(ព្រះវិហារ)៖ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកគូលែន ខេត្តព្រះវិហារ ត្រូវបានប្រកាសចូលកាន់តំណែងជាផ្លូវការ នារសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ ដោយលោកអនុសេនីយ៍ឯក ចាន់ ស៉ី អតីតមេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថស្រុកគូលែន ជំនួសលោកវរសេនីយ៍ត្រី នួន ភារៈ ដែលត្រូវផ្ទេភារកិច្ច តែងតាំងមុខតំណែងជានាយសេនាធិការរងកងរាជអាវុធហត្ថខេត្តព្រះវិហារវិញ។

ពិធីប្រកាសចូលកាន់មុខតំណែងមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកគូលែននាពេលនេះ បានធ្វើឡើងក្រោមវត្តមានលោកឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ និងមានការចូលរួមពីលោកមេបញ្ជាការរង នាយការិយាល័យជំនាញ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ព្រមទាំងកងកម្លាំងប្រដាប់អាវុធទាំង៣ អាជ្ញាធរស្រុកគូលែន មន្ត្រីរាជការ និងអង្គភាពពាក់ព័ន្ធក្នុងស្រុកគូលែនជាច្រើនរូបទៀត។

លោកឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ បានថ្លែងកោតសរសើរនិងវាយតម្លៃខ្ពស់ ចំពោះលោកវរសេនីយ៍ត្រី នួន ភារៈ អតីតមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកគូលែន ដែលកន្លងមកបានយកអស់កម្លាំងកាយចិត្តចូលរួមចំណែកការពារសន្តិសុខ សណ្តាប់ធ្នាប់ នៅក្នុងមូលដ្ឋានស្រុកបានយ៉ាងល្អប្រសើរ ស្របតាមបទបញ្ជានិងការណែនាំដ៍ខ្ពង់ខ្ពស់របស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរៈភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក៏ដូចជាគណៈបញ្ជាការឯកភាពខេត្តព្រះវិហារ។

លោកឧត្តមសេនីយ៍ត្រីមេបញ្ជាការ ក៏បានថ្លែងនូវការចូលរួមអបអរសាទរចំពោះលោកអនុសេនីយ៍ឯក ចាន់ ស៉ី ដែលត្រូវបានថ្នាក់ដឹកនាំផ្តល់នូវសេចក្តីទុកចិត្តតែងតាំងមុខតំណែងជាមេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថស្រុកគូលែន។លោកថា ការទទួលមុខតំណែងថ្មីនាពេលនេះ គឺជាការទទួលខុសត្រូវខ្ពស់ ដែលទាមទាឱ្យលោកមេបញ្ជាការថ្មី ត្រូវខិតខំយកចិត្តទុកដាក់ទ្វេរដងទាំងការងារសន្តិសុខក្នុងមូលដ្ឋាន ក៏ដូចជាការងារនៅក្នុងអង្គភាពទាំងមូល។

លោកឧត្តមសេនីយ៍ត្រី កង សៅគុណ ក៏បានថ្លែងដាក់បទបញ្ជាបន្ថែមដល់កម្លាំងកងរាជអាវុធហត្ថក្នុងខេត្តព្រះវិហារទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់បង្រ្កាបរាល់បទល្មើសនានានៅក្នុងមូលដ្ឋានឱ្យមានប្រសិទ្ធិភាពខ្ពស់ ពិសេសបទល្មើសជួញដូរ ចែកចាយ រក្សាទុក និងប្រើប្រាស់គ្រឿងញៀន ក្មេងទំនើង ចោរលួចចោរប្លន់ និងល្បែងស៉ីសងខុសច្បាប់ជាដើម៕