(ភ្នំពេញ)៖ កម្ពុជា បានបន្តបញ្ជូនកងអនុសេនាធំកងរាជអាវុធហត្ថលេខ៨៧២ ចំនួន ៧៣នាក់ ក្នុងនោះនារីចំនួន ៣៦នាក់ ជាកងប្ដូរវេនចេញ ទៅបំពេញបេសកកម្មថែរក្សាសន្តិភាព នៅសាធារណរដ្ឋស៊ូដង់ខាងត្បូង ក្រោមក្របខ័ណ្ឌប្រតិបត្តិការថែរក្សាសន្តិភាព នៃអង្គការសហប្រជាជាតិ (UN)។ កងអនុសេនាធំកងរាជអាវុធហត្ថលេខ៨៧២ ត្រូវបានត្រួតពិនិត្យសុខភាព និងបានហ្វឹកហ្វឺនជំនាញច្បាស់លាស់មុននឹងត្រូវបានចាត់បញ្ជូនទៅបំពេញបេសកកម្មថែរក្សាសន្តិភាពនេះ។

កងអនុសេនាធំកងរាជអាវុធហត្ថលេខ២៧៨ មានចំនួន ៧៣នាក់ ក៏បានធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាដោយសុវត្ថិភាព ក្រោយពីបញ្ចប់បេសកកម្មក្រោមទង់ UN រយៈពេល១ឆ្នាំ ដោយជោគជ័យ ដោយបានបង្កើន កិត្យានុភាពកម្ពុជា នៅលើឆាកអន្តរជាតិ ដូចបណ្តាកងមុនៗ នៅសាធារណរដ្ឋស៊ូដង់ខាងត្បូង។

ថ្លែងក្នុងឱកាសក្នុងសំណេះសំណាល សិក្ខាកាមកងអនុសេនាធំរាជអាវុធហត្ថលេខ៨៧២ នារាត្រីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ, លោកឧត្តមសេនីយ៍ទោ សែម រតនា អនុប្រធានទី១ គណៈកម្មាធិការជាតិ និងជាអគ្គនាយកស្តីទី មជ្ឈមណ្ឌលជាតិរក្សាសន្តភាព បាននាំមកនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិ និងឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដល់កងកម្លាំងទាំងអស់ផងដែរ។

លោកឧត្តមសេនីយ៍ទោ សែម រតនា បានគូសបញ្ជាក់ថា៖ «កងរាជអាវុធហត្ថលេខ៨៧២ បានធ្វើយុទ្ធដំណើរទៅកាន់តំបន់បេសកកម្ម នៅសាធារណរដ្ឋស៊ូដង់ខាងត្បូង ដើម្បីបន្តអនុវត្តភារកិច្ចជាកម្លាំងរក្សាសន្តិភាព ដូចបណ្តាលកងមុនៗផងដែរ និងបានក្លាយជាគ្រួសារមួយរបស់ អ.ស.ប ដោយដៃម្ខាងជ្រោងទង់ជាតិកម្ពុជា និងដៃម្ខាងទៀតជ្រោងទង់អង្គការសហប្រជាជាតិ។ តែត្រូវគិតពីសុវត្ថិភាពជាចម្បង ជាពិសេសអំឡុងពេលអនុវត្តភារកិច្ច មិនត្រូវមើលស្រាលស្ថានការណ៍ណាមួយឡើយ»

អគ្គនាយកស្តីទី បានឱ្យដឹងថា កងកម្លាំងរាជអាវុធហត្ថមួកខៀវដែលចេញទៅចូលរួមបំពេញបេសកកម្មនៅប្រទេសស៊ូដង់ខាងត្បូង ជាកងប្តូរវេនកម្លាំងចាស់ ដែលបានបញ្ចប់បេសកកម្មរយៈពេល១ឆ្នាំ។ កម្លាំងទាំងអស់នេះ មុនចេញទៅបេសកកម្ម គឺបានធ្វើការហ្វឹកហ្វឺនបណ្តុះបណ្តាលលើកជំនាញជាច្រើន ដូចជា សិក្សាអំពីសិទ្ធិមនុស្ស សិក្សាពីប្រវត្តិរបស់ប្រទេស៊ូដង់ខាងត្បូង ការការពារជនស៊ីវិល ការការពារកុមារ ការកេងប្រវ័ញ្ញ និងការរំលោភបំពានផ្លូវភេទ ក្រមសីលធម៌របស់កងទ័ពមួកខៀវ ច្បាប់ សង្គ្រាម និងបទដ្ឋានប្រតិបត្តិការរបស់កងរាជអាវុធហត្ថ និងការទទួលខុសត្រូវរបស់មន្ត្រីអាវុធហត្ថអង្គការសហប្រជាជាតិ។

ជាមួយគ្នានេះដែរ លោកឧត្តមសេនីយ៍ទោ សែម រតនា ក៏បានធ្វើការផ្តាំផ្ញើដល់កងកម្លាំងដែលចេញទៅបំពេញបេសកកម្ម ត្រូវតែអនុវត្តឱ្យបាននូវអ្វីដែលរាជរដ្ឋាភិបាល និងមជ្ឈមណ្ឌលជាតិបានដាក់ចេញ និងគោរពឱ្យបាននូវច្បាប់របស់អង្គការសហប្រជាជាតិ។ ត្រូវរួបរួមសាមគ្គី ឯកភាពជាគ្នាជាធ្លុងមួយជាមួយយុទ្ធមិត្តគ្រប់រូប និងបង្កើនកិច្ចសហប្របត្តិការល្អជាមួយបណ្តាប្រទេសបរិច្ចាគកងកម្លាំងដែលឈរជើងក្នុងតំបន់បំពេញបេសកកម្មជាមួយ។

 លោកក៏បានកោតសសើរ និងថ្លែងអំណរគុណដល់កងទ័មួកខៀវកម្ពុជា មកពីគ្រប់កងឯកភាពទ័ព ដែលបានលះបង់ចូលរួមរក្សាសន្តិភាព នៅក្រោមឆត្ររបស់អង្គការសហប្រជាជាតិ (UN) នៅក្នុងប្រទេសកំពុងមានសង្គ្រាមស៉ីវិល។ កងទ័ពមួកខៀវកម្ពុជា មិនត្រឹមតែបានចូលរួមក្នុងការធានាសន្តិភាព ការជួយជំរុញការអភិវឌ្ឍប្រទេសជាតិ ជួយដល់ប្រជាពលរដ្ឋនៅពេលជួបគ្រោះអាសន្ននានានោះទេ ប៉ុន្តែ កងទ័ពកម្ពុជា បានលើកកម្ពស់កិត្យានុភាពរបស់កម្ពុជា នៅលើឆាកអន្តរជាតិ តាមរយៈចូលរួមនៅក្នុងតំបន់បំពេញបេសកកម្ម ក្នុងតំបន់បេសកម្មរបស់ខ្លួននៅក្រៅប្រទេស។

គួរឱ្យដឹងថា ចាប់ពីឆ្នាំ២០០៦-បច្ចុប្បន្ន មានចំនួន ៩,៨១៥នាក់ (នារី ៨៥៤នាក់) ទៅកាន់បេសកកម្មចំនួន១២ ក្នុងប្រទេសចំនួន១០ មានជាអាទិ៍៖ ស៊ូដង់ ស៊ូដង់ខាងត្បូង លីបង់ ឆាដ សាយប្រឺស ស៊ីរីម៉ាលី អាហ្រិ្វកកណ្តាល យេមែន និងកុងហ្គោ លើជំនាញបោសសំអាតមីន អាវុធហត្ថ ពេទ្យកម្រិត២ កម្ទេចគ្រាប់មិនទាន់ផ្ទុះ វិស្វកម្មព្រលានយន្តហោះ វិស្វកម្មសំណង់ផ្តេក-បញ្ឈរ នាយទាហានសេនាធិការ និងសង្កេតការណ៍។

កម្ពុជា កំពុងមានភាពលេចធ្លោក្នុងការបញ្ជូនមេកងជានារី ចំនួន៣នាក់ ទៅកាន់តំបន់បេសកកម្ម រួមមាន៖ សាធារណរដ្ឋអាហ្រ្វិកកណ្តាល លីបង់ និងស៊ូដង់ខាងត្បូង។​​ ​បច្ចុប្បន្ន កម្លាំងកម្ពុជាកំពុងបំពេញបេសកកម្ម មានចំនួន ៦២៧នាក់ ក្នុងនោះ នារីចំនួន ១៣១នាក់ ស្មើនឹង ២០.៩% ក្នុងប្រទេសចំនួន៥ គឺស៊ូដង់ខាងត្បូង លីបង់ អាហ្រ្វិកកណ្តាល និងកុងហ្គោ។ តាមការវាយតម្លៃរបស់ អ.ស.ប នាខែមីនា ឆ្នាំ២០២៤ កម្ពុជាទទួលបានលំដាប់លេខរៀងទី២ លើ១១៩ប្រទេស ដែលបរិច្ចាគកងកម្លាំង។ រីឯការចូលរួមរបស់នារីទទួលបានលេខរៀងទី១៤ លើ១១៩ ប្រទេសដែលបរិច្ចាគកងកម្លាំងចំណែកក្នុងអាស៊ាន កម្ពុជាបន្តទទួលបានលេខ៣ រីឯនារីបន្តទទួលបានលេខ២៕