(អាមេរិក)៖ ក្រោយយល់ពីឧបាយកលអាក្រក់របស់ក្រុមប្រឆាំង លោក វ៉ាយ សន្យា អនុប្រធានអតីតបក្សសង្គ្រោះជាតិប្រចាំរដ្ឋខារ៉ូលីណាខាងជើង (North Carolina) នៃសហរដ្ឋអាមេរិក បានស្ម័គ្រចិត្តចូលរួមជាសមាជិកគណបក្សប្រជាជនកម្ពុជា ដើម្បីរួមជាកម្លាំងជាមួយគណបក្សដ៏ធំមួយនេះបន្តការកសាងមាតុប្រទេសកម្ពុជា។
មិនមែនជាការចៃដន្យនោះឡើយ លោក វ៉ាយ សន្យា បានសង្កេតឃើញពីសកម្មភាពរបស់ក្រុមប្រឆាំង ដែលចេះតែនាំគ្នាប្រឆាំងរាជរដ្ឋាភិបាលស្របច្បាប់ បំផ្លាញផលប្រយោជន៍ជាតិ ផលប្រយោជន៍របស់ប្រជាពលរដ្ឋនៅក្នុងប្រទេស និងពលរដ្ឋខ្មែរនៅក្រៅប្រទេសជាដើម។
ផ្ទុយទៅវិញ លោក វ៉ាយ សន្យា មើលឃើញមកខាងរាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា គឺមានតែខិតខំកសាងប្រទេសជាតិ ខិតខំថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ សណ្ដាប់ធ្នាប់សង្គម លើកកម្ពស់ការរស់នៅរបស់ប្រជាពលរដ្ឋក្នុងប្រទេស និងព្យាយាមឱបក្រសោបពលរដ្ឋខ្មែរនៅក្រៅប្រទេស ដើម្បីពង្រឹងកម្លាំងសាមគ្គីភាពក្នុងនាមខ្មែរតែមួយ។
ដូច្នេះហើយអតីតថ្នាក់ដឹកនាំអតីតបក្សសង្គ្រោះជាតិរូបនេះ ក៏លែងជឿជាក់ទៅលើចលនាប្រឆាំងទាំងនោះតទៅទៀត ហើយក៏បានចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីរួមជាកម្លាំងជាមួយគណបក្សដ៏ធំមួយនេះបន្តការកសាងមាតុប្រទេសកម្ពុជា។
លោក វ៉ាយ សន្យា ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋក្នុងប្រទេស និងពលរដ្ឋខ្មែរនៅក្រៅប្រទេស សូមឈប់ជឿតាមការញុះញង់របស់អតីតគណបក្សប្រឆាំង ឬក្រុមប្រឆាំងតទៅទៀត ផ្ទុយទៅវិញ សូមចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា គាំទ្រការដឹកនាំប្រទេសឆ្ពោះទៅរកសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើនគ្រប់វិស័យ ដើម្បីជាប្រយោជន៍ដល់កូនចៅជំនាន់ក្រោយ៕