(ស្ទឹងត្រែង)៖ លោក អ៊ន់ ប៉ោសឿន ប្រធានមន្ទីរទេសចរខេត្តស្ទឹងត្រែង បានបញ្ជាក់ឱ្យដឹងថា រយៈពេល ៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន វៀតណាម ខេត្តស្ទឹងត្រែង ទទួលបានភ្ញៀវទេសជាតិ និងអន្តរជាតិ ១១,២២៣នាក់ បើធៀបឆ្នាំ២០២៤ ភ្ញៀវទេសចរសរុបកើនឡើង ២,២១៤នាក់ស្មើនឹង ២៥%។
លោកប្រធានមន្ទីរទេសចរណ៍បានគូសបញ្ជាក់ថា រមណីដ្ឋាន ទេសចរធម្មជាតិ ដែលភ្ញៀវទេសចូលលេងកម្សាន្តច្រើនជាងគេ គឺរមណីយដ្ឋានអូរឫស្សីកណ្តាល, រមណីយដ្ឋានឆ្នេរខ្សាច់សេកុង និងនៅតាមតំបន់រ៉ាមសារទន្លេមេគង្គ និងមានការយកចិត្តទិកដាក់ពីសំណាក់លោក សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្ត និងថ្នាក់ដឹកនាំខេត្ត ធ្វើឱ្យសេដ្ឋកិច្ចនិងទេសចរនៅខេត្តស្ទឹងត្រែងកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃគួរឱ្យកត់សំគាល់។
រមណីយដ្ឋានឆ្នេរខ្សាច់សេកុង ដែលមានទីតាំងនៅលើវាលខ្សាច់មួយដ៏ធំ ស្ថិតក្នុងទន្លេនៃស្រុកសេសានរបស់ខេត្តស្ទឹងត្រែង បានធ្វើឱ្យអ្នកទេសចរចាប់អារម្មណ៍ក្នុងដំណើរកម្សាន្ត។
អ្នកគ្រប់គ្រងរមណីយដ្ឋាន កោះខ្សាច់សេកុង លោក ហួត វុទ្ធារ៉ា បានអះអាងថា ភ្ញៀវទេសចរ ដែលចូលមកកម្សាន្តខេត្តស្ទឹងត្រែង ក្នុងរមណីយដ្ឋានកោះខ្សាច់សេកុងមានការកើនឡើងខុសពីឆ្នាំមុនៗ។ រមណីយដ្ឋានកោះខ្សាច់សេកុង បានរៀបចំប្រព័ន្ធសុវត្ថិភាពជូនភ្ញៀវ ការពារកុំឱ្យភ្ញៀវចុះលេងទឹកជ្រៅ ដោយបោះបង្គោលចងទង់ជាសម្គាល់ មានមេក្រូហ្វូន សម្រាប់ប្រកាសជូនដំណឹងដល់ភ្ញៀវ និងមានទូកសម្រាប់ចេញជួយសង្គ្រោះនៅពេលខ្សែទឹកហូរនាំចេញក្រៅរង្វង់ហាមឃាត់។ ចំពោះបញ្ហាបរិស្ថាននោះវិញ គឺមានអ្នកបម្រើការសម្អាតនៅពេលភ្ញៀវខ្វះការទទួលខុសត្រូវ ក្នុងការបោះចោលសំរាមគ្មានសណ្តាប់ធ្នាប់។
លោក អ៊ន់ ប៉ោសឿន បានបញ្ជាក់ថា តំបន់រមណីយដ្ឋាន ដែលមានភ្ញៀវច្រើនជាងគេ គឺរមណីយដ្ឋានបុប្ផាភ្លុក ជួរចាប កោះខេ បក្សីមេគង្គ សហគមន៍អូរឫស្សីកណ្តាល ព្រះរំកិល បុរីអូរស្វាយ និងរមណីយដ្ឋានកោះខ្សាច់សេកុង ភ្ញៀវមានការកើនឡើងជាលំដាប់។
ដោយតំបន់អេកូទេសចរ សម្រស់កោះហាន សហគមន៍អេកូទេសចរណ៍ «សម្រស់កោះហាន» មានភូមិសាស្ត្រស្ថិតលើដីកោះ ក្នុងឃុំកោះស្នែង ដែលភ្ញៀវទេសចរអាចធ្វើដំណើរឆ្លងតាមស្ពានសេកុងតាមផ្លូវជាតិលេខ៧ ពីទីរួមខេត្តស្ទឹងត្រែងនិងមានចម្ងាយប្រហែល ២៤ គីឡូម៉ែត្រ ទៅដល់កំពង់ដរចម្លងសហគមន៍។ «សម្រស់កោះហាន» បានទាក់ទាញភ្ញៀវទេសចរឲ្យទៅលេងកម្សាន្ត ដោយនៅទីនោះមានទីកន្លែងទាក់ទាញជាច្រើន ដូចជា ជិះទូកមើលព្រៃលិចទឹក សត្វស្លាបទឹកទន្លេមេគង្គ និងឡើងភ្នំ, ទស្សនារូបសំណាក់ថ្មពាក់ព័ន្ធរឿងព្រេង (ថ្មកំបោរ)។
ក្រៅពីនេះ «សម្រស់កោះហាន» ក៏សក្ដិសមផងដែរសម្រាប់អ្នកចូលចិត្តរំសាយអារម្មណ៍បែបបោះតង់ មើលថ្ងៃលិច និងជិះទូកកៃយ៉ាក់តាមព្រៃលិចទឹក។ ក្រៅពី «សម្រស់កោះហាន» ដែលបានអូសទាញទេសចរពីគ្រប់មជ្ឈដ្ឋានទៅលេងកម្សាន្ត ខេត្តស្ទឹងត្រែងដែលស្ថិតនៅភូមិភាគឦសានមានព្រំប្រទល់ជាប់ប្រទេសឡាវ មានតំបន់ទេសចរណ៍ជាច្រើនកន្លែងទៀតដូចជា ទឹកជួរអូរចាប ប្រាសាទព្រះគោ ឆ្នេរខ្សាច់ចម្ការក្រូច រមណីយដ្ឋានអេកូទេសចរណ៍ភ្នំជម្រកសត្វ កោះទន្សាយតំបន់រ៉ាមសារ ឆ្នេរខ្សាច់សេកុង និងទីតាំងទាក់ទាញជាច្រើនកន្លែងទៀត ដែលបានទាញលំហូរទេសចរទៅលេងក្នុងមួយឆ្នាំៗរាប់ម៉ឺននាក់៕