(ភ្នំពេញ)៖ ថ្ងៃពុធ ឆ្មក់ចុះមើលការបូមទឹកដាក់ស្រែប្រាំងរបស់ប្រជាកសិករនៅខេត្តកណ្តាល និងខេត្តតាកែវ ដោយឡែកនៅព្រឹកថ្ងៃសុក្រ ទី៣១ ខែមករា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានឆ្មក់ចុះជួបជាមួយប្រជាសហគមន៍ និងពិនិត្យវឌ្ឍនភាពនៃការរៀបចំសហគមន៍កសិកម្មទំនើបប្រាសាទសំបូររុងរឿង ដែលផ្តោតលើដំណាំស្វាយចន្ទី ស្ថិតនៅក្នុងឃុំគោល ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។
ចាប់តាំងពីឡើងកាន់ការងារជានាយករដ្ឋមន្ត្រីមក ក្រៅពីបំពេញការងារផ្លូវការនានាហើយនោះ សម្តេចមហាបវរធិបតី ក៏ចូលចិត្តឆ្មក់ចុះនៅតាមមូលដ្ឋានដោយមិនប្រកាសមុនផងដែរ។ កុំថាឡើយមន្ត្រីជាន់ខ្ពស់ ជាន់ទាប សូម្បីអ្នកសារព័ត៌មានក៏មិនឱ្យដឹងនោះដែរ។ ការមិនប្រកាសឱ្យដឹងមុននូវដំណើរចុះទៅកាន់កន្លែងណាមួយនេះ ដើម្បីបានជ្រាបការពិតជាក់ស្តែងពីវឌ្ឍនភាពការងារ ក៏ដូចជាបញ្ហាក្នុងវិស័យទាំងឡាយ។
នៅក្នុងជំនួបជាមួយប្រជាពលរដ្ឋដាំស្វាយចន្ទីថ្ងៃនេះ មិនមានរៀបចំពិធីការអ្វីច្រើននោះឡើយ សម្តេចនាយករដ្ឋមន្ត្រី អមដោយមន្ត្រីពាក់ព័ន្ធមួយចំនួនតូច បានក្រាលតង់ ក្រោមដើមស្វាយចន្ទី ហើយជជែកត្រង់ទៅត្រង់មកជាមួយប្រជាពលរដ្ឋតែម្តង។ តាមរយៈវីដេអូ ដែលចែកចាយលើបណ្តាញសង្គមរបស់សម្តេចនាយករដ្ឋមន្ត្រី, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអនុញ្ញាតឱ្យប្រជាពលរដ្ឋសម្តែងមតិ និងលើកឡើងពីបញ្ហារបស់គាត់ផងដែរ។
ក្នុងវីដេអូនោះ ប្រជាពលរដ្ឋ បានបង្ហាញពីស្ថានភាពថែទាំង ក៏ដូចជាការប្រមូលផលស្វាយចន្ទីរ មានភាពល្អប្រសើរជាងមុន ក្រោយពេលចូលរួមក្នុងសហគមន៍ទំនើប។
សហគមន៍កសិកម្មទំនើបប្រាសាទសំបូររុងរឿង គឺជាសហគមន៍ទំនើបមួយ ក្នុងចំណោមសហគមន៍ទំនើបទាំង៣ (សហគមន៍កសិកម្មទំនើបកំពង់ ធំសាលា វិស័យ និងសហគមន៍កសិកម្មទំនើបទំរីងកំពង់ធំ) ដែលផ្តោតលើដំណាំស្វាយចន្ទី នៅក្នុងខេត្តកំពង់ធំ ដោយមានសមាជិកសរុបចំនួន ១៥៣គ្រួសារ និងមានផ្ទៃដីផលិតកម្ម ចំនួន ៦៤៤ហិកតា ដោយរំពឹងបរិមាណផលគ្រាប់ស្វាយចន្ទីសើមប្រមាណ ១,០០០តោន។
តាមរយៈបណ្តាញសង្គម, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានកោតសរសើរដល់សហគមន៍ ក្នុងការរៀបចំផែនការបានយ៉ាងល្អ ដោយមានយុទ្ធសាស្ត្រក្នុងការលក់គ្រាប់ស្វាយចន្ទីសើម ៧០ភាគរយ និងគ្រាប់ស្វាយចន្ទីស្ងួត ៣០ភាគរយ ជាមួយការរៀបចំធ្វើផលិតកម្មកសិកម្មតាមកិច្ចសន្យាថ្លៃល្អជាងមុន ១០-១៥ភាគរយ។
សម្តេចនាយករដ្ឋមន្ត្រី ក៏បានវាយតម្លៃខ្ពស់ដល់ការជួយសម្របសម្រួល និងជ្រោមជ្រែងរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងការអនុវត្តកម្មវិធីគោលនយោបាយអាទិភាពទី៦ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ ក្នុងគោលដៅប្រែក្លាយការធ្វើកសិកម្មបែបគ្រួសារ ឱ្យទៅជាសហគ្រាសសេដ្ឋកិច្ចកសិកម្មដ៏រឹងមាំ មានសមាហរណកម្មខ្ពស់ មានសេដ្ឋកិច្ចមាត្រដ្ឋាន និងមានសមត្ថភាពប្រកួតប្រជែងទាំងបរិមាណ និងគុណភាព។ ការចងក្រងជាសហគមន៍កសិកម្មទំនើប ប្រជាកសិករ ក៏អាចទទួលបានយន្តការគាំទ្រចំនួនពីរ ដូចជា៖ ១) ក្រុមប្រឹក្សាគោលនយោបាយសហគមន៍កសិកម្ម និងទី២) មូលនិធិអភិវឌ្ឍសហគមន៍កសិកម្ម។
ជាលទ្ធផលដ៏វិជ្ជមានមួយក្នុងការកែប្រែការធ្វើកសិកម្មបែបគ្រួសារ មកក្លាយជាសហគ្រាសសេដ្ឋកិច្ចកសិកម្មរឹងមាំ។ រាជរដ្ឋាភិបាល តាមរយៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាសេនាធិការ បានរៀបចំបង្កើតជាសហគមន៍កសិកម្មទំនើបបានចំនួន៩ មានដូចជា៖ សហគមន៍កសិកម្មទំនើបស្រូវនាងអំ, បន្លែសរសី, ទំរឹងកំពង់ធំ, ប្រាសាទសំបូររុងរឿង, កំពង់ធំសាលាវិស័យ, បន្លែផ្ទះសំណាញ់ត្រាំកក់, ស្រូវផ្ការំដួលខ្នារឆ្មារ, បន្លែកោះខ្សាច់ទន្លេ និង សហគមន៍កសិកម្មទំនើបម្រេចមេមត់ត្បូងឃ្មុំ ព្រមទាំងកំពុងសម្របសម្រួល និងជ្រោមជ្រែងក្នុងការបង្កើតសហគមន៍ថ្មីមួយទៀតក្នុងស្រុកកំពង់ស្វាយ និងក្រុងស្ទឹងសែន ដែលនឹងលេចជារូបរាងឆាប់ៗនាពេលខាងមុខ ហើយសហគមន៍ថ្មីនេះ គឺផ្តោតលើការដាំស្រូវសែនក្រអូប០១ ដែលជាដំណាំយុទ្ធសាស្ត្រមួយរបស់កម្ពុជា។
សូមបញ្ជាក់ថា ក្នុងរយៈពេលជាង១ឆ្នាំនៃការកាន់តំណែងជានាយករដ្ឋមន្ត្រី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានឆ្លៀតឆ្មក់ចុះទៅទីតាំងជាច្រើន ដូចជា ឆ្មក់ចុះតាមផ្លូវក្រវាត់ព្រំដែន ឆ្មក់ចុះមើលស្ថានភាពទឹកជំនន់នៅខេត្តកំពង់ធំ ឆ្មក់ចុះមើលការអប់រំនៅតាមសាលា ឆ្មក់ចុះមើលស្ថានភាពទេសចរណ៍នៅក្នុងខេត្តសៀមរាបជាដើម។
វិធីឆ្មក់ចុះពិនិត្យស្ថានភាពការងារជាក់ស្តែងរបស់សម្តេចនាយករដ្ឋមន្ត្រី បានធ្វើឱ្យមានការចាប់អារម្មណ៍ខ្ពស់ពីប្រជាពលរដ្ឋខ្មែរ។ គេក៏បានមើលឃើញផងដែរថា ការជ្រើសយកវិធីឆ្មក់ចុះតាមមូលដ្ឋាននេះ នឹងធ្វើឱ្យសម្តេចទទួលបានព័ត៌មានពិតជាក់ស្តែងទាំងឡាយ។ ជាពិសេសមន្ត្រីថ្នាក់ក្រោមជាតិ ក៏មិនអាចភូតភរនាយករដ្ឋមន្ត្រី តាមតែរបាយការណ៍របស់ខ្លួននោះឡើយ៕