(ស្វាយរៀង)៖ លោកវេជ្ជបណ្ឌិត គុជ ស៊ីថា ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តស្វាយរៀង និងជាប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្ត បានថ្លែងថា ឆ្លងកាត់ការចូលរួម «ទិវាអភិវឌ្ឍន៍វិជ្ជាជីវៈវេជ្ជសាស្ត្របន្ត លើកទី១៣» នេះវេជ្ជបណ្ឌិត គ្រូពេទ្យដែលបានចូលរួមទាំងអស់នឹងអាចចាប់យកធាតុចូលសំខាន់ៗដើម្បីអភិវឌ្ឈសមត្ថភាពខ្លួនឯងបន្ថែម សម្រាប់ជាប្រយោជន៍ក្នុងការអភិវឌ្ឍវិជ្ជាជីវៈសុខាភិបាលប្រកបដោយ ក្រមសីលធម៌វិជ្ជាជីវៈ និងធ្វើឱ្យការផ្តល់សេវាកាន់តែមានប្រសិទ្ធភាព គុណភាព និងសុវត្ថិភាពខ្ពស់ជូនប្រជាពលរដ្ឋ។
ការថ្លែងបែបនេះរបស់លោកវេជ្ជបណ្ឌិត គុជ ស៊ីថា ក្នុងឱកាសដែលគណៈគ្រូពេទ្យខេត្តស្វាយរៀង រួមសហការជាមួយគណៈគ្រូពេទ្យជាតិកម្ពុជា និងមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តស្វាយរៀង បានរៀបចំឡើងនូវ «ទិវាអភិវឌ្ឍន៍វិជ្ជាជីវៈវេជ្ជសាស្ត្របន្ត លើកទី១៣»នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥។
ទិវាអភិវឌ្ឍន៍វិជ្ជាជីវៈវេជ្ជសាស្ត្រ មានការចូលរួមពីសំណាក់លោកវេជ្ជបណ្ឌិត ចាន់ ដារ៉ា អនុប្រធានទី១ លោកវេជ្ជបណ្ឌិត អ៊ុំ សារ៉ុន អនុប្រធានទី២ និងលោកវេជ្ជបណ្ឌិត ទែន សាបុណ្យ អនុប្រធានទី៣ នៃក្រុមប្រឹក្សា គណៈគ្រូពេទ្យខេត្តស្វាយរៀង លោកសាស្ត្រាចារ្យជំនួយ ព្រាប ឡី ប្រធានផ្នែកវះកាត់ នៃមន្ទីរពេទ្យព្រះស៊ីហនុមណ្ឌលនៃក្តីសង្ឃឹម លោកវេជ្ជបណ្ឌិតឯកទេស គា រតនា ប្រធានអ៊ុយនីតេ សង្គ្រោះបន្ទាន់បេះដូង កំរិតធ្ងន់ នៃមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀយ។
ជាមួយគ្នានេះ លោកវេជ្ជបណ្ឌិត គុជ ស៊ីថា ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកសាស្ត្រាចារ្យ ធា គ្រុយ រដ្ឋលេខាធិកាក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យកម្ពុជា លោកសាស្ត្រាចារ្យ វេជ្ជបណ្ឌិតអនុប្រធាន អគ្គលេខាធិការ ហេរញ្ញិក សមាជិកក្រុមប្រឹក្សាគណៈគ្រូពេទ្យកម្ពុជា ព្រមទាំងសាស្រ្តាចារ្យ វេជ្ជបណ្ឌិតថ្នាក់ជាតិ និងសមាជិកទាំងអស់ដែលជានិច្ចកាលតែងតែបានគាំទ្រ សហការ និងចំណាយពេលវេលាដ៏មានតម្លៃចូលរួមសម្របសម្រួល ចែករំលែក និងទទួលយកបទពិសោធន៍ល្អៗ នាឱកាសនេះ។
សូមបញ្ជាក់ថា ពិធីនេះក៏មានការចូលរួមដោយផ្ទាល់ពីលោកវេជ្ជបណ្ឌិត អគ្គលេខាធិការ ហេរញ្ញិក សមាជិកក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្ត និងលោក លោកស្រីវេជ្ជបណ្ឌិត គ្រូពេទ្យសមាជិកគណៈគ្រូពេទ្យខេត្តស្វាយរៀង សមាជិកគណៈគ្រូពេទ្យមួយចំនួនមកពីខេត្តព្រៃវែង និងរាជធានីភ្នំពេញ សរុប ២០០នាក់ និងលោក លោកស្រីវេជ្ជបណ្ឌិត គ្រូពេទ្យ ដែលបានចូលរួមតាមរយៈប្រព័ន្ធអនឡាញ Zoom ប្រមាណជា ១,០០០ នាក់ មកពីគ្រប់បណ្តា ២៥ រាជធានី-ខេត្តផងដែរ៕