(ភ្នំពេញ)៖ លោកបណ្ឌិត សូ ណារ៉ូ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានលើកឡើងថា លោក FERDINAND R. MARCOS JR. ប្រធានាធិបតីនៃសាធារណរដ្ឋហ្វីលីពីន បានសម្តែងនូវអំណរព្រះគុណ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលទ្រង់ប្រោសព្រះរាជទានលើកលែងទោសដល់ស្ត្រីហ្វីលីពីនចំនួន ១៣រូប ដែលជាប់ពន្ធនាគារក្នុងករណីពពោះជំនួសកាលពីខែធ្នូ ឆ្នាំ២០២៤ កន្លងទៅ។
ការឱ្យដឹងបែបនេះរបស់លោកបណ្ឌិតបានធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នារាត្រីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ជុំវិញលទ្ធផលនៃការអញ្ជើញចូលរួមរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងដំណើរទស្សនកិច្ចផ្លូវរយៈពេល២ថ្ងៃ នៅសាធារណរដ្ឋហ្វីលីពីន។
លោក សូ ណារ៉ូ បានលើកឡើងថា៖ «ឯកឧត្តមប្រធានាធិបតី ហ្វីលីពីន ក៏សម្តែងនូវព្រះមហាទិគុណកត្តញ្ញូ ដឹងគុណចំពោះព្រះករុណាជាអម្ចាស់ជីវិតលើត្បូងកម្ពុជា ដែលព្រះអង្គបានព្រះរាជទានលើកលែងទោសដល់ស្ត្រីហ្វីលីពីន ចំនួន ១៣រូប ដែលបានជាប់ពន្ធនាគារក្នុងករណីពពោះជំនួស កាលពីខែធ្នូឆ្នាំ២០២៤ កន្លងទៅនេះ»។
គួរឱ្យដឹងថា ស្ត្រីពពោះជំនួសជាជនជាតិហ្វីលីពីនចំនួន ២០នាក់ដែលក្រុមទុច្ចរិតនាំចូលមកប្រទេសកម្ពុជាត្រូវបានជួយសង្គ្រោះ និងបញ្ជូនទៅប្រទេសកំណើតវិញ។ នេះបើតាមការបញ្ជាក់របស់អាជ្ញាធរហ្វីលីពីន និងថា ហ្វីលីពីនកំពុងសហការជិតស្និតជាមួយអាជ្ញាធរកម្ពុជាដើម្បីតាមវែកមុខជនដែលប្រព្រឹត្តយកមកដាក់ទោសតាមច្បាប់។
ស្ដ្រីទាំង២០នាក់ ដែលពពោះជំនួសខុសច្បាប់ទាំងនោះត្រូវបានប៉ូលិសកម្ពុជាជួយសង្គ្រោះនៅក្នុងខេត្តកណ្ដាលកាលពីថ្ងៃទី២៣ កញ្ញាកន្លងទៅ។ បើតាមស្ថានទូតហ្វីលីពីន ស្ដ្រីទាំង ២០នាក់នេះ បានចាញ់បោកជនមិនស្គាល់អត្តសញ្ញាណតាមអ៊ីនធ័រនែតនាំចេញទៅកាន់ប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ និងទីបំផុតបានមកដល់កម្ពុជាដែលមានច្បាប់ហាមឃាត់មិនឱ្យមានការពពោះជំនួស៕