(កំពង់ធំ)៖ លោក នួន ផារ័ត្ន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជានកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ បានអញ្ជើញផ្សព្វផ្សាយលទ្ធផល នៃសន្និបាទគណៈកម្មាធិការកណ្តាល លើកទី៤៥ អណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា នៅស្នាក់ការគណបក្សប្រជាជនកម្ពុជា ដល់សមាជិក សមាជិកាគណបក្សជាង២០០នាក់ នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥។
បន្ទាប់ពីបានស្តាប់សេចក្តីជូនដំណឹងស្តីពីលទ្ធផលសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤៥ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជារួចមក, លោក នួន ផារ័ត្ន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារ និងមន្រ្តីគណបក្សគ្រប់ថ្នាក់នៅមូលដ្ឋាន ដែលបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត ស្មារតី និងធនធានផ្ទាល់ខ្លួនបម្រើប្រជាពលរដ្ឋសម្រេចបានសមិទ្ធផលគួរជាទីមោទនៈ ក្នុងរយៈពេលកន្លងមកនេះ។
លោកបានលើឡើងថា អង្គសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤៥ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា បានវាយតម្លៃចំពោះដំណើរការនៃការកែទម្រង់ និងការពង្រឹងអភិបាលកិច្ច ស្របតាមអភិក្រម ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់ជាពិសេសតាមរយៈការអនុវត្តវិធានការគន្លឹះទាំង៥ បានធ្វើឱ្យមានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ក្នុងការកសាងរដ្ឋបាលសាធារណៈប្រកបដោយសមត្ថភាព និងភាពស្អាតស្អំ, ការកសាងធនធានមនុស្ស ប្រកបដោយចំណេះដឹង ចំណេះធ្វើ គុណធម៌ និងកាយសម្បទា, ការពង្រីកវិសាលភាព និងប្រសិទ្ធភាពនៃប្រព័ន្ធគាំពារសង្គម, ការបង្កើតការងារ និងជំរុញផលិតកម្ម ព្រមទាំងការពង្រឹងសន្តិសុខ សុវត្ថិភាព និងយុត្តិធម៌សង្គម។
លោកបានដាក់ចេញទិសដៅរបស់សន្និបាតឆ្នាំ២០២៥ ក្នុងការពង្រឹងធ្លុងមហាសាមគ្គីជាតិក្រោមដំបូងរដ្ឋធម្មនុញ្ញ ការពាររឹងមាំឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា ការពារដាច់ខាត សុខសន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខជាតិ មិនឱ្យកម្លាំងអមិត្ត ឬក្រុមជ្រុលនិយមណាមកបំផ្លាញការអភិវឌ្ឍ និងសេចក្តីសុខរបស់ប្រជាជនបានឡើយ។
លោកបានផ្តាំផ្ញើសមាជិក សមាជិកាគណបក្ស និងគណបក្សគ្រប់ថ្នាក់ គ្រប់ផ្នែកត្រូវយកចិត្តទុកដាក់ ការងារជាអាទិភាព៖
ទី១៖ ពង្រឹងការកសាងគណបក្សឃុំឱ្យបានរួចរាល់នៅក្នុងឆ្នាំ២០២៥
២៖ ពង្រឹងសាមគ្គីភាពឯកភាពផ្ទៃក្នុងតាមបណ្ដាឃុំ សង្កាត់ ក្រុង ស្រុកឱ្យបានល្អ
៣៖ ការងារពង្រឹងរចនាសម្ព័ន្ធចាត់តាំងបក្ស ការងារចិញ្ចឹមចលនានៅមូលដ្ឋាន គណបក្សឃុំ ភូមិ ត្រូវពង្រឹងរចនាសម្ព័ន្ធ អង្គការចាត់តាំងបក្ស គណៈកម្មាធិការបក្សឃុំ សាខាបក្សភូមិ មណ្ឌលសកម្មភាពបក្ស ក្រុមបក្ស ក្រុមសកម្មជន របៀបរបបធ្វើការច្បាស់លាស់ និងបណ្ដុះបណ្ដាលតម្រង់ទិសវគ្គអប់រំនយោបាយទៅដល់សមាជិកបក្សឱ្យបានគ្រប់ៗគ្នា។
៤៖ ពង្រឹងកម្លាំងសមាជិកគណបក្សពិសេសរក្សាចាស់ បង្កើនថ្មី
៥៖ ពង្រឹងបង្កើនសមាសភាពក្រុមការងារចុះមូលដ្ឋានតាមបណ្ដាភូមិ ឃុំ ដោយបន្តប្រជុំជីវភាពឱ្យបានច្បាស់លាស់
៦៖ ជំរុញការងារបន្តចិញ្ចឹមចលនាមូលដ្ឋានឡើងវិញឱ្យបានជាប់ជាប្រចាំដោយពូនជ្រុំថែទាំស្រោចទឹកដាក់ជី
៧៖ ខិតខំប្រឹងប្រែងអូសទាញកម្លាំងពីខាងក្រៅ
លោកបានផ្តាំផ្ញើដល់គណៈកម្មាធិការបក្សស្រុក គណបក្សឃុំ បង្កើន និងពង្រឹងសមាជិកគណបក្សទាំងបរិមាណ គុណភាព ដោយឈរលើគោលការណ៍សាមគ្គីឯកភាពផ្ទៃក្នុង និងកិច្ចសហប្រតិបត្តិការល្អ ជាពិសេសបន្តការកសាង អភិវឌ្ឍន៍មាតុភូមិកម្ពុជានិងបន្តអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ដើម្បីលើកកម្ពស់ការចូលរួមរបស់ប្រជាពលរដ្ឋ ក្នុងការបង្ការទប់ស្កាត់បង្ក្រាបបទល្មើសនានាក្នុងសង្គម ជាពិសេសបទល្មើសលួច ឆក់ប្លន់ ល្បែងស៊ីសងខុសច្បាប់ គ្រឿងញៀនខុសច្បាប់ អំពើហិង្សាក្នុងគ្រួសារ និងក្រុមក្មេងទំនើងនៅតាមមូលដ្ឋាន៕