(កំពង់ធំ)៖ លោក អ៊ិត វុទ្ធី អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ធំ បានថ្លែងថា ដើម្បីកសាងធនធានមនុស្សពោលពេញទៅដោយសមត្ថភាពបាន គឺមិនអាចកាត់ផ្តាច់បានពីការចូលរួមរបស់មាតា បិតា អាណាព្យាបាល លោកគ្រូ អ្នកគ្រូ និងមជ្ឈដ្ឋានជុំវិញខ្លួន។

ការថ្លែងបែបនេះរបស់លោកបានធ្វើឡើងក្នុងពិធីចែកវិញ្ញាបនបត្រ និងបណ្ណសរសើរដល់សិស្សឆ្នើម កម្រិតមត្តេយ្យផ្នែកភាសាអង់គ្លេសទូទៅ នៅសាលារៀន សុវណ្ណភូមិទីតាំងទី៣៨ ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥។

លោកបានបន្តថា ជាពិសេសត្រូវមានការជំរុញពីសំណាក់ មាតា បិតា អាណាព្យាបាលសិស្ស ដែលជាគ្រូទីមួយ ដើម្បីឱ្យកូនៗតូចៗ បានឆ្លងកាត់មត្តេយ្យសិក្សាដោយជោគជ័យ ត្រូវ មានសេចក្តីក្លាហាន មានទំនុកចិត្ត បំណិនប្រសព្វ ដែលជាគ្រឹះដ៏រឹងមាំ ដើម្បីបន្តការសិក្សាកម្រិត បឋមផ្តល់ភាព ងាយស្រួលដល់កូនៗ ក៏ដូចលោកគ្រូ អ្នកគ្រូ ក្នុងការរៀន និងបង្រៀនព្រោះសិស្សបានឆ្លងកាត់ដំណាក់កាលបុរេ ចំណេះដឹងដ៏ត្រឹមត្រូវ និងស្វាហាប់។

លោកបានបន្ថែមថា ការលើកកម្ពស់ធនធានមនុស្សនេះ ក៏ជាស្នូលនៃគោលដៅរបស់គោលនយោបាយជាតិ ស្តីពីការអប់រំ បណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ក្នុងការបង្កើនបាននូវកម្លាំងពលកម្ម ក្នុងព្រះរាជាណាចក្រកម្ពុជា ប្រកបដោយចំណេះដឹងសមត្ថភាពជំនាញឥរិយាបថការងារសីលធម៌វិជ្ជាជីវៈផលិតភាពខ្ពស់ និងមានលក្ខណៈប្រកួត ប្រជែងសម្រប់ការងារពេញមួយជីវិត។

លោក អុិត វុទ្ធី បន្ថែមថាការចែកវិញ្ញាបនបត្របញ្ចប់វគ្គភាសាអង់គ្លេសនាពេលនេះ បញ្ជាក់ឱ្យឃើញច្បាស់ថាសាលារៀន សុវណ្ណភូមិ ពិតជាមានការរីកចម្រើនជាលំដាប់ក្នុងការចូលរួមចំណែកទ្រទ្រង់វិស័យអប់រំនៅកម្ពុជា ឱ្យកាន់តែមាន សក្ដានុពលក្នុងការជួយជំរុញក្មួយៗបន្តទៅថ្នាក់ឧត្តមសិក្សា និងជួយសង្គមជាតិប្រកបដោយសេចក្ដីថ្លៃថ្នូរ ដែលស្រប ទៅតាមគោលការណ៍របស់ក្រសួងអប់រំយុវជននិងកីឡា។

លោក ប្រាក់ លីម នាយកសាលារៀនសុវណ្ណភូមិទីតាំងទី៣៨  ខេត្តកំពង់ធំ បានបញ្ជាក់ថា សាលារៀនសុវណ្ណភូមិ ខេត្តកំពង់ធំ បានបើកដំណើរការនៅឆ្នាំ២០២២ ដែលបច្ចុប្បន្នមានសិស្សជិត ៧០០នាក់ ផ្នែកចំណេះទូទៅខ្មែរ មានពីកម្រិតមត្តេយ្យសិក្សា ដល់ថ្នាក់ទី១២ និងមានសិស្សកំពុងរៀនថ្នាក់ទី១២ ហើយនាឆ្នាំនេះ ដែលត្រូវប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៥ ជាមួយសាលាសាធារណៈ គឺសាលារដ្ឋក្នុងខេត្តកំពង់ធំ ដែលរៀបចំដោយក្រសួងអប់រំយុវជន និងកីឡា៕