទម្លាក់ពីយន្តហោះរបស់សហរដ្ឋអាមេរិក ជាសំណល់សង្គ្រាមនៅកម្ពុជា។

លោកអគ្គនាយកបន្ថែមថា ជំនួយរដ្ឋាភិបាលសហរដ្ឋអាមេរិក បានផ្តល់ជូនអង្គភាពស៉ីម៉ាក់ តាមរយៈអង្គការដៃគូក្នុង​រយៈពេល ៤៥ខែ ដែលចាប់ផ្តើមពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ មានថវិកាសរុបចំនួន ៦ ៣៥៥ ៧២០ដុល្លារ​អាមេរិក​ គាំទ្រកម្លាំងជំនាញបច្ចេកទេសចំនួនជិត ២០០នាក់។

បើគិតក្នុងរយ:ពេលពីថ្ងៃទី០១​ ខែមីនា​ ឆ្នាំ២០២២​ ដល់ចុងខែមករា​ ឆ្នាំ២០២៥នេះ​ អង្គភាពស៉ីម៉ាក់ទិសខេត្តខាងលើ បានធ្វើការបោសសម្អាតចម្កាគ្រាប់សរុបចំនួន ៥៦១ពហុកោណ មានទំហំផ្ទៃដីចំនួន ១១ ១៩៥ហិកតា​ រុករកឃើញកម្ទេកចោលគ្រាប់មីន និងសំណល់គ្រាប់យុទ្ធភណ្ឌសង្គ្រាមចំនួន ២៧ ០២២គ្រាប់​ ក្នុងនេះមានគ្រាប់បែកចង្កោមចំនួន ១៧ ៩៧១គ្រាប់​ និងគ្រាប់បែកទម្លាក់ពីយន្តហោះខ្នាតធំ​ចំនួន ៦៩គ្រាប់។

លោក ហេង រតនា បានអំពាវនាវផងដែរថា ក្នុងពេលវេលានេះ​ ក្នុងគោលបំណងកាត់បន្ថយការលំបាក របស់អាជ្ញាធរ និងប្រជាពលពលរដ្ឋ​ ក្នុងការប្រឈមបញ្ហាគ្រាប់មីន និងសំណល់គ្រាប់យុទ្ធភណ្ឌសង្គ្រាម​ សូមអាជ្ញាធរ និងប្រជាពលរដ្ឋក្នុងមូលដ្ឋាននៃខេត្តទាំងអស់ខាងលើ​ មេត្តាសហការជាមួយកម្លាំងស្ម័គ្រចិត្តផ្តល់ព័ត៌មានជាង ១ ០០០នាក់​របស់អង្គភាពស៉ីម៉ាក់ និងកម្លាំងនគរបាលជាតិ នៅតាមមូលដ្ឋាន​របស់ខ្លួន ដើម្បីអង្គភាពស៉ីម៉ាក់​អាចបញ្ជូនកម្លាំងជំនាញ ពីគម្រោងផេ្សងទៅជួយគាំទ្រ ធ្វើការបោសសម្អាតគ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្គ្រាម​សំដៅធានាដល់សុខសុត្ថិភាព របស់ប្រជាពលរដ្ឋតាមសំណើចាំបាច់៕