(បាត់ដំបង)៖ រដ្ឋបាលខត្តបាត់ដំបង មានគម្រោងសាងសង់ «សួនតេជោសន្តិភាព» នាដើមឆ្នាំ២០២៥នេះ នៅខាងកើតស្ទឹងសង្កែ មុខវត្តកណ្តាល ស្ថិតក្នុងភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ចាប់ពីស្ពានសម្ដេចក្រឡាហោម ស ខេង ដល់ស្ពានសោហឺ (ស្ពានថ្មថ្មី) មានប្រវែង៩៩៤ម៉ែត្រ លើផ្ទៃដីសរុបចំនួន ១៦.០៧៤ម៉ែត្រក្រឡា ដើម្បីកែលម្អសួនឱ្យមានសោភ័ណភាពស្រស់បំព្រង មានផ្លូវដើរ ផ្លូវ ជិះកង់ ជាកន្លែងសម្រាប់អង្គុយលំហែអារម្មណ៍ ស្រូបខ្យល់អាកាស ហាត់ប្រាណ និងប្រែក្លាយជាទីក្រុងឆ្លាតវៃ បរិស្ថានរស់នៅល្អ និងជាទីក្រុងស៊ីវិល័យ។
«សួនគេជោសន្តិភាព» សាងសង់ឡើងក្នុងគោលបំណងដ៏ពិសិដ្ឋដើម្បីពន្យល់ និងរំលេចពីគុណតម្លៃនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន ដែលបាននាំមកនូវសុខសន្តិភាព ស្ថិរភាព ការឯកភាពជាតិពេញលេញ នាំមកនូវការអភិវឌ្ឍលើគ្រប់វិស័យ។ សួននេះនឹងក្លាយជាសំណង់ស្ថាបត្យកម្មថ្មីមួយ ដែលជាមែកធាង ចង្កោមយុទ្ធសាស្ត្រនយោបាយឈ្នះឈ្នះ ដែលបង្រួមសមល្មមទៅនឹងទំហំដើមនៃវិមានឈ្នះឈ្នះប្រកបដោយអត្ថន័យស៊ីជម្រៅ។
រដ្ឋបាលខេត្តបាត់ដំបង សូមបញ្ជាក់ថា គម្រោងសាងសង់ «សួនតេជោសន្តិភាព» គឺជាការងារបម្រើឱ្យប្រយោជន៍សាធារណៈ និងប្រជាពលរដ្ឋទូទៅក្នុងសម័យតេជោសន្តិភាព ជាដីកម្មសិទ្ធិសាធារណរបស់រដ្ឋ មិនមានការរំលោភ បំពានកម្មសិទ្ធិឯកជននោះទេ។
រដ្ឋបាលខេត្តបានគិតគូរពីសុខុមាលភាពរបស់បងប្អូនប្រជាពលរដ្ឋ ក្រោមកម្មវិធីនយោបាយយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ និងឆ្លាតវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា៕