(ភ្នំពេញ)៖ អាហារូបករណ៍អូស្ត្រាលី ជាអាហារូបករណ៍អន្តរជាតិដ៏មានកិត្យានុភាព ដែលរដ្ឋាភិបាលអូស្ត្រាលីផ្តល់ជូនអ្នកដឹកនាំពិភពលោកជំនាន់ថ្មីដើម្បីការអភិវឌ្ឍ។ តាមរយៈការសិក្សា និងការស្រាវជ្រាវ និស្សិតជ័យលាភីអាហា រូបករណ៍នេះនឹងមាន ឱកាសក្នុងការអភិវឌ្ឍជំនាញ និងចំណេះដឹងដើម្បីជំរុញឱ្យមាន ការផ្លាស់ប្តូរ និងផ្សារភ្ជាប់ទំនាក់ទំនងរវាងប្រទេសកម្ពុជា និងប្រទេសអូស្ត្រាលីកាន់តែមានភាពយូរអង្វែង រវាងប្រជាជនកម្ពុជា ជាមួយប្រជាជនអូស្ត្រាលី។

ក្នុងនោះស្ត្រី ជនមានពិការភាព ប្រជាជនរស់នៅ និងធ្វើការនៅតាមបណ្តាខេត្តក្រៅពីទីក្រុងភ្នំពេញ ជនជាតិដើមភាគតិច ក្រុមជនជាតិភាគតិច ក្រុមអ្នកស្រឡាញ់ភេទដូចគ្នា LGBTIQA+ និងក្រុមប្រជាជនងាយរងគ្រោះផ្សេងទៀត ត្រូវបានលើកទឹកចិត្តយ៉ាងខ្លាំង ឱ្យដាក់ពាក្យស្នើសុំអាហារូបករណ៍នេះផងដែរ។ យើងក៏មានផ្តល់ជូននូវកម្មវិធីគាំទ្រដើម្បីជួយសម្រួលឱ្យបេក្ខជនទាំងនេះ ដើម្បីអាចចូលរួមដាក់ពាក្យសុំអាហារូបករណ៍នេះឱ្យស្មើភាពគ្នាផងដែរ។

នៅក្នុងឱកាសប្រកាសបើកកម្មវិធីអាហារូបករណ៍អូស្ត្រាលី ឆ្នាំ២០២៦ នាថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ លោក ដេរិក យីប ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា បានថ្លែងថា ក្នុងចំណោមបេក្ខជន ១,០០០នាក់ ដែលទទួលបាន អាហារូបករណ៍ Australia Awards Cambodia គឺមាន៦០០នាក់ជាមន្ត្រីរាជការ។ ជំនាញវិជ្ជាជីវៈដែលបេក្ខជនទទួលបានអាហារូបករណ៍ពីរដ្ឋាភិបាលអូស្ត្រាលី គឺជាជំនាញដែលនៅកម្ពុជាពុំទាន់មានបានទូលំទូលាយ ក្នុងនោះមានជំនាញហិរញ្ញវត្ថុបច្ចេកទេស បច្ចេកវិទ្យាជីវសាស្ត្រ និងបច្ចេកវិទ្យាណាណូជាដើម។

ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា ធ្លាប់បានគូសបញ្ជាក់ថា អាហារូបករណ៍អូស្ដ្រាលី ធ្វើឡើងដោយឈរលើគោលការណ៍សមធម៌ និងផ្ដោតសំខាន់ទៅលើការកសាងធនធានមនុស្ស ហើយអាហារូបករណ៍អូស្ដ្រាលី ក៏បានផ្តល់អាទិភាពដល់អ្នកងាយរងគ្រោះផងដែរ។

លោក សោម រតនា អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា ចាប់តាំងពីឆ្នាំ១៩៩៤មក មានប្រជាជនកម្ពុជាប្រមាណ ២១,៨០០នាក់ ទទួលឱកាសទៅបន្តការសិក្សានៅប្រទេសអូស្ត្រាលីគ្រប់កម្រិត និងបានត្រឡប់មកវិញជាមួយនឹងចំណេះដឹង ជំនាញ និងបណ្តាញអន្តរជាតិដែលមិនអាចកាត់ថ្លៃបាន។ លោករដ្ឋលេខាធិការ ចាត់ទុកកម្មវិធីអាហារូបករណ៍អូស្ត្រាលី គឺជាជំហានមួយសម្រាប់ការផ្លាស់ប្តូរទាំងបុគ្គល ស្ថាប័ន និងសង្គមជាតិ។

លោក សោម រតនា ចាត់ទុកកម្មវិធី Australia Award ជាកម្មវិធីមួយដែលបានផ្តល់ឱកាសស្មើគ្នាសម្រាប់ស្ត្រី និងបុគ្គលមានពិការភាព តាមរយៈការផ្តល់ឱកាសឱ្យពួកគេទទួលបានអប់រំដែលមានគុណភាពនៅក្រៅប្រទេស ដែលនេះគឺជាការលើកម្ពស់និងពង្រឹងអំណាចយ៉ាងមានប្រសិទ្ធភាព។

ទន្ទឹមគ្នានេះ លោកស្រី សុខ ច័ន្ទឆវី រដ្ឋលេខាធិការក្រសួងកិច្ចការនារី បានអរគុណរដ្ឋាភិបាលអូស្ត្រាលី និងក្រសួងអប់រំដែលបានរួមគ្នាអនុវត្តកម្មវិធីសម្រាប់អភិវឌ្ឍន៍យុវជន ពិសេសកម្មវិធីអាហារូបករណ៍អូស្ត្រាលីឆ្នាំ២០២៦ បានបើកទូលាយដល់បេក្ខជនជាស្ត្រី និងជនមានពិការភាព ដែលនេះគឺជាការចូលរួមចំណែកក្នុងការលើកកម្ពស់យេនឌ័រនៅកម្ពុជា ខណៈបច្ចុប្បន្នថ្នាក់ដឹកនាំជាស្ត្រីមាន២៧%។

សម្រាប់ឆ្នាំសិក្សា២០២៥នេះ រដ្ឋាភិបាលអូស្ដ្រាលីនឹងផ្ដល់អាហារូបករណ៍ចំនួន៦២កន្លែង ដល់និស្សិតកម្ពុជា និងសាធារណជន ដែលចំនួននេះមានការកើនឡើងជាងឆ្នាំមុនៗ ខណៈនាពេលកន្លងមកកម្មវិធីអាហារូបករណ៍អូស្ដ្រាលីមានតែ៤០ ទៅ៤៥កន្លែងប៉ុណ្ណោះ៕