(កំពង់ធំ)៖ នាព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥ លោក ទិត សុធា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់ស្វាយ និងក្រុមការងារ បានសហការសម្របសម្រួលដឹកនាំវេជ្ជបណ្ឌិត និងក្រុមគ្រូពេទ្យទាំងខ្មែរ និងបរទេសរបស់អង្គការព័ន្ធកិច្ចគ្រឹស្តបរិស័ទកម្ពុជាប្រមាណ៤០នាក់ ចុះពិនិត្យព្យាបាលជំងឺទូទៅ វាស់ភ្នែក ចែកថ្នាំពេទ្យ និងវ៉ែនតា ដោយឥតគិតថ្លៃជូនដល់ប្រជាពលរដ្ឋ លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សជាង២ពាន់នាក់។

កម្មវិធីចុះពិនិត្យព្យាបាលជំងឺនេះ បានប្រារព្ធធ្វើឡើងរយៈពេល២ថ្ងៃ គឺនៅថ្ងៃទី១៤-១៥ ខែកុម្ភៈ ឆ្នាំ២០២៥ នៅក្នុងបរិវេណសាលាអនុវិទ្យាល័យព្រៃព្រាលស្ថិតនៅឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដោយមានការ ចូលរួមពីលោកស្រី មៀច សុភាព, លោក សេង សាវន, លោក ទេពកេន វណ្ណកន, លោក អ៊ឹង មុល្លីវណ្ណ ជាអនុប្រធាន និងសមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់ស្វាយ លោក ថន ពុទ្ធា អភិបាលរងស្រុក លោក ហ៊ុន សុខុម ប្រធានអង្គការព័ន្ធកិច្ចគ្រិស្តបរិស័ទកម្ពុជានិងសហការី ក្រុមប្រឹក្សាឃុំត្រពាំងឬស្សី លោកគ្រូអ្នកគ្រូ ក្រុមយុវជន ស.ស.យ.ក. ប្អូនៗសិស្សានុសិស្ស និងអាជ្ញាធរដែនដីនៅមូលដ្ឋានជាច្រើននាក់។

ក្នុងនាមលោក វង្សី វិស្សុត ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ, លោក ទិត សុធា បានថ្លែងអំណរគុណក្រុមគ្រូពេទ្យជំនាញរបស់អង្គការព័ន្ធកិច្ចគ្រិស្តបរិស័ទ និងចាត់ទុកការចុះពិនិត្យព្យាបាលជំងឺទូទៅ នាឱកាសនេះថា ជាកិច្ចសហការដ៏ល្អរវាងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ជាមួយនិងអង្គការសមាគម ដើម្បីបម្រើប្រជាជននៅក្នុងមូលដ្ឋាន។

លោក ទិត សុធា បានបន្ថែមថា ការផ្តល់សេវាពិនិត្យ ព្យាបាលជំងឺទូទៅនាពេលនេះ គឺជាលើកទី២ហើយ ក្នុងស្រុកកំពង់ស្វាយ ដែលកាលពីអំឡុងដើមខែសីហា ឆ្នាំ២០២៤កន្លងទៅ ក្រុមគ្រូពេទ្យនៃអង្គការគ្រិស្តបរិស័ទកម្ពុជា បានចុះទៅព្យាបាលជំងឺទូទៅ នៅក្នុងឃុំកំពង់ស្វាយដែលមានប្រជាពលរដ្ឋចូលរួមប្រមាណ៣ពាន់នាក់។

លោក ទិត សុធា បានថ្លែងថា រាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភាដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញនូវគោលនយោបាយច្បាស់លាស់ដោយផ្តោតជាអាទិភាព គឺការពង្រឹងសុខភាពសកល តាមរយៈការបង្កើន ចំនួនគ្រូពេទ្យ និងពង្រឹងសមត្ថភាពគ្រូពេទ្យ ជាមួយនឹងការបំពាក់នូវឧបករណ៍សម្ភារៈទំនើបៗ ដើម្បីការពិនិត្យ ព្យាបាលជូនប្រជាពលរដ្ឋនៅទូទាំងប្រទេស។

ទោះយ៉ាងណា សកម្មភាពមនុស្សធម៌ ការផ្តល់ការអប់រំផ្នែកសុខភាព និងការពិនិត្យព្យាបាលជំងឺទូទៅ ការវាស់ភ្នែក និងចែកវែនតា ដោយក្រុមវេជ្ជបណ្ឌិតនាឱកាសនេះ គឺជាសកម្មភាពមនុស្សធម៌ដ៏សំខាន់របស់អង្គការ គ្រិស្តបរិស័ទកម្ពុជា ក្នុងន័យរួមចំណែកជាដៃគូជាមួយរាជរដ្ឋាភិបាលក្នុងការកសាងអភិវឌ្ឍប្រទេស និងការជួយផ្តល់សេវាសុខាភិបាលដល់ប្រជាពលរដ្ឋនៅតាមទីជនបទ ជាសកម្មភាពនៃជាការជួយចំគោលដៅ បន្ថែមលើការផ្តល់សេវាពិនិត្យព្យាបាលជំងឺដែលមានស្រាប់នៅតាមមណ្ឌលសុខភាពនៅតាមមូលដ្ឋាននិងក៏ជាការបង្ហាញនូវការយកចិត្តទុកដាក់ខ្ពស់ដល់ការពង្រឹងសុខុមាលភាពរបស់ប្រជាជននៅតាមសហគមន៍ផងដែរ។

នារយៈពេលកន្លងមកនេះ តាមរយៈសកម្មភាពការងាររបស់វេជ្ជបណ្ឌិតជំនាញ និងក្រុមគ្រូពេទ្យផ្នែកគ្លីនិកចល័តរបស់អង្គការព័ន្ធកិច្ចគ្រិស្តបរិស័ទកម្ពុជា បានចុះទៅពិនិត្យ និងព្យាបាលជំងឺទូទៅដោយឥតគិតថ្លៃ ក៏ដូចជាបានធ្វើការងារមនុស្សធម៌ ផ្តល់ជំនួយចិញ្ចឹមកុមារកំព្រា ផ្តល់សេវាពិនិត្យ ព្យាបាលជំងឺ វាស់ភ្នែក ចែកថ្នាំ ឱសថ និងចែកវ៉ែនតាជូនប្រជាពលរដ្ឋបានជាច្រើនគ្រួសារនៅទូទាំងប្រទេស។

ក្នុងការចុះបំពេញភារកិច្ចផ្នែកគ្លីនិចចល័តម្តងៗរបស់អង្គការព័ន្ធកិច្ចគ្រឹស្តបរិស័ទ មានប្រជាពលរដ្ឋចូលរួមពិនិត្យ និងព្យាបាលជំងឺកន្លែងខ្លះប្រមាណជាង២ពាន់នាក់ ហើយដែលកិច្ចការមនុស្សធម៌ទាំងនេះ កើតចេញពីជំនួយបានមកពីព្រះវិហារ សកម្មភាពកៀងគរថវិកាពីបរទេស និងតាមរយៈការរៀបចំសិក្ខាសាលាជួបជុំគ្នានៃពួកគ្រិស្តបរិស័ទទាំងនៅក្នុងនិងនៅក្រៅប្រទេស៕