(ក្រចេះ)៖ តំបន់សេដ្ឋកិច្ចពិសេស ស្រុកស្នួល ខេត្តក្រចេះ ទាញយកកម្លាំងពលកម្មបានប្រមាណ ២០០០នាក់ ហើយ៩០% ជាជនជាតិខ្មែរ និងមានប្រាក់បៀវត្សរ៍ ចាប់ពី៣០០ដុល្លារ ដល់១០០០ដុល្លារឡើងទៅ។ នេះបើតាមការបញ្ជាក់ពីលោក ចាំង លូជឺ នាយកប្រចាំតំបន់ សេដ្ឋកិច្ចពិសេសស្នួល ខេត្តក្រចេះ មកកាន់បណ្ដាញព័ត៌មាន Fresh News នាថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥នេះ។
បច្ចុប្បន្នតំបន់សេដ្ឋកិច្ចពិសេសនេះបានដំណើរការរួចរាល់ ១០០% នៅក្នុងទំហំផ្ទៃដី ៨១៨ហិកតា ដែលអាចទទួលក្រុមហ៊ុនតូចធំរហូតដល់ទៅ៣០០ក្រុមហ៊ុន។ នេះបើតាមការបញ្ជាក់បន្ថែមពីលោក ចាំង លូជឺ នាយកប្រចាំតំបន់ សេដ្ឋកិច្ចពិសេសស្នួល ខេត្តក្រចេះ។
នាយកប្រចាំតំបន់ សេដ្ឋកិច្ចពិសេសស្នួល ខេត្តក្រចេះ បានឱ្យដឹងទៀតថា យ៉ាងហោចណាស់មាន១៤ក្រុមហ៊ុន និងមានទុនវិនិយោគរួមចំនួន ១១,២០០លានដុល្លារ បានមកដាក់ទុកវិនិយោគក្នុងតំបន់នេះ និងពាក់កណ្ដាលកំពុងដំណើរការ។ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនេះមាន ៣ក្រុមហ៊ុនដែលលេចធ្លោជាងគេ គឺក្រុមហ៊ុនផលិតសំបកកង់ DOUBLESTAR ក្រុមហ៊ុនផលិតឧស្ម័ន និងខ្យល់ និងក្រុមហ៊ុនកែឆ្នៃឈើ។
សូមជម្រាបថា ការមកដល់តំបន់សេដ្ឋកិច្ចពិសេស ស្រុកស្នួល ខេត្តក្រចេះនេះ គឺជាបេសកកម្មលើកទី៧ ដែលដឹកនាំដោយក្លឹបអ្នកកាសែតកម្ពុជា ដែលមានលោក ពុយ គា ជាប្រធាន។ បេសកកម្មនេះមានការចូលរួមមួយអ្នកសារព័ត៌មានជាង៥០នាក់ មកពីនាង២០ស្ថាប័ន ហើយផ្សាយចំនួន៥ភាសារួមមាន៖ ភាសាខ្មែរ បារាំង អង់គ្លេស ចិន និងវៀតណាម នឹងផ្សព្វផ្សាយលម្អិតអំពីរ៉ែ ធនធានកម្រៗ និងវិស័យកសិឧស្សាហកម្មរបស់កម្ពុជា ដែលមាននៅក្នុងខេត្តមណ្ឌលគិរី និងខេត្តក្រចេះ៕