(បាត់ដំបង)៖ នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងលោក សុខ លូ អភិបាលខេត្តបាត់ដំបង នាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខជាមួយប្រជាកសិករកំពុងបង្កបង្កើនផលស្រូវប្រាំង ជួបការខ្វះខាតទឹកនៅក្នុងឃុំហប់ និងឃុំធិបតី ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។
ក្នុងដំណើរបេសកកម្មនេះ អាជ្ញាធរខេត្តបានធ្វើការត្រួតពិនិត្យជាក់ស្តែង ពាក់ព័ន្ធនិងការខ្វះខាតទឹកស្រោចស្រពដំណាំ
ស្រូវនៅរដូវរប្រាំងក្នុងឃុំទាំងពីរនេះមានប្រជាកសិករកំពុងអាស្រ័យផលប្រមាណជាង៥០០គ្រួសារ មានផ្ទៃដីសរុបប្រមាណ១,១១៦ហិកតា និងបានស្នើឱ្យស្ថាប័នពាក់ព័ន្ធ មន្ទីរអង្គភាពជំនាញ ជួយរកដំណោះស្រាយសង្គ្រោះស្រូវ ដែលកំពុងខ្វះខាតទឹក ស្ថិតនៅឃុំហប់ និងឃុំធិបតី ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។
តបតាមសំណើររបស់ប្រជាកសិករ ទេសរដ្ឋមន្ត្រី គន់ គីម បានទទួលនូវសំណើររបស់កសិករក្នុងការជួយរកដំណោះស្រាយ ជូនពួកគាត់នៅរដូវប្រាំងដែលខ្វះទឹកស្រោចស្រព ដោយជួយកាយស្តារនិងជីកប្រឡាយទឹកសងខាងផ្លូវ និងរកប្រភពទឹកជូនតាមលទ្ធភាពនាពេលខាងមុខបន្តទៀត ដើម្បីអាចជួយដោះស្រាយបញ្ហាប្រឈមជូនប្រជាកសិករបានទាន់ពេលវេលា ប្រកបដោយប្រសិទ្ធភាព៕