(កំពង់ធំ)៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង អនុប្រធានអចិន្ត្រៃយ៍គណៈកម្មការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្ត អនុប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងលោកឧត្តមសេនីយ៍ត្រី វ៉ា ចាន់កុសល ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្ត​ រួមជាមួយកម្លាំងចម្រុះមាន​មន្ត្រី​ជំនាញ​ជល​ផល​ មន្ត្រី​តំបន់រ៉ាំសា​ តំណាង​សហគមន៍​នេសាទ​ កងទ័ព​ជើង​ទឹក​វាយ​លើ​គោក​ កង​រាជ​អាវុធហត្ថ​ខេត្ត​ ព្រម​ទាំង​អាជ្ញាធរ​ដែនដី​ នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ បានចេញ​ប្រតិបត្តិការ​បង្ក្រាបបទល្មើសនេសាទ នៅតំបន់ព្រែកតាសោម ក្នុងបឹងទន្លេសាប ស្ថិតនៅក្នុងភូមិសាស្ត្រឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

លោកបានមានប្រសាសន៍ថា ដោយអនុវត្តតាមបទបញ្ជារបស់មេបញ្ជាការកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៤ និងការឯកភាពពីលោក នួន ផារ័ត្ន អភិបាលខេត្ត ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត កំពង់ធំ។ ថ្ងៃនេះកងកម្លាំងចម្រុះ បានសហការ​ជាមួយ​មន្ត្រី​រដ្ឋបាល​ជល​ផលឃុំផាត់សណ្តាយ នៃ​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ​ខេត្តកំពង់​ធំ​ ដំណើរការបង្ក្រាបបទល្មើសនេសាទដែលកំពុងមានការកើតឡើងនៅក្នុងតំបន់ព្រែកតាសោម ក្នុង​ភូមិ​សាស្ត្រ​បឹង​ទន្លេសាប ឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។

នៅ​ក្នុងឱកាសនេះ កងកម្លាំងចម្រុះ ក៏បានរុះរើកាប់បំផ្លាញរបាំងសាច់អួនលើសប្រវែងកំណត់ចំនួន ០៥របាំង ប្រវែង ១,៥០០ម៉ែត្រ, ឡុកចំនួន ១០ឡុក, លប ឬលូ ចំនួន​ ១០មាត់,បង្គោល ចំនួន​ជាង​ ១,៧០០ដើម ,និងកាប់បំផ្លាញរបាំអួនស្បៃមុង ៣របាំង ប្រវែងជាង១៨០ម៉ែត្រ, ឡុកចំនួន ០៣ឡុក, លប ឬលូ ចំនួន០៦មាត់ និងបង្គោលបោះរបាំងចំនួនជាង២០០​ ដើម។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ដែលប្រកបរបរនេសាទ ត្រូវអនុវត្តតាមច្បាប់ដែលបានកំណត់ ដើម្បីថែរក្សាពូជត្រីឱ្យបានសម្បូរឡើងវិញសម្រាប់នៅពេលខាងមុខ និងបានប្រគល់ភារកិច្ចជូនកងកម្លាំងចម្រុះទាំងអស់ ដើម្បីបន្តសកម្មភាពឱ្យដូចភ្លៀងរលឹម ក្នុងការបង្ក្រាបបទល្មើសនេសាទខុសច្បាប់ មិនឱ្យកើតមានឡេីងជាថ្មីទៀតបាន​ជាដាច់ខាត​នៅក្នុង​តំបន់​បឹងទន្លេសាប ក្នុងភូមិសាស្ត្រខេត្តកំពង់ធំបាន​ឡើយ៕